សហគមន៍ថាបទល្មើសនៅព្រៃឡង់បន្តកើតមានក្រោមរូប​ភាពដីសម្បទានសេដ្ឋកិច្ច​

ប្រជាសហគមន៍ព្រៃឡង់ (ដោយ ណាត សុភាព)

ប្រជាសហគមន៍ព្រៃឡង់ឲ្យដឹងថាបទល្មើសព្រៃឡង់នៅតែបន្តកើតមានឡើងដោយពួកគេអះអាងថាក្រុមហ៊ុនមួយចំនួនដែលកាប់បំផ្លាញឈើធ្វើក្រោមរូបភាពដីសម្បទានសេដ្ឋកិច្ចដែលរដ្ឋាភិបាលផ្តល់ឲ្យ។

ក្នុងសន្និសីទកាសែតនៅថ្ងៃចន្ទនេះបណ្តាញសហគមន៍ព្រៃឡង់ខេត្តកំពង់ធំលោក ហឿន សុភាព ថ្លែងថាក្រោយពីក្រុមសហគមន៍ចុះល្បាតបទល្មើសព្រៃឡង់៥ថ្ងៃនៅដើមខែកុម្ភៈក្នុងខេត្តចំនួន៤គឺខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំ និងខេត្តព្រះវិហារ។ លោកថាពួកគេបានរកឃើញបទល្មើសព្រៃឈើជាក់ស្តែង៤៣ករណីនិងរឹបអូសម៉ាស៊ីនរណាយន្ត១៩គ្រឿង ឈើជ្រៀករួចមាន៧៥ម៉ែត្រគូប និងឈើមិនទាន់ជ្រៀកមាន១៥៩ដើម។ ពួកគេក៏បានឃើញគល់ឈើកាប់រួចថ្មីមាន៧៨៧គល់និងការកាប់រានដីព្រៃ២៨៣ហិកតា។ លោកថាក្នុងចំណោមខេត្តទំាងនោះខេត្តកំពង់ធំមានបទល្មើសព្រៃឈើច្រើនជាងគេ។ លោក​ ហឿ​ន​ សុភាព បង្ហាញការព្រួយបារម្ភចំពោះធនធានធម្មជាតិនៅក្នុងព្រៃឡង់នោះដោយលោកថាក្រុមហ៊ុនមួយចំនួនដែលកាប់បំផ្លាញឈើបន្ទាប់ពីបានដីសម្បទានសេដ្ឋកិច្ច។ លោកបន្តថា៖ យើងឃើញបទល្មើសដែលកើតឡើង​ចេញពីក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចមួយចំនួនដែលគាត់មានអាជ្ញាប័ណ្ណដែលរដ្ឋាភិបាលផ្តល់ឲ្យគឺគាត់មានរោងចក្រ​អាឈើនៅក្នុង​តំបន់នីមួយគឺគាត់បានធ្វើសកម្មភាពកាប់ឈើនៅក្នុង​តំបន់ព្រៃឡង់ចូលមក​ក្នុង​រោងចក្រ​ ហើយគាត់ដឹក​ចេញរបៀ​បណាឬគាត់ដឹក​ចេញផ្សេងៗមានឡានធំៗដឹក​ផង​ដែរ”។

អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក អ៊ាង សុផល្លែត សុំមិនអត្ថាធិប្បាយ​លើករណីនេះដោយលោកបង្វែរសំនួរឲ្យ​ទៅសួរប្រធានរដ្ឋបាលព្រៃឈើលោក ឆេង គឹមស៊ុន វិញ។ ប៉ុន្តែVODមិនទាន់សុំការ​បំភ្លឺពីលោក ឆេង គឹមស៊ុនបានទេនៅថ្ងៃចន្ទនេះ។

បើតាមវេបសាយផ្លូវការរបស់បណ្តាញសហគមន៍ព្រៃឡង់ (www.prelang.net) បង្ហាញថាព្រៃឡង់មានទំហំ៣៦០០គីឡូម៉ែត្រក្រឡាជាប់នឹងខេត្តចំនួន៤គឺខេត្តព្រះវិហារ កំពង់ធំ ក្រចេះ និងខេត្តស្ទឹងត្រែង។

ព្រៃដ៏ធំមួយនោះមានប្រជាពលរដ្ឋរស់នៅរួមទាំងជនជាតិដើមភាគតិចផងប្រហែលជា២០ម៉ឺននាក់ដែលអ្នកទាំងនោះរស់នៅអាស្រ័យអនុផលពឹងលើព្រៃឈើក្នុងតំបន់ព្រៃឡង់នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ