ចិន​បញ្ឈប់​គម្រោង​សាង​សង់ Lotte សង​សឹក​នឹង​​កូរ៉េ​ខាង​ត្បូង​​ដំឡើង​ខែល​ការពារ​មីស៊ីល

ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង Lotte Group បាន​និយាយ​ថា អាជ្ញាធរ​ចិន​បាន​បញ្ឈប់​ការ​សាង​សង់​គម្រោង​អចលន​ទ្រព្យ​តម្លៃ​ពាន់​លាន​ដុល្លារ​មួយ នៅ​ទីក្រុង​ស៊ិនយ៉ាង ស្ថិត​នៅ​ភាគ​ឦសាន​ប្រទេស​ចិន បន្ទាប់​ពី​ការ​ត្រួត​ពិនិត្យ​ផ្នែក​អគ្គិភ័យ។ នេះដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

Reuters បាន​ដក​ស្រង់​ព័ត៌មាន​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េ​ខាង​ត្បូង ដែល​បាន​ចាត់​ទុក​ការ​ចុះ​ត្រួត​ពិនិត្យ​របស់​អាជ្ញាធរ​ចិន​ទៅ​លើ​គម្រោងអភិវឌ្ឍន៍​អចលន​ទ្រព្យ​មួយ​ថា ជា​ការ​សង​សឹក​ទៅ​នឹង​​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង ដែល​បាន​សម្រេច​ចិត្ត​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មីស៊ីល​របស់​អាមេរិក នៅ​លើ​ដី​មួយ​កន្លែង​ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន Lotte។

ដោយ​ផ្អែក​តាម​ប្រភព​ដែល​បាន​ដឹង​បញ្ហា​នេះ Reuters បាន​ចុះ​ផ្សាយ​បន្ត​ថា ចាប់​តាំង​ពី​ខែ​ធ្នូ​ឆ្នាំ​មុន អាជ្ញាធរ​ចិន​បាន​ធ្វើ​អធិការកិច្ច​ផ្នែក​អគ្គិភ័យ ត្រួត​ពិនិត្យ​ខាង​អគារ ឬ​ក៏​ស៊ើប​អង្កេត​ខាង​ពន្ធ នៅ​តាម​បណ្ដា​ទីតាំង​ជំនួញ​ភាគ​ច្រើន​របស់​ក្រុមហ៊ុន Lotte នៅ​ក្នុង​ប្រទេស​ចិន ក្នុង​នោះ​មាន​ទាំង​ហាង​លក់​ទំនិញ​ប្រហែល ១២០​កន្លង​ផង​ដែរ។ ប៉ុន្តែ Reuters បាន​បញ្ជាក់​ថា ប្រភព​នោះ មិនត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ពិភាក្សា​បញ្ហា​នេះ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ​ឡើយ ដែល​ជា​ហេតុ​នាំ​ឲ្យ​ប្រភព​បដិសេធ​បង្ហាញ​អត្ត​សញ្ញាណ។

ប្រព័ន្ធ​រ៉ាដា​ប្រឆាំង​មីស៊ីល​របស់​អាមេរិក មាន​សមត្ថភាព​​គ្រប​ដណ្ដប់​លើ​ទឹក​ដី​ចិន ហើយ​ក្រុង​ប៉េកាំង​និយាយ​ថា ប្រព័ន្ធ​ការពារ​មីស៊ីល​របស់​អាមេរិក​នេះ បាន​គំរាម​កំហែង​លើ​សន្តិសុខ​ផ្ទាល់​របស់​ប្រទេស​ចិន និង​ថា វា​មិន​អាច​កាត់​បន្ថយ​ភាព​តាន​តឹង​នៅ​ឧប​ទ្វីប​កូរ៉េ​បាន​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ