លោក ហ៊ុន សែន ព្រមានបិទស្ថាប័នមីក្រូហិរញ្ញវត្ថុ

លោក ហ៊ុន សែន (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រមានបិទស្ថាប័នមីក្រូហិរញ្ញវត្ថុណាដែលលោកចាត់ទុកថា មិនបានអប់រំអ្នកខ្ចីប្រាក់ឲ្យយល់ច្បាស់ពីរឿងបំណុលរបស់ឯកជន ហើយអាចមានការភាន់ច្រឡំនឹងបំណុល​របស់​រដ្ឋ ដោយទំនងខ្លាចប៉ះពាល់ដល់មុខមាត់គណបក្សកាន់អំណាច។

នៅក្នុងពិធី​បញ្ចុះសីមាព្រះវិហារវត្តព្រែកប្រា ក្នុងខណ្ឌច្បារអំពៅ នៅព្រឹកនេះ លោក ហ៊ុន សែន បានបញ្ជាឲ្យលោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិ ប្រាប់ទៅម្ចាស់ស្ថាប័នមី​ក្រូហិរញ្ញ​វត្ថុ ឲ្យអប់រំបុគ្គលិកថា លុយដែលពលរដ្ឋខ្ចីនោះ គឺជាលុយឯកជន ហើយ​មិនពាក់ព័ន្ធ​រដ្ឋាភិបាលនោះទេ។ លោកមានប្រសាសន៍ថា៖ «តាមគ្រឹះស្ថានទាំងអស់ ទាំងសាខា ទីស្នាក់ការ​ធំរបស់​​គាត់​ក៏ត្រូវដាក់​គឺជាគ្រឹះស្ថាន​​មីក្រូហិរញ្ញវត្ថុឈ្មោះ«ក» ជាគ្រឹះស្ថានឯកជន​មិនមែន​របស់រដ្ឋ​។​ រួចហើយត្រូវអប់រំបុគ្គលិកឲ្យនិយាយភា​សាមុនគេថា នេះជាផ្នែកឯកជនមិន​មែន​របស់​រដ្ឋ។ បើមិននិយាយអាហ្នឹងទេ គឺចាំបង្ខំ​ត្រូវបិទ។ […] បើមិនដូច្នោះទេ ពលរដ្ឋនៅតែ​យល់​ច្រឡំថា​អាហ្នឹងជារបស់រដ្ឋ ជំពាក់លុយរដ្ឋ»។

លោក​ អ៊ិន ចាន់នី ប្រធានអគ្គនាយកធនាគារ អេស៊ីលីដា មានប្រសាសន៍ថា តាមធម្មតាអ្នកដែលខ្ចីលុយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឬធានាគារ បានដឹងហើយ ព្រោះកិច្ចសន្យាបានបញ្ជាក់ច្បាស់តែលោកថា ស្ថាប័នលោកនឹងបន្តពន្យល់ទៀត។ លោកបន្តថា៖ «ក្នុងវិស័យធនាគារគឺច្បាស់លាស់ណាស់ គាត់ចូលមកធនាគារ ហើយធនាគារគឺជាធនាគារឯកជន។ មិនមែនថាមិនធ្វើអ្វីសោះទេ ព្រោះគ្រប់អ្នកខ្ចីទាំងអស់យើងតែងតែពន្យល់ នៅក្នុងកិច្ចសន្យាហ្នឹងខ្ចីប៉ុន្មាន? នៅគ្រប់កិច្ចសន្យាទាំងអស់មានវិន័យឥណនទានមុននឹងផ្តល់។ ការងារហ្នឹងសំខាន់ណាស់ត្រូវឲ្យគាត់យល់ថាអ្នកណាជាម្ចាស់បំណុល អ្នកណាជាកូនបំណុល ទាំងអស់ត្រូវតែដឹង។ យើងបន្តធ្វើកិច្ចការងារហ្នឹង»។

លោក ហ៊ុន សែន ក៏បានព្រមានផងដែរដល់គណបក្សនយោបាយមួយចំនួន ដែលលោកថាបានដើរនិយាយពីរឿងលុបបំណុលជំនួសពលរដ្ឋ។ លោកបានបញ្ជាឲ្យចាប់វាយខ្នោះនៅនឹងកន្លែង​តែម្តង​។ លោកព្រមានថា៖ «អ្នកឯងមកបោកប្រាស់អី? ព្រោះវាដើរបោក​ព្រះរាល់ថ្ងៃនេះ ថាបោះ [ឆ្នោត] ឲ្យខ្ញុំទៅ​ខ្ញុំឈ្នះខ្ញុំលុបចោល​បំណុល។​ ចឹងយើងដាក់អាហ្នឹងដាក់លេងអាហ្នឹងឲ្យធ្ងន់មើល។​ តាម​មូលដ្ឋាន​ចាប់ចងស្លាបសេកនៅហ្នឹង បញ្ជូនទៅតុលាការកាត់ទោស»។

កាលពី​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៥ ក្រសួង​សេដ្ឋកិច្ចនិង​ធនាគារជាតិ បានចេញសេចក្តីថ្លែងការណ៍ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែលមាន​អាជ្ញាប័ណ្ណ ពុំមែន​ជា​របស់​រដ្ឋ​ទេ ព្រមទាំង​ថ្កោលទោស ចំពោះ​អង្គការ​មិនមែន​រដ្ឋាភិបាល សមាគម និង​ឈ្មួញ​ឱ្យ​ខ្ចី​ចងការ​ប្រាក់​ទាំងនោះ ឱ្យ​បញ្ឈប់​ជាបន្ទាន់នូវ​សកម្មភាព​កេងប្រវ័ញ្ច​នេះ​។

​ក្រោយពីការប្រកាសរបស់ក្រសួងដូចនេះ អង្គការ​មិនមែន​រដ្ឋាភិបាលនិងសមាគម​ប្រមាណ​ជា២៤០ស្ថាប័ន ក្នុងចំណោម៤២០ស្ថាប័ន បានមក​ដាក់​ពាក្យសុំ​ចុះបញ្ជី ដើម្បី​សុំ​ការអនុញ្ញាតពី​ធនាគារជាតិ​នៃ​កម្ពុជាក្នុង​ប្រតិបត្តិការ​ផ្ដល់សេវា​ឥណទាន។

កាលពីនៅរស់ លោក កែម ឡី ជាអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមនិយាយថា តាមស្ថិតិសមាគមមីក្រូហិរញ្ញវត្ថុ បង្ហាញថា នៅក្នុងឆ្នាំ២០១៥ មានអ្នកជំពាក់លុយស្ថាប័នមីក្រូហិរញ្ញវត្ថុ ចំនួន១,៨លានបំណុល ក្នុង​ស្ថាប័នមីក្រូ​ហិរញ្ញវត្ថុតែ​៥៧ស្ថាប័ន​ជាសមា​ជិក​​។ លោកថា ចំនួនអ្នកជំពាក់បំណុលឆ្នាំ២០១៥ ​មានការកើន​ឡើង​ខ្ពស់​​បើ​ធៀប​នឹង​ឆ្នាំ២០០០​ ដែល​មានតែ​ប្រហែល ៤៨០ ០០០​បំណុល ប៉ុណ្ណោះ។

លោក កែម ឡី កាលណោះមើលឃើញថា ប្រជាពលរដ្ឋ ៩១ភាគរយ មានការ​ព្រួយបារម្ភ​ពី​លទ្ធភាព​នៃ​ការសង​បំណុល មីក្រូហិរញ្ញវត្ថុ។ ចំណែក​ប្រជាពលរដ្ឋ ៤៥ ភាគរយ ព្រួយបារម្ភ​ពី​ការ​រឹបអូស​ទ្រព្យសម្បត្តិ ដោយ​ការលក់​ផ្ទះ​និង​លក់​ដី ដើម្បី​សងបំណុល​មីក្រូហិរញ្ញវត្ថុ​វិញ៕

រាយការណ៍បន្ថែមដោយ លោក ហួត វុទ្ធី

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ