វិភាគ៖ បើបន្តយាយីអ្នកការពារសិទ្ធិមនុស្ស មិនអាចស្តារប្រជាប្រិយបក្សកាន់អំណាចបានទេ

ក្រោយការបោះឆ្នោតឆ្នាំ២០១៣ សេរីភាពបញ្ចេញមតិនិងការគោរពសិទ្ធិមនុស្សត្រូវអង្គការសិទ្ធិមនុស្សមើ​ល​ឃើ​ញថា ​បានធ្លាក់ចុះយ៉ាងគំហុក។ ចំ​​ណែ​​កអ្នក​ការពារ​សិទ្ធិ​មនុ​ស្សយ៉ាងតិច៥នាក់នៅសមាគមអាដហុកត្រូវបានចាប់ឃុំ​ខ្លួន​ បើទោះបី​មជ្ឈ​​ដ្ឋា​​​ន​មួយ​ចំនួនយល់ថា វិធាន​ការនោះជា​​​ល្បែ​ងនយោបាយក៏ដោ​យ​។

កាបិទលំហូសេរីភាពបញ្ចេញមតិ និងការចាប់ឃុំខ្លួនអ្នកការពារសិទ្ធិមនុស្ស បានធ្វើឡើង​ស្រ​ប​គ្នាទៅ​និង​កា​​រធ្លា​ក់ចុះប្រជាប្រិយភាពរបស់គណបក្សកាន់អំណាច។

បក្សកាន់អំណាចដែលធ្លាប់មានអាសនៈ៩០អាសនៈ បានធ្លាក់ចុះមកនៅត្រឹម៦៨ វិញក្រោ​យកា​របោះ​ឆ្នោ​តឆ្នាំ២​០១៣ ពោ​ល​គឺ២២អាសនៈ បានទៅលើគណបក្សសង្គ្រោះជាតិជាបក្ស​ប្រឆាំង។

ការស្ទង់មតិមួយរបស់វិទ្យាស្ថានស្រាវជ្រាវសហ​រដ្ឋអាមេរិក(IRI) ធ្លាប់​បង្ហាញថា ការធ្លាក់ចុះ​​ប្រជា​​ប្រិ​​​យ​​ភាពរបស់​បក្សកាន់អំណាចនេះ IRI​ ថា មូលហេតុមួយរកឃើញថាកើតចេញពីការំលោភសិ​ទ្ធិមនុ​ស្សនិ​ងតុ​លា​​កា​​រ​មិ​​នឯករាជ្យបង្កឲ្យមានអយុត្តិធម៌សង្គម។

ជា​ការកត់សម្គាល់ក្រុមអង្គការសង្គមស៊ីវិល ដែលត្រូវចាប់ឃុំខ្លួននោះពួកគេនូវតែបន្តជំរុញឲ្យរាជរដ្ឋា​ភិបាលគោរពសិទ្ធិមនុស្សសិទ្ធិ ធ្វើនយោបាយដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនិងកតិការសញ្ញាផ្សេងៗ ស្តី​ពី​​​​​សិ​ទ្ធិមនុស្ស ដែលកម្ពុជាបានផ្តល់សញ្ចាប័នជាមួយអង្គការសហប្រជាជាតិក្រោយកិច្ច​ព្រមព្រៀ​ងសន្តិ​ភាព​ទីក្រុ​ងប៉ារីស២៣តុលា១៩៩១។

កិច្ចព្រមព្រៀង ដែលមានប្រទេសជាហត្ថលេខី១៨​ប្រទេស​រួមទាំងមហាអំណាចទាំង៥ផង ជំរុញឲ្យកម្ពុជាអនុវត្តគោលការប្រជាធិបតេយ្យសេរីពហុបក្ស។ ប៉ុន្តែច្រើនឆ្នាំមកនេះ​ក្រុមអ្នកឃ្លាំមើលសង្គមមើលឃើញថា​ក្រោ​​​​​​​យ​​​ពីគណបក្សកាន់អំណាចធ្លាក់​ចុះប្រជាប្រិយភាពលទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជាហាក់បា​នដើថយ​ក្រោ​​​​យ​ គួឲ្យព្រួយបារម្ភ។

ប៉ុន្តែច្រើនឆ្នាំមកនេះ​ ប្រព័ន្ធយុត្តិធម៌​ ហាក់នៅតែត្រូវបានសង្គមស៊ីវិលរិះគន់ថា ជាខ្សែញាក់របស់ប​ក្សកា​ន់​អំ​ណាច។

ជាងនេះទៅទៀត ប្រធានគ្រប់គ្រងផ្នែកអង្កេតនៅអង្គការលីកាដូលោក អំ សំអាត ដែល​រងរបួ​ស​ដោ​យគេសង្ស័យថាក្រុមសន្តិសុខខណ្ឌដូនពេញជាអ្នកវាយ​កាលពីខែតុលាឆ្នាំ២០១៦ ពេលចុះឃ្លាំ​មើលអ្នក​មាន​ជម្លោះដី​ធ្លីប្រារព្វទិវាសិទ្ធិលំនៅដ្ឋានអន្តរជាតិក្នុងរាជធានីភ្នំពេញនោះ ត្រូវ​បាន​​តុលា​ការ​កោះ​​ហៅឲ្យ​ទៅឆ្លើ​យ​បំភ្លឺ ដោយសងសង្ស័យថា ប្រើហិង្សាលើសន្តិសុខខណ្ឌដូនពេញដែលវាយដំមន្រ្តីសិទ្ធិមនុស្ស​ទៅវិញ។

លោកមេធាវី ហុង គឹមសួន ពន្យល់ថា តាមនីតិវិធីសំណុំរឿងអ្នកដែលប្តឹងមុនត្រូវស្ថាប័នពាក់ព័ន្ធ​ដោះ​ស្រា​យមុន។ ប៉ុន្តែលោកថា ករណីនេះ បើតុលាការកោះ​ហៅតែមន្ត្រីសិទ្ធិមនុស្ស​ដែលរងរបួសទៅសួនាំតែមិ​នស្វែងរកជនដៃដល់ ដែលប្រើហិង្សាលើមន្ត្រីសិទ្ធិមនុស្ស មកផ្តន្ទាទោសលោកថា ជារឿងអយុ​ត្តិធ​ម៌មួយធ្វើ​ឲ្យប៉ះពាល់កម្ពុជាទាំងជាតិនិងអន្តរជាតិ។

លោក ហុង គឹមសួន ឲ្យដឹងទៀតថា វិធានការច្បាប់ណាមួយមិនបានផ្តល់ទំនុកចិត្តដល់មជ្ឈដ្ឋានទូទៅទេលោកថា អ្នកមិនដែលមិនពេញចិត្តទាំងនោះក៏និងមិនគាំទ្រដល់ការដឹកនាំរបស់រដ្ឋាភិបាលដែរ។

លោកាថា៖ «ប្រជាពលរដ្ឋទាំងអស់គ្មានមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់។ ហើយបើសំអាងលើច្បាប់សំអាងលើតុលាការឯករាជ្យហើយបែជាមិនឯករាជ្យវិញអាហ្នឹងប្រជាពលរដ្ឋអស់ជំនឿមិនដឹងថាទៅពឹងលើស្អីទៅវិញ។ ហើយកិត្តិយស៌របស់កម្ពុជារបស់ថ្នាក់ដឹកនាំនៅលើឆាកអន្តរជាតិហ្នឹងវាអត់មានអីល្អទេវាមានតែអា​​ប់មុខអាប់មាត់ទៅទៀតហ្នឹង»

អ្នកឯកទ្ទេសវិទ្យាសស្ត្រនយោបាយនិងអភិបាលកិច្ច លោក ចាន់ វិបុល លើកឡើងថា បើគេពិនិត្យ​ពីរូប​ភាព​វីដេអូដែលបានបង្ហោះតាមបណ្តាញសង្គមពេលផ្ទុះហិង្សានោះ លោកថា គេសង្កេ​រឃើ​ញ​​​ភា​គីអាជ្ញា​ធរវា​យទៅលើក​ក្រុមអ្នកតវ៉ា។

ប៉ុន្តែលោ​កថា បើពិនិត្យលើដីកា​កោះ វាអយុត្តិធម៌ធ្ងន់ធ្ងទៅសម្រា​ប់សម្ត្រីសិទ្ធិមនុស្ស និងអ្នករងគ្រោះ​ដទៃ​ទៀតរួចបាត់ទៅ ហើយដោយលោកថា ដីកាកោះនោះ​បាន​ប​ង្គាប់​ឲ្យ​មន្ត្រីសិ​ទ្ធិមនុស្សនិងអ្នក​របួសផ្សេ​​ងទៀ​តចូលទៅបំភ្លឺក្នុងនាមជាអ្នកប​ង្កហិ​ង្សាលើ​សន្តិសុខខណ្ឌទៅវិញ។

លោក ចាន់ វិបុល វិភាគទៀតថា កត្តាមួយទៀតអង្គការលីកាដូបានរិះគន់រដ្ឋាភិបាលចំៗ ទៅលើ​ការ​រំលោភសិទ្ធិមនុស្សអំពើពុករលួយ និងការប្រើប្រាស់តុលាការជាខ្សែញាក់គំរាមដល់សំឡេងរិះ​គន់រ​ដ្ឋាភិ​បាល​ដែលលោកថា​ ដើម្បីជាប្រយោជន៍នយោបាយបែបផ្តាច់ការនិយម។

លោកថា៖«គឺមានតែពួកនេះហើយដែលហ៊ានអញ្ចឹងពួកគាត់ត្រូវតែបង្ក្រាបដើម្បីបំបាក់ស្មារតិដល់ក្រុមហ្នឹងផងដើម្បីបំបាក់ស្មារតីដល់ក្រុមនយោបាយផ្សេងៗផងហើយបំបាក់ស្មារតីដល់អ្នកដែលហ៊ាននិយាយការពិតហើយជាពិសេសចង់បំបាក់ស្មារតីទៅដល់ប្រជាពលរដ្ឋផងដែរ»

ជាការកត់សម្គាល់មួយទៀត កម្លាំងអាជ្ញាធររបស់រដ្ឋាភិបាលរួមទាំងសន្តិសុខខណ្ឌដូនពេញផងដែល​ចុះ​ប​ង្ក្រា​បអ្នកតវ៉ាដោយសន្តិវិធីភាគច្រើនពួកគេមិនត្រូវបានមន្ត្រីតុលាការចាត់វិធានផ្លូវច្បាប់យក​ម​កផ្តន្ទា​ទោ​សនោះទេ បើទោះបីជនរងគ្រោះមានរូបភាពជាវីដេអូបង្ហាញទៅមន្ត្រីជំនាញក៏ដោយ។

ដូចជារូបភាពវីដេអូបង្ហាញពីសន្តិសុខខណ្ឌដូនពេញ​ កាន់ដំបងព្រួតគ្នាវាយទៅលើ​បុរសជិះ​ម៉ូតូជិត​ទី​លា​ន​ប្រជា​ធិ​បតេយ្យសន្តិសុខកាន់ដំបងវាយអតីតអ្នកយកព័ត៌មានវីអូឌី លោក ឡាយ សាមាន ឲ្យរបួសធ្ងន់សន្តិ​សុ​ខវាយបង្ក្រា​ប​​អ្នក​តវ៉ាដីធ្លីនៅតំបន់បឹងកក់ជាដើមបណ្តឹងមួយចំនួនត្រូវបានច្រានចោលនិងខ្លះ​ទៀ​ត​ត្រូវបាន​ទុកចោលមិនចាត់ការ។

តែផ្ទុយទៅវិញជនដៃដល់ម្នាក់ក្នុងចំណោម៣នាក់ ដែលវាយតំណាងរាស្ត្របក្សប្រឆាំងឲ្យរងរបួសធ្ងន់ក្រោ​​យទទួលទោសបានមួយឆ្នាំ ត្រូវតម្លើងឋានន្តរស័ក្តរហូតផ្កាយមួយ។ ចំណែកអ្នកដឹកនាំកម្លាំង​ចុះបង្ក្រា​បដ៏​ស​កម្ម​គឺលោក សុខ ពេញវុធ ត្រូវបានតម្លើងឋានៈទៅជាអភិបាលខណ្ឌដូនពេញ។

អ្នក​ឃ្លាំមើលពីការអភិវឌ្ឍសង្គម លោក ប៊ូ បញ្ញា វិភាគដែរថាការដែលរដ្ឋា​ភិបាលនៅ​បន្តប្រើប្រ​ព័ន្ធតុ​លា​ការធ្វើ​ជាខ្សែញាក់យាយីអ្នកការពារសិទ្ធិមនុស្សនិងយកអ្នកពូកែប្រើ​ហិង្សាដាក់ជិ​តខ្លួនបែបនេះលោ​កថា​ អា​​ចជាយុទ្ធសាស្ត្របំបែកកញ្ចក់៤ ដើម្បីបានបន្តកាន់អំណាចបែបផ្តាច់ការ។

បញ្ចក់ទាំង៤នោះ លោក ប៊ូ បញ្ញា វិភាគថាកញ្ចក់ទី១ ធ្វើឲ្យបក្សប្រឆាំ​ងចុះខ្សោយ​ទី២គំរា​មដល់សង្គ​ម​ស៊ីវិល​​ទាំងឡា​យណា ដែលហ៊ាននិយាយការពិតពីភាពអវិជ្ជមានរបស់រដ្ឋាភិបាលទី៣ គំរាមប្រ​ព័ន្ធផ្ស​ព្វ​ផ្សាយឯករាជ្យនិងទី៤ គំរាមដល់សកម្មជនដីធ្លីដែលហ៊ានប្រឆាំងនឹងការរំលោភពានដីធ្លីនិងអ្នកស្វែ​ងរក​​យុ​​ត្តិធម៌សង្គម។

លោក ប៊ូ បញ្ញា វិភាគទៀតថា​ចំណែកឯកការបន្តលើកទឹកចិត្តអ្នកប្រើហិង្សាបង្ក្រាបក្រុមអ្នកតវ៉ាលោកថា​ជា​កា​ដឹងគុណរបស់រដ្ឋាភិបាលដល់មន្ត្រីថ្នាក់ក្រោមដែលចេះជួយកា​រពារអំណាចឲ្យខ្លួនតា​មបែង​ហិង្សា​និ​យ​​​មតែ​ប៉ុណ្ណោះ។ ប៉ុន្តែលោកវិភាគថា យុទ្ធសាស្ត្របែបនេះមិនទទួលបានប្រជាប្រិយភាពទេ។

លោកថា៖«បញ្ហាចំបងដែលធ្វើឲ្យរដ្ឋាភិបាលរបស់គណបក្សប្រជាជនជនធ្លាក់ចុះប្រជាប្រិយភាពរហូតបច្ចុប្បន្នហ្នឹង គឺអយុត្តិធម៌សង្គមហ្នឹងឯង អាហ្នឹងជាគន្លឹះសំខាន់ សូម្បីតែការផ្តល់សន្ទស្សន៍ទាក់ទងនឹងអំពើពុករលួយដែលកម្ពុជាជាប់ចំណាត់ថ្នាក់អាក្រក់មែនទែនហ្នឹងឆ្នាំនេះ១៥៦ហ្នឹងក៏ទាក់ទងទៅនឹងភាពអយុត្តិធម៌សង្គមដែរជាពិសេសនីទណ្ឌភាពអីជាដើម»

ទោះជាយ៉ាងណា ក្រោយពីចូលបំភ្លឺ  លោក អំ សំអាត និងលោក ចាន់ ពុទ្ធិសក្តិ បានប្រាប់​អ្នកសារព័ត៌មានថា មន្រ្តី​តុលា​ការអះអាងថា ការកោះហៅពួកលោកទៅ​បំភ្លឺក្នុងឋានៈ​ជាជន​សង្ស័យនេះ មកពីនគរបាលធ្វើ​របាយ​ការណ៍​ភាន់​​ច្រឡំ។

លោក អំ សំអាត ឲ្យដឹងថាការបញ្ជាក់បែបនេះរបស់​មន្រ្តី​តុលាការ គឺបន្ទាប់ពី​លោកបាន​​បង្ហាញវីដេអូ​ដែល​ក្រុមសន្តិសុខបាន​វាយដំលើ​រូបលោក និង​លោក ចាន់ ពុទ្ធិស័ក្ត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ