ចិន​ប្រាប់​អាមេរិក​ឲ្យ​រំលឹក​ប្រវត្តិសាស្ត្រ​សមុទ្រ​ចិន​ខាង​ត្បូង​ឡើង​វិញ

រដ្ឋ​មន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី បាន​ថ្លែង​នៅ​ឯ​ប្រទេស​អូស្ត្រាលី​ថា សហរដ្ឋ​អាមេរិក​ត្រូវ​តែ​​រំលឹក​ឡើង​វិញ​ពី​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ខណៈ​ដែល​កិច្ច​ព្រម​ព្រៀង​នានា​ទាក់​ទង​នឹង​សង្គ្រាម​លោក​លើក​ទី ២ បាន​ចែង​ថា ទឹក​ដី​ចិន​ទាំង​ឡាយ​ដែល​ជប៉ុន​ដណ្ដើម​កាន់​កាប់ ត្រូវ​តែ​ប្រគល់​ត្រឡប់​ទៅ​ឲ្យ​ចិន​វិញ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ប្រទេស​ចិន​បាន​អាក់​អន់​ស្រពន់​ចិត្ត​ដោយសារ​តែសេចក្ដី​អត្ថាធិប្បាយ​នានា​ពី​សំណាក់​រដ្ឋបាល​ថ្មី​របស់​អាមេរិក អំពី​ដែន​ទឹក​មាន​ជម្លោះ​នោះ។

រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក លោក Rex Tillerson បាន​និយាយ​ថា គេ​មិន​គួរ​អនុញ្ញាត​ឲ្យ​ចិន​ប្រើ​ប្រាស់​សំណង់​ដែល​ចិន​សាង​សង់​នៅ​លើ​កោះ​នានា​នោះ​ឡើយ។ សេតវិមាន​ក៏​បាន​ប្ដេជ្ញា​ផង​ដែរ​ថា ​នឹង​ការពារ​ដែន​ទឹក​អន្តរជាតិ នៅ​ក្នុង​ច្រក​សមុទ្រ​យុទ្ធសាស្ត្រ​នេះ។

ទោះជាយ៉ាងណា រដ្ឋ​មន្ត្រីការពារ​ជាតិ​អាមេរិក លោក Jim Mattis កាល​ពី​សប្ដាហ៍​មុន បាន​លើក​ឡើង​ថា វិស័យ​កាទូត​គួរ​តែ​ផ្ដោត​អាទិភាព​ទៅ​លើ​សមុទ្រ​ចិន​ខាង​ត្បូង។

នៅ​លើ​វេបសាយ​របស់​ក្រសួង​ការ​បរទេស​ចិន​នៅ​ល្ងាច​ថ្ងៃ​ម្សិល​មិញ​នេះ លោក វ៉ាង យី ត្រូវ​បាន​គេ​ដក់​ស្រង់​សម្ដី​ចុះ​ផ្សាយ​ថា អាមេរិក​ត្រូវ​រៀន​ពី​ប្រវត្តិសាស្ត្រ​សង្គ្រាម​លោក​លើក​ទី ២ ឡើង​វិញ។

លោក វ៉ាង ថ្លែង​ថា សេចក្ដី​ថ្លែងការណ៍​ទីក្រុង​គែរ​ឆ្នាំ​១៩៤៣ និង​សេចក្ដី​ថ្លែងការណ៍​ទីក្រុង​ផតស្ដាម​ឆ្នាំ​១៩៤៥ បាន​ចែង​យ៉ាង​ច្បាស់​ថា ជប៉ុន​ត្រូវ​តែ​ប្រគល់​ត្រឡប់​ទៅ​ឲ្យ​ចិន​វិញ នូវ​ទឹក​ដី​ចិន​ទាំង​អស់​ដែល​ជប៉ុន​បាន​ដណ្ដើម​យក។

បើ​តាម​លោក វ៉ាង សេចក្ដីថ្លែងការណ៍​ទាំង​នោះ បាន​គ្រប​ដណ្ដប់​ទៅ​លើ​ប្រជុំ​កោះ​ណាន់ហ្សា​ផង​ដែរ ដែល​អន្តរជាតិ​ស្គាល់​ថា ប្រជុំ​កោះ​ស្ព្រាតលី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ