បទយកការណ៍៖ស្រ្តីក្នុងសេវាកំសាន្តមិនត្រឹមតែគេមិន​ឲ្យ​តម្លៃ​គឺថែម​ទាំង​រងនូវអំពើ​ហិង្សាទៀត

នារីប្រ​កប​របររកស៊ីផ្លូវភេទម្នាក់ដែល​មាន​ឈ្មោះហៅក្រៅថាផល្លី បាន​រៀ​ប​រាប់​ថា៖ខ្ញុំ​ចង់​ឲ្យគេទទួល​ស្គាល់ កុំ​ឲ្យពួកខ្ញុំ​រក​អ៊ីចឹងទៅ​កុំ​ឲ្យគេ​មក​ដេញធាក់ដេញ​ជេរ កុំឲ្យចាប់ ពួក​ខ្ញុំអត់មាន​មុខរបរអីធ្វើទេ…ឈររកច្រើនមាន​ប៉ូលិសមកជេរមកវាយ​ដំ ពួក​ជើងកាង កុំឲ្យ​ប៉ូលិសចាប់ បើ​ចាប់​គ្រាន់តែ​អប់​រំ​យើងអ៊ីចឹងទៅណា ឥឡូវចាប់ទៅព្រៃ​ស្ពឺទៀតណា

ដោយសារតែ​ជីវភាព​ក្រីក្រនិង​គ្មាន​ជំនាញ​ក្នុង​ខ្លួន​សម្រាប់​ប្រ​កបរបរចិញ្ចឹម​ជីវិតផងនោះ ផល្លី​សម្រេចចិត្តប្រ​កប​របរ​ជា​ស្រី្ត​រកស៊ីផ្លូវ​ភេទ​ដើម្បីចិញ្ចឹមជីវិត។ ផល្លីស្នើ​ឲ្យ​មហាជន​ទូទៅ​យោគយល់​ដល់ពួកនាង ​ហើយឈប់​រើស​អើស​ពួកគេ ដោយអះអាងថាការងារនេះ​មិនបាន​ទៅ​បៀតបៀន​អ្នក​ដទៃនោះទេ។

ផល្លីមានប្រសាសន៍ថា៖ “យើងទៅ​ឆក់​ប្លន់គេ​ៗវាយ​យើង អ៊ីចឹង​យើងមាន​តែ​ប្រ​កបមុខរបរហ្នឹង ព្រោះ​អីមុខរបរហ្នឹងក៏ការងារមួយ​ដែរ …គេមិន​ទទួល​ស្គាល់​យើងទេ គេ​ស្អប់​យើង គេ​ថា​ការងារ​លក់​ភេទ ​លក់​កេរម៉ែចែក​ឲ្យ អ្នក​ខ្លះ​គេដៀល​យើងទៀត​នោះ​ ប៉ុន្តែ​យើង​ប្រ​កប​មុខរបរហ្នឹង​ជាការងារ​យើងហើយ”

ផល្លីសព្វថ្ងៃមាន​អាយុ៣២ឆ្នាំនិងមាន​ស្រុក​កំណើត​ក្នុង​ខេត្ត​បាត់​ដំបង។ ផល្លីជាស្ត្រីមេម៉ាយ មាន​កូន​ប្រុសពីរនាក់ ម្នាក់​អាយុ៥ឆ្នាំនិង​ម្នាក់​ទៀត​អាយុ៦ឆ្នាំ។ ផល្លី​ឲ្យ​ដឹងថា​ខ្លួន​បាន​រៀន​សូត្រ​​ត្រឹម​ថា្នក់ទី២ ចេះ​អាន​អក្សរបាន​ខ្លះៗ។ ផល្លីមាន​ក្តីសង្ឃឹម​ថាកូនៗរបស់នាង​អាចមាន​វាសនាល្អ​នៅថ្ងៃ​អនាគតបើនាងខិតខំ​រកប្រាក់​ឲ្យ​កូន​ៗបា​ន​រៀនខ្ពង់ខ្ពស់។ ទោះយ៉ាងណា ផល្លីថានាង​មិន​បាន​ឲ្យ​កូន​ៗដឹងថា​នាង​ប្រកប​របរអ្វីដើម្បីចិញ្ចឹម​ពួកគេនោះទេ។

ផល្លីបានរៀប​រាប់​ថា៖ “ព្រោះអីកូន​សុទ្ធតែប្រុស គ្នា​ធំ​ហើយ ខ្ញុំ​ប្រាប់​ថា​ខ្ញុំទៅធ្វើការ​ហាង អីអ៊ីចឹងទៅណា ព្រោះ​អីខ្លាចមាន​ពួកម៉ាក​អីបង្អាប់អ៊ីចឹងទៅណា ខ្លាចគ្នាបាក់ទឹកចិត្តអត់បាន​រៀន ខ្ញុំ​អត់ហ៊ានប្រាប់ទេ ដល់យប់ឡើងខ្ញុំ​យកម្សៅក្រែមទៅ​លាប​នៅផ្ទះមិត្តភក្តិ។ ខ្ញុំចង់​ឲ្យ​​កូន​ធ្វើជាងឡាន ជាងម៉ូតូ បើ​យើងអាចឲ្យកូន​រៀនបាន​ខ្ពស់ចង់​ឲ្យកូន​កាន់ប៊ិចកាន់សៀវភៅ ដូចកូនគេទៅ​រៀនបាន​ខ្ពស់ មិន​ចង់បាន​អីទេ តែខ្លាចតែកូន​មិន​តាម​យើង”។ ​

ផល្លី​ឲ្យ​ដឹងពី​ដំណើរ​ដើម​ទងដែល​ធ្វើ​ឲ្យ​នាង​ចាប់​យក​របរ​រកស៊ីផ្លូវ​ភេទ​ថានាង​ប្រ​កបរបរនេះ​តាម​មិត្តភក្តិ​ និង​ម្យ៉ាង​មកពី​ផល្លី​មិន​ដឹង​ថា​ធ្វើ​អ្វីបាន​ក្រៅពី​មុខរបនេះ។​ នាង​​បន្ត​ថាមិត្ត​ភក្តិ​របស់​នាង​មាន​សង្សា​ធ្វើការ​នៅ​​តាម​ហាង​ខារ៉ាអូខេដែល​អាច​ឲ្យគាត់​ទៅ​ធ្វើការ​នៅទីនោះបាន។ ម្យ៉ាងទៀតគេ​សង្ឃឹម​ថា​របរនេះ​នឹង​អា​ច​ផ្តល់ចំណូល​ឲ្យគេ​ចិញ្ចឹម​ជីវិតបាន។

ផល្លីនិយាយទៀតថាក្នុង​រយៈពេលជាង៥ឆ្នាំ​ដែល​នាង​បាន​ប្រ​កប​របរនេះ នាងអាច​រក​កម្រៃបាន​ត្រឹម​ចិញ្ចឹម​កូននិងបង់​ថ្លៃ​ឈ្មួល​ផ្ទះទាំងខ្វះមុខខ្វះក្រោយ។ ​ នាង​​បន្តថាក្នុងមួយ​យប់​គាត់រកបាន​ចន្លោះពី​៣ម៉ឺនទៅ​៥ម៉ឺនរៀល ឬអាច​តិច​ជាង​នេះ ហើយ​អតិថិជន​របស់​នាង​ភាគ​ច្រើនជាអ្នក​រត់ម៉ូតូឌុប។

KTV-08-03-16

ផល្លីថាពួកគាត់​អាចរកប្រាក់បាន​តិច​តួចនិង​ពេល​ខ្លះ​ស្ទើរមិនបាន​សោះ ក៏​ដោយសារមាន​បញ្ហា​ប្រ​ឈមដូចជា​បញ្ហា​ក្មេងស្ទាយ​តាម​រំខាននិង​ការ​ចាប់​ខ្លួន​ពីសំណាក់សមត្ថកិច្ច។ ផល្លី​និយាយទៀតថា៖ “ហើយ​ជើងកាង​សុំ​លុយយើង​១ពាន់ ២ពាន់ យើង​អត់​ឲ្យ​ដើរតាម​យើង​រក​អីអត់បាន…រក​អត់បាន​​ប៉ូលិសដេញទៀត ហើយប៉ូលីសជេរទៀត​ឥឡូវហ្នឹង ជេរសុទ្ធតែមេសំភឹងហ្អែង​ឈរអីហ្នឹងការងារ​អីមិន​ទៅរក​ស៊ី មុខរបរត្រឹម​ត្រូវហ្អែងមិន​ទៅរកស៊ី អីអ៊ីចឹងណា”

ប្រ​ហាក់​ប្រ​ហែល​​គ្នា​នេះនារីប្រ​កប​របររកស៊ីផ្លូវភេទម្នាក់ទៀតដែលមាន​ឈ្មោះហៅក្រៅថា សុភ័គ្រ ឲ្យដឹងថាគាត់បាន​ប្រ​កបករបរនេះ​តាំងពី​អាយុ​១៣ឆ្នាំ។ នៅពេលនេះ សុភ័គ្រមាន​វ័យ​៣៧ឆ្នាំហើយ ហើយនាង​ មានគម្រោង​ឈប់​ប្រ​កប​របរនេះ​នៅ​ក្រោយ​ចូល​ឆ្នាំខ្មែរខាងមុខ ដោយសុភ័ក្រអះអាងថា​នាង និងប្តីនឹង​វិលត្រឡប់​ទៅ​រស់នៅ​ស្រុក​កំណើតឯខេត្តកំពង់ឆ្នាំ​វិញ។

សុភ័គ្រ ឲ្យ​ដឹងថា​មូល​ហេតុ​ដែល​នាំឲ្យ​នាង​ធ្លាក់​ខ្លួន​ប្រ​កបរបរនេះ ដោយសារតែ​កាលនាងនៅ​អាយុ១២​ឆ្នាំ​ត្រូវ​ឪពុក​បង្កើតចាប់​រំលោភ។ នាង​ថាដោយ​តូចចិត្ត​និង​រឿង​នេះ ខ្លួន​នាង​ក៏បាន​មក​រស់នៅ​ ​ជាមួយ​សាច់ញាតិ​ដែល​បាន​បើក​ហាងខារ៉ាអូខេនៅ​ភ្នំពេញ។​ ដោយគ្មាន​ជំនាញអ្វីក្នុងខ្លួននិង​មិន​បាន​សិក្សា​ផងនោះ សុភ័គ្រ អះអាងថា​ខ្លួន​ក៏​សម្រេចចិត្ត​ប្រ​កប​របររកស៊ីផ្លូវភេទ។

សុភ័គ្រ បន្ត​ថានៅពេល​ថ្ងៃ នាងនិងប្តីដើររើស​អេតចាយ ហើយពេល​យប់​នាងទៅ​ប្រ​កបរបរបម្រើផ្លូវ​ភេទ និងប្តីដើររើសអេតចាយដូចពេល​ថ្ងៃដែរ។ ជាមធ្យម សុភ័គ្រថា​នាង​រកប្រាក់បានក្នុង១យប់ប្រហែល២ម៉ឺនរៀល ឬ​អត់​សោះ​ក៏មាន។

សុភ័គ្របន្ថែមថា៖ ខ្ញុំ​រាល់​​ថ្ងៃ​រក​លុយ​ផង(ប្រកប​របររកស៊ីផ្លូវភេទ) ហើយខ្ញុំរើសអេតចាយ​ផង តែ​ខ្ញុំ​រើសអេតចាយតែពេល​ថ្ងៃទេ ពេល​យប់​ខ្ញុំ​រក​លុយ ជួ​ន​ខ្ញុំ​រកបាន​ជួន​អត់​អ៊ីចឹងទៅ បើ​យើងមិន​រើស​អេតចាយបណ្តើរយើងមាន​លុយ​ឯណាហូបបាយ មាន​លុយឯណា​ជួល​ផ្ទះគេ”

សុភ័គ្រលើក​ឡើងប្រហាក់ប្រ​ហែល​នឹងផល្លី​ដែរ​ថាបញ្ហា​ដែល​នាងប្រ​ឈម​នៅ​ពេល​ចេញ​ទៅ​ធ្វើការពេល​យប់​គឺ​បញ្ហា​ក្មេង​ស្ទាវ ដែល​តែងតែ​សំឡុត​គាត់​យក​ប្រាក់​។ នាង​​រៀប​រាប់ថា៖ យើង​អត់​ស្គាល់​មុខគេ​ផង​មិន​ដឹង​ថា​ប្តឹង​យ៉ាងម៉េច វាអត់មានប្រ​យោជន៍ យើងអត់​ស្គាល់មុខគេ ខ្ញុំនៅភ្នំពេញ​ចង់​ងាប់​ទៅវិញ​ហើយ​នៅមិន​ស្គាល់គេផងហ្នឹង…ខ្ញុំ​មិនមែន​មិន​ទុកចិត្តប៉ូលីសទេ​ តែខ្ញុំមិន​ស្គាល់មុខអាអ្នក​វាយខ្ញុំ​យកលុយ​ហ្នឹងបាន​ខ្ញុំ​អត់​ប្តឹង”

ទាំង​ផល្លីនិង​សុភ័គ្រ ឲ្យ​ដឹងថាអ្នក​ទាំងពីរ​ភាគច្រើន​ឈរ​ចាំភ្ញៀវ​នៅម្តុំ​វត្តភ្នំឬ​នៅ​ម្តុំ​ផ្លូវ​រថភ្លើង​ទួលគោក។ អ្នក​ទាំងពី​រ​ឲ្យដឹងថា​ការងាររបស់​ពួកគាត់ ​សង្គម​មិន​ទទួល​ស្គាល់​ថា​ជា​ការងារ​ស្របច្បាប់ តែ​អ្នក​ទាំងពីរ​អះអាងថាការ​ងារ​របស់​គាត់​មិន​បាន​ប៉ះពាល់​ដល់​អ្នក​ដទៃនោះទេ។

មន្ត្រី​កម្មវិធី​ចងក្រងសហគមន៍របស់អង្គការបណ្តាញ​ស្ត្រីរួបរួម ហៅកាត់​ថា​WNUនិងជាអតីតអ្នក​ប្រកបរបរផ្លូវរកស៊ីភេទនិយាយប្រាប់​វីអូឌី(VOD)ដោយ​ប្រើ​ឈ្មោះ​ថាស្រីម៉ៅ។ ស្រី​ម៉ៅឲ្យ​ដឹងថាអង្គការបណ្តាញ​ស្រ្តី​រួប​រួម​ជួយ​ដល់​កូនៗ​របស់​ស្ត្រី​ទាំងនេះ ដោយ​សហការ ជាមួយ​អង្គការជាដៃគូឲ្យបាន​ចូល​រៀន​នៅ​សាលារដ្ឋ។ ស្រីម៉ៅឲ្យ​ដឹងដែរថា ស្ត្រី​ប្រ​កប​របរផ្លូវភេទមិនត្រូវ​បាន​អាជ្ញាធរ​យក​ចិត្ត​ទុក​ដាក់ប៉ុន្មាន​នោះទេនៅ​ពេល​មាន​បញ្ហា ហើយ​ថែម​ទាំងរងការ​ស្តីបន្តោសពី​អាជ្ញាធរមូលដ្ឋាន​ទៀតផង​។ ស្រីម៉ៅរៀប​រាប់​បន្ត​ថា​ពេលមាន​បញ្ហាអ្វីមួយ​កើតឡើងចំពោះស្រ្តី​ទាំងនោះ អង្គការជាអ្នក​ជួយ​រៀប​ចំពាក្យបណ្តឹង ហើយពាក្យ​បណ្តឹងភាគច្រើនពាក់ព័ន្ធ​នឹងអំពើ​ហិង្សា ដែល​ភ្ញៀវបាន​ប្រើទៅ​លើ​ស្រ្តីទាំងនោះ។

អ្នក​ស្រីមានប្រសាសន៍ថា​៖ “ពេល​យើង​ទាក់ទង​ទៅ​ប៉ូលីស នៅតាម​សង្កាត់អីអ៊ីចឹងទៅគាត់​ថា ចុះ​ការងារ​អីមួយគគោក​ម៉េចមិន​ទៅ​រកស៊ី មក​ធ្វើ​អីស្រីខូច ដឹង​ហើយ​ថាស្រី​ខូចវាជួប​តែគ្រោះថ្នាក់​អ៊ីចឹង…ការងារ​រក​ស៊ី​ផ្លូវ​ភេទ​ខ្ញុំ​បញ្ជាក់​ឲ្យគាត់​ដឹង​ហើយថា​មិនមាន​ច្បាប់​ណាចែងថាខុសច្បាប់​ឬស្របច្បាប់ទេ តែ​ពួកខ្ញុំ​គិត​ថា​វាជាការងារ​មួយ​ដែល​អត់ទៅលួចឆក់​ប្លន់គេទេ គឺការ​ងារលក់​សាច់​ឈាម​ស្រស់ខ្លួន​ឯងទេ”។​

KTV-08-03-16-2

ប្រ​ធា​ន​គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះ​បណ្តាលវិជ្ជាជីវៈ និង​កិច្ចការនារី នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌល​សៀមរាប លោក​ស្រី កែ សុវណ្ណរតន៍ មាន​ប្រ​សាសន៍​ថាអាជ្ញាធរគ្រប់​លំដាប់​ថ្នាក់​មាន​តួនាទី​ដោះ​ស្រាយ​បញ្ហា​ជូនប្រ​ជពល​រដ្ឋ​ដោយ​មិន​រើសអើង។ លោក​​ស្រី​បន្ត​ថាកម្ពុជាក៏​គួរតែ​មាន​ច្បាប់​មួយ​ដោយ​ឡែក​សម្រាប់ការ​ពារ​ស្រ្តី​ប្រកប​របររកស៊ី​ផ្លូវភេទនេះ​ផងដែរ។ ទោះយ៉ាងណា លោកស្រី​ថាបើ​ទោះ​បី​ជា​មិន​ទាន់មាន​ច្បាប់​ដោយ​ឡែក​ការ​ពារស្រ្តី​ទាំងនោះ​ក៏​ដោយ ក៏​កម្ពុជាមានច្បាប់​ផ្សេងទៀតដែល​អាច​ការពារពួកគាត់បាន ដែល​លោក​ស្រី​ថា សំខាន់​អាជ្ញាធរមូល​ដ្ឋាន​ត្រូវចេះ​ឈឺឆ្អាល និង​យក​ចិត្ត​ទុកដាក់ដល់​ប្រ​ជា​ពល​រដ្ឋ។

លោក​​ស្រី​ក៏​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ពេលប្រ​មូល​ស្រ្តី​ទាំងនោះ​ទៅ​ដាក់​នៅ​មណ្ឌលអប់​រំកែប្រែគួរតែ​ផ្តល់​ឲ្យ​ពួគាត់​នូវ​អាហារគ្រប់គ្រាន់ បណ្តុះ​បណ្តាលជំនាញ​ដែលពួកគាត់​ត្រូវ​ការនិង​ផ្តល់ជាទុន​ខ្លះៗសម្រាប់ឲ្យគាត់​បើក​អាជីវកម្ម​ផ្ទាល់​ខ្លួន។ លោកស្រី​បន្ថែមថា៖ “បើ​យើងប្រ​មូលគាត់ទៅ យើង​ដឹងថាគាត់​ជាមនុស្សទន់​ខ្សោយ យើង​ត្រូវ​បណ្តុះបណ្តាលវិជ្ជាជីវៈអាណា​ដែល​គាត់​ចង់​បាន​​…ដ៏បណ្តុះ​បណ្តាល​ដល់គាត់ គាត់មានមូល​ដ្ឋាន មាន​វិជ្ជាជីវៈ​​អាចទៅប្រ​កប​របរចិញ្ចឹមជីវិតបាន ត្រូវ​ផ្តល់ទុន​ឲ្យគាត់ទៀត ខ្ញុំ​ឃើញថាបច្ចុប្បន្ន​នេះ​ធ្វើ​ឲ្យរួច​ខ្លួន ដោះស្រាយមួយពេលៗ ទម្លាប់ធ្វើចាត់វិធាន​ការ ប៉ុន្តែ​មិនមែនចាត់វិធានការ​ប្រកប​ដោយ​គុណភាព​ទេ”

ទោះ​យ៉ាងណា អ្នកនាំពាក្យ​សាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មាន​ប្រ​សាសន៍​ថាថ្វីត្បិតតែ​សព្វថ្ងៃមិនទាន់មាន​ការបណ្តុះ​បណ្តាលជំនាញ​ច្រើន​ដល់​ស្រ្តី​រកស៊ីផ្លូវភេទទាំងនោះនៅ​ក្នុងមណ្ឌលអប់រំកែរប្រែក៏​ដោយ ក៏លោក​ថាក្នុងមណ្ឌលនោះ​ក៏​មាន​បណ្តុះបណ្តាលជំនាញ​ដូចជាអ៊ុតសក់ ធ្វើសក់ និង​ធ្វើ​ម្ហូប​ ជាដើម​។ លោក​បន្តថាស្រ្តី​មួយចំនួន​ក្រោយពី​បាន​ទទួលការ​អប់​រំពី​អាជ្ញាធរ ក៏​បាន​ធ្វើ​សមាហរណកម្ម​ចូល​ក្នុង​សង្គមនិង​ចាប់​ប្រ​កប​របរផ្សេង​ដើម្បី​ចិញ្ចឹម​ជីវិត។

លោក​ឲ្យ​ដឹងទៀតថា អាជ្ញាធរមិន​ព្រងើយកន្តើយចំពោះ​អំពើ​ហិង្សាកើតលើស្រ្តី​ទាំងនោះទេ ដោយ​លោក​ថា​អាជ្ញាធរ​ជួយ​ដល់​ប្រ​ជា​ពល​រដ្ឋ​គ្រប់គ្នា។ លោក​បន្ថែមថា៖ “បើសិន​ជា​មានការ​ប្តឹងផ្តល់ អាជ្ញាធរមិន​ព្រងើយកន្តើយទេ យើង​ប្រឆាំងអំពើ​ហិង្សា​គ្រប់​រូបភាព​ទាំងអស់”

វិលទៅរកស្រ្តីរកស៊ីផ្លូវភេទ ដែលដាក់ឈ្មោះថា ផល្លី វិញ នាងសំណូមពរឲ្យ​មហាជនកុំ​រើស​អើស​ពួកគេ​ដែល​ជាអ្នក​ធ្វើការ​បម្រើសេវាកំសាន្តនេះ។ ផល្លី​បន្ថែមថា៖ “សូម​មើល​ឃើញ​ខ្ញុំ​ក្នុង​ផ្លូវ​ល្អ​ផង អ្នក​ខ្លះ​ខាក​ស្តោះ​ឲ្យ​ខ្ញុំពេល​ឃើញ​ខ្ញុំ​ចេញ​រក​ស៊ី ខ្ញុំ​អត់​ចង់​ឲ្យ​គាត់​អ៊ីចឹងទេព្រោះខ្ញុំក៏ជាមនុស្សដែរ ក្នុង​សង្គមនឹងគេ​ដែរ តែ​គ្រាន់​តែ​រកស៊ីមុខរបរខុសគ្នាអ៊ីចឹងណា”៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ