រដ្ឋាភិបាល​សម្រេច​ដោះដូរ​អភិបាល​ខេត្ត​ចំនួន​៦ក្នុងឆ្នាំ​២០១៦នេះ​

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង​ កាលពីកន្លងទៅ

មន្រ្តីក្រសួងមហាផ្ទៃឲ្យដឹងថារដ្ឋាភិបាលមានគម្រោងដូរអភិបាលខេត្តមួយចំនួន ដោយ​មន្រ្តីអះអាង​ថា​ការ​ដូរនេះដោយ​សារ​មន្រ្តីទាំងនោះ​ដល់អាយុចូលនិវត្តន៍។​

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា ប្រាប់វីអូឌី(VOD)នៅថ្ងៃអង្គារនេះថាអភិបាលខេត្តប្រមាណ​​៦រូប​នឹងត្រូវដូរចេញ​ជាបន្តបន្ទាប់នៅក្នុងឆ្នាំ​២០១៦នេះ រួមមាន​អភិបាល​ខេត្តកំពង់ធំ ខេត្តព្រះវិ​ហា​រ ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តត្បូងឃ្មុំ និងខេត្តបន្ទាយជ័យ។ លោកបញ្ជាក់ថាការដូរនេះ​ ដោយ​សារពួកគេដល់អាយុចូលនិវត្តន៍ មិនមែនពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៃ​ការ​បំពេញការងារនោះទេ​។

លោក សក់ សេដ្ឋា បន្តថារដ្ឋាភិបាលនឹងមើលអាទិភាពមន្រ្តីនៅតាម​មូលដ្ឋានសម្រាប់តំណែងអភិបាលខេត្ត​នេះ តែលោកថាប្រសិនបើរកមិនបាន រដ្ឋាភិបាល​នឹងរក​មនុស្ស​ពី​ខេត្ត​ផ្សេង​ទៅកាន់តំណែងនេះ។

បើតាមវេបសាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ លោក ស ខេង បានថ្លែងកាលពីថ្ងៃចន្ទ​ថា​រដ្ឋាភិបាល​ត្រៀមដកអភិបាលខេត្តមួយចំនួន ហើយតំណែងអភិបាលខេត្តថ្មីត្រូវបានជ្រើសរើសរួចហើយ។ លោក​បានបញ្ជាឲ្យគណៈកម្មការយេនឌ័រដើម្បីស្ត្រីជួយផ្តល់កិច្ចសហការជ្រើសរើសមន្ត្រីជាស្ត្រីត្រៀមចូលកាន់តំណែ​ងជាអភិបាលរងខេត្តផងដែរ ហើយថាបើជ្រើសរើសមិនបាននោះទេ ត្រូវទុកកន្លែងនោះឲ្យនៅទំនេរដដែលនិងរង់ចាំការជ្រើសរើសស្ត្រីថ្មីចូលទៅកាន់តំណែងបំពេញការងារភារកិច្ចនោះ។

គួរបញ្ជាក់​ថា​កាលពីថ្ងៃសុក្រសប្តាហ៍មុន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រាប់ទៅមន្រ្តីរបស់ខ្លួនក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីថាការដំឡើងតួនាទីនៅមូលដ្ឋានដូចជាអភិបាលខេត្ត ក្រុង ស្រុក នៅថ្នាក់ក្រោមជាតិគឺតម្រូវឲ្យជ្រើសរើសមន្ត្រីដែលនៅមូលដ្ឋាននោះ ដោយ​លោក​ថា​ដើម្បី​រក្សាការពារសុច្ចរិតភាព យុត្តិ​ធម៌​និងកាត់បន្ថយនូវរាល់ការថ្នាំងថ្នាក់។ នេះ​បើ​យោងតាម​អ្នកនាំពាក្យ​ទីស្តីការគណៈ​រដ្ឋមន្រ្តី លោក ផៃ ស៊ីផាន៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ