សុខ សោម៉ាវត្តី បន្ថែម​រឿង​«​៣០ថ្ងៃ» ​​​​​​ក្នុង​ពេល​ដំណឹង​​បែកប្ដី​​​ខ្ទរខ្ទារ​ខ្លាំង

នាង សុខ​ សោម៉ាវត្តី

កាល​ពី​​ដើម​ខែមិនា​មុននេះ ​តារា​សម្ដែង​​​ល្បី​ឈ្មោះ​នាង សុខ​ សោម៉ាវត្តី បាន​ទទួល​ថត​រឿង​​«​​​​៣០​ថ្ងៃ​​​»​​ថែមមួយ​រឿង​​​​ទៀត​ហើយ ​នៅ​ក្នុង​កាលៈទេសៈ​ដែល​​​ខ្សែ​ភាព​យន្ត​​​រឿង​​​ភាគទូរទស្សន៍និង​រឿង​ដុំ​​​ដែល​នាង​​បាន​ទទួល​នៅ​សល់​យ៉ាង​ណែន​​ក្នុង​ដៃ​នៅ​ឡើយ​។ ​​​​​ស្ថានភាព​សង្វាត​​ការងារ​សិល្បៈ​​របស់​នាង ត្រូវ​គេ​ឃើញ​​​កើត​ឡើងស្រប​គ្នា​​នឹង​​ដំណឹង​​​​​​កាន់តែ​បែកធ្លាយខ្លាំង​​​ថា​​នាងនិង​ស្វាមី ពិត​ជា​បាន​​​​​​​​​​លះ​​លែង​គ្នា​នៅ​​​ក្រៅ​ប្រព័ន្ធ​តុលាការ។

​​​​​ទោះជា​គ្មាន​ការសារភាព​ដោយ​ផ្ទាល់​មាត់​នៅ​ឡើយ​​ ​​ក៏​ ​សុខ​​ សោម៉ាវត្តី ​ហាក់​​បណ្ដោយ​​​ឲ្យ​ការ​​​យល់​ឃើញ​របស់​មហាជន​​​​​​​​លេច​ចេញ​​ជា​រូប​រាង​ហើយ បន្ទាប់​ពី​នាង​ចាប់​ផ្ដើ​ម​ទទួល​ការងារ​​​​ទាំង​ការ​​សម្ដែងនិង​ពិធីការិនី​​​​​​​​ ដោយគ្មាន​សម្ពាធ​​​​​​​​​​ដូច​មុន ​​ស្រប​គ្នា​នឹង​​ការ​ទម្លាយ​កាន់​តែ​ច្រើន​ថា​​​នាង​និង​​លោក ​ទូច ដាណារ៉ា ​​​ដែល​​ជា​​កូន​ប្រុសរបស់​​​​លោក​​​​​​​នាយ​ឧត្តមសេនីយ៍​ទូច ណារ៉ុថ ​នោះ ​ពិត​ជា​ចែក​​​ផ្លូវ​​គ្នា​។ អ្វីដែល​គួរ​​​ឲ្យ​កត់​សម្គាល់ គឺ​នាង​​បាន​ប្ដូរជំហរ​​​ទាត់ចោលរាល់​​​ការ​សម្ភាសន៍ នៅ​ពេល​មាន​ការ​សាក​សួរ​ថា​​​​នាង និង​​​​​​​ស្វាមីពិត​ជា​បែក​គ្នា​​ដូច​​​​​គេ​លើក​ឡើង​ឬ​យ៉ាង​ណា​។

ជាក់​ស្ដែង​​​ក្នុង​​​ពិធីក្រុង​ពាលី​ថត​រឿង​​​​​«​​​​​៣០​ថ្ងៃ​»​របស់​ផលិត​​កម្ម​មហាហង្សកាល​ពី​ថ្ងៃ​ទី​​​៤ខែមិនា​មុន​នេះ នាង​បាន​​ច្រាន​ចោលទាំង​ស្រុង​ពី​ការ​ចោទ​សួរ​​ជុំវិញ​ដំណឹង​ដែល​គេ​​បន្ត​​ទម្លាយ​ថា​ស្វាមី​របស់​​​នាង​ មិនត្រឹម​តែ​​​​បាន​​​​​​ចែក​ផ្លូវ​ជាមួយ​នាង ប៉ុន្តែក៏​មាន​​ស្នេហា​ថ្មី​នោះ​។ ​នាង​​អះ​អាង​ថា​​​​​​​​​​​សុំ​មិន​ធ្វើ​​​ការសម្ភាសន៍​​​​​ជុំវិញ​រឿង​​រ៉ាវ​​ស្នេហានោះ​ទេ បើ​ទោះ​ជា​មានការ​យល់ឃើញ​យ៉ាងមិច​​​​​​​ក៏ដោយ​។ តារា​រូប​នេះ​និយាយ​ថា​៖ “​សម្រាប់​​​រឿង​ឯកជន​ខ្ញុំ​​​សុំ​អត់​និយាយ តែ​បើ​សិល្បៈអូខេ!”

​​​​​​យ៉ាង​ណា​​ក៏​ដោយ​​នាង​បាន​អះអាង​ថា ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ នាង​នឹង​ចេញ​មុខ​​​​​​សង្វាត​ការ​​សម្ដែង​​​និងទទួល​ធ្វើ​ពិធីការិនី​​​​​​​​​​​​​​​​​​​​​​ឲ្យ​ខ្លាំងដូច​ដើម ដើម្បី​​​​​​ទទួល​បាន​ចំណូល​​ខ្ពស់​ផងនិង​ដើម្បី​បន្សល់​ទុក​​ស្នាដៃ​​មុន​ពេល​​​​​សម្រស់ធ្លាក់​ចុះ​ផង។ ​សុខ​ សោម៉ាវត្តី ​​និយាយ​ថា​​៖ “ឥឡូវ​ហ្នឹង​​អត់​មាន​​​​​​​​អារម្មណ៍​​​​​​​​ខ្វល់​រឿង​អ្នក​ណា​និយាយ​អីទេ ព្រោះការងារ​ច្រើន​​​​​ទាំង​សម្ដែងនិង​​ពិធីការិនី ចំណែក​​កូន​ខ្ញុំ​​​​​​​​គឺ​គាត់​​មានអ្នក​មើល​​ថែ​​​​​​​​ហើយ។ ​​អ៊ីចឹង​ហើយ​ទើប​ខ្ញុំ​​​​​ទទួល​បាន​ការងារ​ច្រើន​​​​​​​​​​​ប៉ុន្មាន​ខែ​ហ្នឹង​!”។

សុខ សោម៉ាវត្តី បាន​អះ​អាង​ថាបើ​​ផ្អែក​​លើស្ថា​នភាព​មមាញឹក​​គឺ​នាង​មិន​អាច​ទទួល​​​​​យក​ការ​សម្ដែង​ក្នុង​រឿង​«​​​​​​៣០​ថ្ងៃ​»របស់​ផលិត​​មហាហង្ស​បាន​ទេ ប៉ុន្តែ​មក​ពី​​​​​​​​​​​​​មើលឃើញ​ពីចំណុចខ្លាំង​របស់​​រឿង​នោះ ទើបសម្រេច​ចិត្ត​ទទួល​សម្ដែង​មួយ​រឿងទៀត។ ​​​នាង​និយាយ​ថា​៖ “​​​បើ​ឲ្យ​មាន​ពេល​គឺ​​សឹង​តែអត់មាន​​ម្មង ប៉ុន្តែ​​ម្យ៉ាង​​ផលិតករ​គាត់​ចង់​បាន​​​យើង​​​ផង ទើប​ខ្ញុំ​សម្រេច​ចិត្ត​​​​ចែក​ពេល​​​​​ទទួល​ថត​រឿង​«៣០ថ្ងៃ»មួយទៀត ប៉ុន្តែ​​ខ្ញុំ​ក៏​ភ័យដែរ​ព្រោះ​ខ្លាច​​​​ឲ្យ​ថ្ងៃ​គាត់​​​​អត់​ត្រូវ​តាម​ដែល​គាត់​ចង់​បាន​ ហើយ​ធ្វើ​​ឲ្យ​ពួកគាត់​យឺត​យ៉ាវ!”។

នាង​ថា​​ពេល​វេលា​​​​សម្រាប់​ចុះ​ថត​រឿង​នេះ ​​​នឹង​ផ្ដល់​ឲ្យ​​​​​​​​ផលិតករ​​ដោយ​ផ្អែក​តាម​ភាព​ជាក់ស្ដែង ​​ត្បិត​អី​ស្ថានភាព​​​ការងារ​របស់​នាង​គឺ​​​​​​​​​​​សឹងមិនមាន​ម៉ោង​សម្រាក​នោះ​ឡើយ​។ នាង​សារភាព​ថា​​ស្ថានភាព​សិល្បៈ​របស់​ខ្លួន​​​​​​​​​គឺ​សឹង​​​មិន​​អាច​​ឲ្យ​នាង​មាន​ពេល​​​​ចូល​ផ្ទះឬ​មើល​​ថែ​​​កូន​ស្រី​នោះ​ទេ ប៉ុន្តែ​មក​ពី​នាង​​​​មិន​ចង់​​ឲ្យ​ឱកាស​ទាំង​នោះ​របូត​ពីដៃទើប​ត្រូវតែ​ទទួល ដោយសូម្បី​តែ​ការងារ​នៅ​តម្រូវ​​ឲ្យ​នាង​ចុះ​ខេត្ត​ឆ្ងាយ​ៗ។ ​​យ៉ាង​ណា​ក៏​​ដោយ​នាង​ថានឹង​លៃ​​​ចុះ​ថត​រឿង​​«​​៣០ថ្ងៃ​»របស់​ផលិត​មហាហង្ស​​​​បាន​ចប់​តាម​គម្រោង ​​ដើម្បី​​ឲ្យ​នាង​​​​​​​មាន​ពេល​ចុះ​ថត​រឿង​ថ្មីនិង​ទទួល​ការងារ​ផ្សេង​ទៀត ដែល​​​​បាន​ទាក់​ទង​។

somavatey-2
នាង សុខ​ សោម៉ាវត្តី ថត​ជាមួយ​មិត្ត​រួមអាជីពសិល្បៈ

សុខ​ សោម៉ាវត្តី បាន​អះអាង​ថាចំណុចពិសេសក្នុង​​រឿង​​​​​​«៣០ថ្ងៃ»​ដែល​ធ្វើ​​ឲ្យ​​នាង​​​​​សុខចិត្ត​ទទួល​​​ក្នុង​ពេល​មមា​ញឹក​នេះ គឺ​​ដោយ​សារតែ​ផលិតករតម្រូវ​​​ឲ្យ​នាង​សម្ដែង​ជាតួស្រីស្អាតមាន​ចរឹក​​​​​​​​ក្រម៉ិច​ក្រមើម​​ពូកែ​​ឌឺដង​ត្រូវ​នឹង​ចរិក​ពិត​និង​​ដោយ​សារ​តែ​​ខ្សែ​រឿង​នោះចម្រុះដោយ​តារា​ល្បី​ៗ​​។ ម្យ៉ាង​មក​ពី​​ខ្សែ​រឿងនោះ​​​​​ត្រូវ​បាន​ដឹក​នាំ​សម្ដែង​ដោយ​​​​លោក​​​ ជុំ វិចិត្រ  ដែល​ធ្លាប់​ជ្រោម​ជ្រែង​ឲ្យ​នាង​ល្បី​នោះ​ផង ទើប​មិន​អាច​ប្រកែក​បាន​។

​​​​​ប្រភព​ពី​ផលិត​កម្ម​មហាហង្ស​បាន​អះ​អាង​ថា ​​ខ្សែ​រឿង«៣០ថ្ងៃ»គ្រោង​ចំណាយ​​​​​​ប្រមាណ ​​​​​​​​៥​ម៉ឺន​ដុល្លារ​អាមេរិក​​​​​និងជា​រឿងដែល​​​​គ្រោង​​​​​ដាក់​បញ្ចាំង​នៅ​អំឡុង​បុណ្យ​អុំទូក​ខាង​មុខ។ រឿង​នេះ​​​​សម្ដែង​ដោយ​​​ ​សុខ សោម៉ាវត្តី, លោក ជា សុវណ្ណនរាហ៍, នាយ​ គ្រឿន, លោក​​ប៊ីអាយជី, ​​ លោក រ៉េតបូរ៉ា(សុខពិសីកូពី), លោក ជា សំណាង, កញ្ញា ពេជ្រ ម៉ារីដា, លោក ហេង ស៊ីម៉ន, កញ្ញា ផាន់ ផាភួង, លោក អូន ឧស្សាហ៍ និង​លោក លឹម រដ្ឋា ជាដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ