អ្នក​ឃ្លាំ​មើល​ថា ​បើស្ថានការណ៍​​នយោបាយនៅតែក្តៅ ​កា​របោះ​ឆ្នោត​ពិបាក​ទទួល​យក​​

អ្នក​វិភាគពី​បញ្ហា​សង្គមនិង​អ្នក​ឃ្លាំ​មើលពី​ការ​បោះ​ឆ្នោត​ ថា​សេរីភាពនិង​យុត្តិ​ធម៌​នៃការ​បោះឆ្នោត​នាពេល​ខាង​មុខមិន​អាច​ធានា​បាន​ត្រឹម​ត្រូវ​នោះ​ទេ​ បើ​ស្ថានការណ៍​នយោបាយនៅតែមានកម្តៅដូចពេល​ចុង​ក្រោយ​នេះ​។

ខណៈដែល​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់​អាណត្តិ​​ទី​៤ និង​ការ​បោះ​ឆ្នោត​សភា​នៅ​ឆ្នាំ​២០១៨​ខាង​មុខ​នោះ​ កាន់​តែ​ជិត​ចូល​មក​ដល់ កម្តៅ​​នយោបាយ និង​ស្ថាន​ភាព​​សង្គម នៅ​កម្ពុ​ជា​ក៏​ហាក់​​កាន់​តែ​កើន​ឡើងទៅ​តាម​នោះ​ដែរ​ ​រាប់​ចាប់​តាំង​ពីរការ​លុប​ចោលមតិសំឡេង​ភាគ​តិច​និងភាគច្រើន​នៅ​ក្នុង​សភា ​ការ​​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​បក្ស​នយោបាយ ការ​លា​លែង​ពី​តំណែង​ប្រធាន​គណបក្ស​របស់​លោក​ សម​ រង្ស៊ី​ ការ​លើក​ឡើង​ពីសង្គ្រាម  និង​ប្តឹង​​​អ្នក​វិភាគដោយ​លោក​ ហ៊ុន សែន​ផង​នោះ បាន​ឲ្យធ្វើ​ឲ្យ​អ្នកវិភាគ និង​អ្នក​ឃ្លាំ​មើល​ពីការ​បោះ​ឆ្នោត​សម្តែង​ការ​ព្រួយ​បារម្ភ​ ថា​ការ​បោះ​ឆ្នោត​នាពេល​ខាង​មុខ​គឺ​ពិបាក​ក្នុង​ការ​ទទួល​យកថា​មាន​ភាព​ត្រឹមត្រូវ​​។

នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត លោក គល់​ បញ្ញា មើល​ឃើញ​ថា​ច្បាប់​ស្តីពី​បក្ស​នយោ​បាយ​ដែលត្រូវ​បានរដ្ឋសភា​អនុម័តរួច​ហើយ​នោះ​ កំពុង​ត្រៀម​ក្លាយ​ជា​ឧបករណ៍មួយ​ក្នុង​ការ​​បំបាត់​សំឡេង​​​បក្ស​នយោបាយ​ណា​មួយក្នុង​ការ​រុញ​ច្រាន​បក្ស​នោះ​ចេញពី​ការ​ប្រកួត​ប្រជែងជាមួយបក្ស​កាន់​អំណាច។ ​រូប​ភាព​នេះ​ហើយ​ដែល​លោក​ចាត់​ទុក​ថា​វា​អាច​ធ្វើ​ឲ្យ​បាត់​សំឡេងប្រឆាំង នឹង​នាំ​ឲ្យ​ការបោះ​ឆ្នោតខាង​មុខ​មិន​អាច​ធានាបាន​នូវ​ភាព​សេរី​ និងយុត្តិ​ធម៌ទេ។

លោក​ថា៖ «ការ​ចាត់​ចែង​ការ​បោះ​ឆ្នោត​យើង​ឃើញ​មាន​ការ​ចាត់​ចែង​បច្ចេក​ទេស​ឃើញ​មាន​ការ​រីក​ចំរើន​ខ្លះ​ ជា​ពិសេស​ឃើញ​មាន​ការ​ចាត់​ចែង​ការបទ​បញ្ជារ គ.ជ.ប នោះ ប៉ុន្តែ​បរិយាកាស​ដែល​នាំ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​បាន​ត្រឹម​ត្រូវ​នោះ​ យើង​នៅ​មាន​ស្ថានភាព​មួយ​ដែល​នៅ​មិន​អាច​ធានា​ការ​បោះ​ឆ្នោត​បាន​សេរីត្រឹម​ត្រូវ​ និងយុត្តិ​ធម៌​ទេ។ … ការ​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ប្រហាក់​ប្រហែល​នឹង​កីឡា​ដែរ​ការ​ប្រកួ​តហ្នឹង​គេត្រូវ​មាន​បេក្ខជន​ដែល​មាន​សក្តានុពល​ហ្នឹង គេត្រូវ​ការ​ពារ​សិទ្ធិ​គោរព​សិទ្ធិ​គេ ដើម្បី​ឲ្យ​គេ​បាន​ចូល​រួម​ពេញ​លេញបេក្ខជន​ដែល​មាន​សក្តា​នុពល​ ទាំង​គណបក្ស​កាន់​អំណាច​ និង​គណបក្ស​ប្រឆាំង»។

សម្រាប់​នាយក​ប្រតិបត្តិ​អង្គការ​និកហ្វិក លោក​ សំ គន្ធាមី​ មាន​ប្រសាសន៍​ថា ខណៈដែល​ការ​បោះ​ឆ្នោត​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​នោះប្រធាន​បក្សប្រជាជន​កម្ពុជាគឺ​លោក​ហ៊ុន សែន បាន​បញ្ចេញ​សារជា​ច្រើន​​ពី​សង្គ្រាម​ប្រសិនពុំ​មាន​វត្តមាន​លោកដឹក​នាំ​ប្រទេស​។ ​លោកគន្ធាមី យល់​​ថា​នេះជា​ការ​បំបាក់​ស្មារតី​របស់​​ប្រជា​ពល​រដ្ឋ និង​ធ្វើឲ្យ​ការ​បោះ​ឆ្នោត​ខាង​មុខ​មាន​ការ​ភ័យ​ខ្លាចច្រើន​ ធ្វើ​ឲ្យ​ពលរដ្ឋ​ដែល​មាន​គំនិត​ខ្លាចពី​សង្គ្រាម​នោះ​មិនអាចធ្វើ​ការ​សម្រេច​ចិត្ត​​បោះ​ឆ្នោត​បាន​ដោយ​សេរីនោះទេ។ ​

លោក​ថា៖ «បើ​គាត់​នៅ​តែ​ប្រើ​ភាសា​របស់គាត់​ដដែល​ៗវានឹង​ប៉ះពាល់​ដល់​ការ​ភ័យ​ខ្លាច​ Free Choice របស់​ប្រជាពល​រដ្ឋ​។ សារ​ដូចថា​វា​អាច​មាន​សង្គ្រាម​ដូច​អី​ទៅណាប្រសិន​ជា​បក្សប្រជា​ជន​ចាញ់​ឆ្នោត ឃើញ​ថា​គាត់​មាន​ប្រសាសន៍​អញ្ចឹង​ណា»។

អ្នក​ស្រាវជ្រាវពី​ការ​អភិវឌ្ឍសង្គមលោក ប៊ូ បញ្ញា ថា​លោក​មិន​មាន​ជំនឿ​ទៅ​លើ​លទ្ធផល​ឆ្នោត​នា​ពេល​ខាង​​មុខ​ប៉ុន្មាន​ទេ ព្រោះ​បរិយាកាស​នៅ​មុន​ការ​បោះ​ឆ្នោតនៅពេល​នេះ​គឺ​កំពុង​មាន​ឥទ្ធិពល​ទៅលើការសម្រេច​ចិត្ត​របស់​ប្រជា​ពល​រដ្ឋ​ក្នុង​ការ​​បោះ​ឆ្នោត​នាពេល​ខាង​មុខ​ហើយ។ លោក​លើក​ឡើង​បែប​នេះ​ព្រោះ​ការ​ថ្លែង​សារ​ពី​សង្គ្រាម​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី ការ​ធ្វើវិសោធនកម្ម​ច្បាប់ស្តីពី​បក្ស​នយោបាយ បូក​រួម​ទាំង​ស្ថាន​ភាព​រុញ​ច្រាន​ថ្មីៗ​ទៅ​លើ​បក្ស​ប្រឆាំង​នោះ​ បាន​ធ្វើ​ឲ្យប៉ះពាល់​ដល់​ការ​គិត​ និង​ការ​សម្រេច​របស់​ប្រជាពល​រដ្ឋ​រួច​ហើយ។ ​

លោក​ថា៖ «ប្រសិន​ជាលទ្ធផល​ចេញ​ហើយ ទ័ព​នៅ​គេ​អី​នៅគេ គេលើក​មក​ដាក់ គេ​បិទ សួរ​ថា​រឿង​ហ្នឹង​អាច​កើត​ឡើង​ទេ? ខ្ញុំ​មើល​ទៅ​ថា​វា​អាច​កើត​ឡើង សេណារីយ៉ូហ្នឹង​អាច​កើត​ឡើង ហើយ​ដូច​ជា​អ្នក​វិភាគ​គាត់​លើក​ឡើង​ថា កាល​ណា​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​នៅកាន់​អំណាច​គ្មាន​ទេ​ការ​បោះ​ឆ្នោត​ដោយ​សេរី​ត្រឹម​ត្រូវ​ និងយុត្តិ​ធម៌ ហើយ​ចំណែក​ខ្ញុំ​ៗ​ក៏មើល​ឃើញ​អញ្ចឹង​ដែរ វា​គ្មាន​ទេ​ការ​បោះឆ្នោត​ដោយ​សេរី​ត្រឹម​ត្រូវ​ និង​យុត្តិ​ធម៌»។

លោក​បន្ថែម​ថា៖ «ក៏​ប៉ុន្តែ​គ្រាន់​តែ​វា​អាច​វិវត្តន៍​ទៅ​ល្អ​ប្រសើ​រជាងមុន ព្រោះ​ដោយ​សារ​អី ព្រោះ​យើង​បាន​ធ្វើ​កំណែ​ទំរង់​ក្បាល​ម៉ាស៊ីន​គ.ជ.ប ខ្ញុំ​មើល​ឃើញ​ថា​វា​ជា​រឿង​ល្អ​ជា​ងមុន​ហើយ តែ​ខ្ញុំមើល​ឃើញថាមាន​ភាព​ប្រសើរ​ជា​ង​មុន តែ​ចំពោះការ​បោះ​ឆ្នោត​សេរី​ និងយុត្តិ​ធម៌ និងផ្ទេរ​អំណាច​ដោយ​សន្តិវិធី គឺ​ពិបាក​មែន​ទែន​ករណី​ហ្នឹង»។

លោក​ថា​អ្នក​នយោបាយ​គួរ​ធ្វើ​យ៉ាង​ណា​ឲ្យ​ស្ថានការ​ណ៍​នយោបាយនៅមុន​កា​រ​បោះ​ឆ្នោត​នេះ​មានភាព​​​ស្ងប់​ស្ងាត់ ជាពិសេស​ប្រសិន​ជា​អាច​ចរចារគ្នា​ដើម្បី​បន្ថូរ​បន្ថយ​បរិយាកាស​នាពេល​នេះបាន​វា​ជា​ការ​ដែល​​ល្អ​ប្រសើរ ព្រោះបរិយា​កាស​នាមុន​ពេល​បោះ​ឆ្នោត​នោះ​វា​សំខាន់​ណាស់​ទាក់​ទង​ទៅ​នឹង​ជំនឿ និង​ការ​សម្រេច​របស់​ប្រជា​ពល​រដ្ឋ​។

ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី​៤ នឹង​ប្រពឹត្តទៅ​នៅ​ថ្ងៃ​ទី៤ មិថុនា ឆ្នាំ​២០១៧នេះ។

សហគមន៍ជាតិនិងអន្តរជាតិបាននាំគ្នាសំដែងប្រតិកម្មជាបន្តបន្ទាប់ ក្រោយពីសមាជិករដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចបានលើកដៃអនុម័ត «ច្បាប់ដ៏ចម្រូងចម្រាស់និងប្រញាប់ប្រញាល់មួយ» នោះគឺការកែច្បាប់ស្តីពីគណបក្សនយោបាយ។ ពួកគេ រិះគន់ថាច្បាប់ថ្មីនេះ​បាន «ផ្តល់អំណាចដ៏​លើ​សលប់ដល់រដ្ឋាភិបាលក្នុងការរំលាយគណបក្សណាមួយហើយឈានទៅរករបបឯកបក្ស»។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជា ប្រតិកម្មថា ប្រទេសទាំងនោះកំពុងជ្រៀតជ្រែកកិច្ចរបស់កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ