អ្នកឃ្លាំមើលថាស្រ្តីផ្នែកសេវាកម្មកំសាន្តនៅតែរងគ្រោះខ្លាំង

អនុប្រធានសហព័ន្ធសហជីពចំណីអាហារ និងសេវាកម្មកម្ពុជា លោកស្រី អ៊ូ ទេពផល្លីន (FB: CFSWF)

មន្ត្រីអង្គការសង្គមស៊ីវិលដែលធ្វើការផ្នែកលើកកម្ពស់សិទ្ធិស្ត្រីបម្រើការងារនៅសេវាកម្មកំសាន្ត បានលើកឡើងថា ស្ត្រីនៅក្នុងក្រុមនេះ នៅតែទទួលរងការរំលោភបំពានខ្លាំង ហើយមិនមានការដោះស្រាយផ្តល់យុត្តិធម៌ដល់ពួកគេនោះទេ។​

នៅក្នុងពិធីអបអរសាទខួបទី១០៧នៃ ទិវាសិទ្ធិនារីអន្តរជាតិឆ្នាំ២០១៨ នៅថ្ងៃនេះ អនុប្រធានសហព័ន្ធសហជីពចំណីអាហារ និងសេវាកម្មកម្ពុជា លោកស្រី អ៊ូ ទេពផល្លីន លើកឡើងថា កន្លងមក រដ្ឋាភិបាលហាក់មិនសូវយកចិត្តទុកដាក់ចំពោះស្ត្រីធ្វើការផ្នែកសេវាកំសាន្តទេ ករណីនេះ​ធ្វើឲ្យពួកគេទទួលរងការរំលោភបំពានទាំងសិទ្ធិនិងការបៀតបៀតផ្លូវភេទនៅកន្លែងធ្វើការ។​ លោកស្រីបន្តថា ពេលមានបញ្ហាពួកគេក៏មិនហ៊ានដាក់ពាក្យប្ដឹងទៅលើបុរសដែលធ្វើអំពើមិនសមរម្យមកលើពួកគេនោះទេ ដោយសារ អ្នកដែលធ្វើនោះជាអ្នកមានអំណាច។

ចំណុចមួយទៀត លោកស្រី អ៊ូ ទេពផល្លីន លើកឡើងថា ស្ត្រីដែលធ្វើការផ្នែកសេវាកំសាន្ត មិនមានសិទ្ធិសម្រាកសម្រាលកូន ហើយពួកគេក៏មិនអាចយកកូនបានដែរ។

លោកស្រីថា៖«គេមានពិនិត្យទឹកនោម រៀងរាល់មួយសប្ដាហ៍ មួយខែ ឬកន្លះខែ ដើមខែ ចុងខែនៅកន្លែងនីមួយៗហ្នឹង ស្ត្រីខ្លះគាត់ត្រូវបង្ខំចិត្តរំលូតកូនដើម្បីទទួលបានការងារធ្វើ រក្សាប្រាក់ឈ្នួល ដល់ពេលស្ត្រីខ្លះទៀត គាត់ដើម្បីចង់បានកូនចឹងគាត់សម្រេចចិត្តនៅក្នុងការឈប់ធ្វើការដោយខ្លួនឯងដើម្បីទុកកូនហ្នឹង។ ចឹងយើងមើលឃើញថា បញ្ហាស្ត្រីពាក់ព័ន្ធនឹងលក្ខខណ្ឌការងារនឹងសន្តិសុខ របស់ពួកគាត់ហ្នឹង គឺមិនត្រូវបានការពារយ៉ាងម៉ឺងម៉ាត់នោះឡើយ»។

លោកស្រីបន្តថា  ដើម្បីការពារស្រ្តីបម្រើសេវាកំសាន្តឲ្យមានប្រសិទ្ធិភាពដូចមានចែងនៅក្នុងច្បាប់នោះរដ្ឋាភិបាលគួរតែចាត់ឲ្យមន្ត្រីរបស់ខ្លួនចុះពិនិត្យនៅតាមហាងទាំងអស់ថាតើម្ចាស់ហាងទាំងនោះបានអនុវត្តន៍ទៅតាមច្បាប់ឬទេ។

វីអូឌីមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងកិច្ចការនារី និងអ្នកនាំពាក្យក្រសួងការងារ បានទេ ដោយទូរសព្ទចូលគ្មានអ្នកទទួល។

បើតាមរបាយការណ៍របស់អង្គការ​ Care ចេញផ្សាយកាលពីឆ្នាំ២០១៥ ឲ្យដឹងថា ស្រ្ដីប្រហែល៤ម៉ឺននាក់ កំពុងធ្វើការ​នៅក្នុងឧស្សាហកម្ម​ផ្សព្វផ្សាយ​ស្រាបៀរនៅ​តាម​ភោជនីយដ្ឋាន បៀរហ្គាឌិន និង​រាំងហ្គាសាល​ប្រមាណ ​៤០០ កន្លែង​នៅ​រាជធានីភ្នំពេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ