រដ្ឋាភិបាលជំរុញ​បង្កើន​ចំនួន​​ស្ត្រី​ក្នុង​វិស័យ​បច្ចេក​វិទ្យា​

ពាន​រង្វាន់​​ស្ត្រី​ឆ្នើម​ក្នុង​វិស័យ​បច្ចេក​វិទ្យា​ (ហ៊ុន សិរីវឌ្ឍន៍)

រដ្ឋាភិបាល​កម្ពុជា​ជំរុញ​បង្កើន​ចំនួន​ស្ត្រី​ក្នុង​​វិស័យ​បច្ចេក​វិទ្យា តាម​រយៈ​ការបង្កើត​កម្មវិធី​លើក​ទឹក​ចិត្ត​ផ្សេង​ៗ ខណៈ​រំពឹង​ថា​នៅ​ឆ្នាំ​២០២០​ខាងមុខ​ ​ប្រជាពល​រដ្ឋខ្មែរ​៨០ភាគ​រយនឹងមាន​លទ្ធភាព​ប្រើ​ប្រាស់​ប្រព័ន្ធ​ទាំង​នេះ។

កាលពី​ល្ងាច​ថ្ងៃ​ទី​៧​ មីនា ម្សិល​មិញ​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរគមនាគមន៍​ បាន​ប្រកាស​ពាន​រង្វាន់​ដល់​ស្ត្រី​ឆ្នើម​ក្នុង​វិស័យ​បច្ចេក​វិទ្យា​ចំនួន​បី​នាក់ ដែល​មាន​ចំណេះ​ដឹង​ផ្នែក​ប្រព័ន្ធ​បច្ចេក​វិទ្យា និង​អាច​ប្រើ​ប្រាស់​ប្រព័ន្ធ​ទាំង​នេះ​សម្រាប់​ការ​វិនិយោគ​របស់​ខ្លួន​។

រដ្ឋលេខា​ធិការ​ក្រសួងប្រៃ​សណីយ៍ និង​ទូរគមនាគមន៍​លោក កាន ច័ន្ទ​មេត្តា មាន​ប្រសាសន៍​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​នោះ​ថា កម្មវិធី​នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​កម្ពុជា​បាន​បង្កើត​ឡើង ដើម្បី​លើក​កម្ពស់​ការ​ចូល​រួម​របស់​ស្រ្តី​ក្នុង​វិស័យ​បច្ចេក​វិទ្យា បញ្រៀប​ការ​យល់​ដឹង​របស់​ស្រ្តី​លើ​វិស័យ​បច្ចេក​វិទ្យា និង​អ៊ិ​ន​ធើណែត​ ជា​ពិសេស​ទាក់​ទាញ​ឲ្យ​ស្ត្រីជ្រើស​យក​ប្រព័ន្ធ​បច្ចេក​វិទ្យា​សម្រាប់​កា​ររកស៊ីរបស់ខ្លួន។

លោកថា៖ « ហេតុ​អី​បាន​ជា​យើង​រៀប​ចំ​ Cambodia woman in tech 2018 ម៉េច​មិន​យើង​រៀប​ចំ​តាំង​ពី​ឆ្នាំ​២០១៤មក? នៅ​ឆ្នាំ​២០១៣ ដឹងការ​ប្រើ​ប្រាស់​អ៊ិនធើណែត​របស់​យើង​បាន​ប៉ុន្មាន​ភាគ​រយទេ? មាន​ត្រឹម​តែ​២៥ភាគ​រយ​ ចុង​ឆ្នាំ​២០១៧​ការ​ប្រើ​ប្រាស់​អ៊ិន​ធើណែត​របស់​យើង​កើន​ដល់​៦៦ភាគ​រយ ក្នុង​គោល​នយោបាយ​Telecom និង​ ICT របស់​យើង យើង​គិត​ថានៅ​ឆ្នាំ​២០២០​ ការប្រើ​ប្រាស់​អ៊ិន​ធើណែត និង​កើន​ឡើង​ដល់​៨០ភាគ​រយ » ។

ស្ត្រី​ឆ្នើម​៣រូប​ដែល​ត្រូវបាន​ជ្រើស​រើស​នៅ​ឆ្នាំ​នេះមានកញ្ញា ​ឡុង លក្ខិណា ទទួលពាន​សហ​គ្រិន​ស្ត្រី​ឆ្នើម​ក្នុង​វិស័យ​បច្ចេក​វិទ្យា កញ្ញា ហ្វាស៊ី អាយ ទទួល​ពាន​វិស្វករ​ស្ត្រី​ក្នុង​ជំនាញបច្ចេកវិទ្យា និង​កញ្ញា ចាន់​ ពេញ​ល័ក្ខ ទទួលពាន​ស្ត្រី​ដែល​ចូល​រួម​ក្នុង​វិស័យ​បច្ចេក​វិទ្យា​សំរាប់​ការ​អភិវឌ្ឍសង្គម។ គួរ​បញ្ជាក់​ផង​ដែរ​ថា ស្រ្តី​ដែល​ចូល​រួម​ប្រកួត​ក្នុងឆ្នាំនេះ​​មាន​ចំនួន​៣០នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ