នាយករដ្ឋមន្រ្តី​តែងតាំងកូនប្រុុស​រដ្ឋលេខាធិការក្រសួងការបរទេស លោក ឡុង ឌីម៉ង់ ជា​ឯកអគ្គរាជទូត​ប្រចាំកូរ៉េខាងត្បូង

លោក ឡុង ឌីម៉ង់ កាលពីកន្លងទៅ

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃសុក្រនេះ​ បានសម្រេច​តែង​តាំង​​អ្នកនាំពាក្យ​សាលារាជធានីភ្នំពេញ លោក ឡុង​ ឌីម៉ង់ ដែលជា​កូនប្រុស​រដ្ឋលេខាធិការក្រសួងការបរទេេសម្នាក់ ជា​ឯក​អគ្គរាជទូតខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូងជំនួស​លោក ស៊ុត ឌីណា ដែលកំពុង​រង​ការ​ចោទប្រកាន់ពាក់ព័ន្ធនឹងអំពើពុករលួយ។​

នៅក្នុង​លិខិត​មួយ​ច្បាប់ចុះថ្ងៃទី៨ ខែមេសា ​ដាក់ថ្វាយ​ព្រះមហាក្សត្រ លោក ហ៊ុន សែន បាន​ក្រាបបង្គំ​ទូលស្នើ​ព្រះមហាក្សត្រ​ឲ្យ​បញ្ចប់​ភារកិច្ច​លោក ស៊ុត ឌីណា និ​ងស្នើ​សុំ​តែងតាំង​លោក ឡុង ឌីម៉ង់ ជំនួសវិញ​។

លោក ឡុង ឌីម៉ង់ ជា​កូន​ប្រុសរបស់​​លោក ឡុង វិសាលោ ដែលជា​​រដ្ឋ​លេខាធិការ​ក្រសួង​ការ​បរទេស។ លោកជា​កូនប្រសារ​របស់​​លោក ញឹម វណ្ណដា អនុ​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ។ លោកបាន​បញ្ចប់​ថ្នាក់អនុ​បណ្ឌិត​ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ។

កាលពីល្ងាច​ថ្ងៃសុក្រនេះ អ្នកនាំពាក្យ​ក្រសួងការបរទេស លោក ជុំ សន្ទរី បាន​បញ្ជាក់​ថា​ក្រសួង​ការបរទេស​​បញ្ជូន​មន្ត្រី​មួយ​រូប​របស់​ខ្លួនគឺ​​លោក  ហុង បញ្ញារិទ្ធ ដែលត្រូវ​​ជា​កូន​ប្រសារ​លោក សុខ អាន រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ឲ្យ​ទៅ​កាន់​ការងារ​​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូងបណ្ដោះ​អាសន្ន ជំនួស​អតីត​​ឯកអគ្គរាជទូត​លោក ស៊ុត ឌីណា។ ទោះយ៉ាងណា លោក ជុំ សន្ទរី បញ្ជាក់​ថាក្រសួង​មិន​ទាន់​តែងតាំង​មុខងារ​ផ្លូវ​ការ​ណាមួយ​ដល់​លោក ហុង បញ្ញារិទ្ធ នៅ​ឡើយ​ទេ​។

 លោក​មាន​ប្រសាសន៍​ថា​៖ “​មិន​ទាន់​មាន​ការ​តែងតាំងមុខងារ​អី​ជា​ផ្លូវ​ការ​ទេ​បាទ​! គ្រាន់​តែ​ជា​ការបញ្ជូន ព្រោះ​សភាព​ការណ៍​យើង​បន្ទាន់​ភ្លាមគឺ​យើង​បាន​បញ្ជូន​ … ហើយ​បច្ចុប្បន្ន​ហ្នឹង​គឺ​ថ្នាក់​ដឹកនាំ​យើង​កំពុង​តែ​ពិនិត្យ​ពិចារណា​អំពី​ការ​តែងតាំង​ឥស្សរជន​ទៅ​ធ្វើ​ជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​​កូរ៉េខាង​ត្បូង​ហ្នឹង​”​

គួររំឭកផងដែរ​ថា ​លោក លោក ស៊ុត ឌីណា ត្រូវ​បាន​អង្គភាពប្រឆាំង​អំពើពុករលួយ​​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ចន្ទ និង​បញ្ជូនខ្លួន​ទៅ​កាន់​តុលាការ​កាល​ពី​ម្សិលមិញ​។ លោក​ត្រូវ​តុលាការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនា​គារ​ ដោយ​ត្រូវ​ចោទ​ប្រកាន់​ចំនួន​២​បទល្មើសគឺកេងយកផលប្រយោជន៍ដោយខុសច្បាប់និងរំលោភអំណាចដោយមានប្រសិទ្ធភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ