គ.ជ.​ប ​ថា​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោតនឹង​ធ្វើឡើង​នៅ​ឆ្នាំ​២០១៦នេះ

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(គជប)អះអាង​ថា​ខ្លួន​មិន​ទាន់អាច​បញ្ជាក់​ពី​កាល​បរិច្ឆេទជាក់​លាក់​​នៃការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ឡើយ​ទេ តែ​ថា​នឹង​រៀប​ចំ​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១៦នេះ។​

ក្នុង​សេច​ក្តី​បំ​ភ្លឺទៅ​កាន់​សារព័ត៌មាន​Cambodia Daily​ដែល​ចុះ​ថ្ងៃ​ទី៦ ខែ​មេសានេះ​ ​គណៈកម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោតឲ្យ​ដឹង​ថាគ.ជ.​ប​ មិន​ទាន់​បាន​ប្រកាស​កាល​បរិច្ឆេទ​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ដើម្បី​រៀប​​ចំ​បញ្ជី​បោះ​ឆ្នោត​ថ្មីឆ្នាំ២០១៦ជា​ផ្លូវ​ការនោះ​​ទេ ដោយសេច​ក្តី​ព្រាង​បទ​បញ្ជានិង​នីតិវិធី​នៃ​ការ​ចុះ​ឈ្មោះ​បោះ​​ឆ្នោត​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​នៃ​ការ​រៀប​ចំ តែ​គ.ជ.ប អះអាង​ថា​នឹង​សម្រេច​លើ​បទ​បញ្ជា​នីតិ​វិធីនេះ​​ក្នុង​ពេល​ឆាប់ៗខាង​មុខ។

គជប​ បានបញ្ជាក់ថា​ការ​ចុះផ្សាយ​របស់កាសែត​Cambodia Daily ក្រោមចំណងជើងថា​”បញ្ជីឈ្មោះ​អ្នក​បោះឆ្នោត​ប្រហែលជា​មិន​អាច​រួច​រាល់ទាន់​ពេល​សម្រាប់​ឆ្នាំ​២០១៧” ធ្វើ​ឲ្យ​សាធារណជន​យល់ច្រឡំ​ពីកាលបរិច្ឆេទនៃ​ការចុះឈ្មោះ​បោះឆ្នោត​។​

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការជាតិ​រៀប​ចំ​ការបោះ​ឆ្នោត លោក ខន កែវមនោ បាន​ឲ្យ​វី​អូ​ឌី​ដឹង​ថា​នៅ​ពេល​នេះ​គ.ជ.ប បាន​រៀប​ចំ​សេច​ក្តី​ព្រាង​បទ​បញ្ជានិង​នីតិវិធី​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជិត​រួច​ហើយ​ដែល​លោក​រំពឹង​ថានឹ​ង​ត្រូវ​បាន​បញ្ចប់​នៅ​ចុង​ខែ​មេសា​នេះ។ លោកបញ្ជាក់ថា​​​កាល​បរិច្ឆេ​ទ​នៃ​ការ​ចុះ​ឈ្មោះ​​បោះ​ឆ្នោ​តនេះ​នឹង​ត្រូ​វ​ដំណើរ​ការ​នៅ​ក្នុង​ឆ្នាំ​២០១៦នេះ។

បើ​តាម​លោក​ កែវ​មនោ សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​គឺ​ត្រូវ​ប្រើ​ពេល​៥ខែ​ ដែល​មាន​៣ខែ​សម្រាប់​ចុះ​ឈ្មោះ​បោះ​ឆ្នោតនិង​២ខែទៀត​គឺ​​សម្រាប់​បិទ​បញ្ជីនិង​ប្តឹង​​តវ៉ា។

បើ​តាម​សេច​ក្តី​បំភ្លឺ​ដដែល​នោះ ការ​កំណត់​កាល​បរិច្ឆេទ​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោតទៅ​បាន​គឺ​ផ្អែក​លើ​កត្តា​សំខាន់​ៗ​មួយ​ចំនួនដូច​ជា បទ​បញ្ជា​និង​នីតិវិធី​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ដើម្បី​រៀប​ចំ​បញ្ជី​បោះ​ឆ្នោត កាល​បរិច្ឆេទនៃ​​ការ​បោះ​ឆ្នោត​ដែល​ត្រូវ​បាន​កំណត់​ដោយ​រដ្ឋា​ភិបាល ការ​ងារ​បច្ចេក​ទេស សម្ភារៈនិង​បរិក្ខា​បម្រើ​ឲ្យ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោតនិងធន​ធាន​មនុស្ស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ