អ្នកមានជម្លោះដីធ្លីខកចិត្តចំពោះ ACU ដោយថាមិនចាត់ការលើបណ្តឹងរបស់ពួកគេដូចបណ្តឹងរបស់ក្រុមនិស្សិត

អ្នកមានជម្លោះដីធ្លីនៅសហគមន៍បឹងកក់បានដាកញត្តិទៅរដ្ឋសភា

អ្នកមានជម្លោះដីធ្លីនៅសហគមន៍បឹងកក់៧គ្រួសារសំដែងការខកចិត្តដោយថាអង្គភាព​ប្រឆាំងអំពើពុករលួយ​មិនចាត់ការ​លើ​បណ្តឹង​របស់ពួកគេដែលបានប្តឹងអភិបាលរាជធានីភ្នំពេញទាក់ទងរឿងពលរដ្ឋចោទថាបានប្រព្រឹត្តអំពើ​ពុករលួយក្នុង​ការ​ដោះស្រាយជម្លោះដីធ្លី។

ខណៈដែលអង្គភាពប្រឆាំងអំពើពុករលួយមិនទាន់ចាត់ការបណ្តឹងនោះនៅព្រឹកថ្ងៃសុក្រនេះប្រជាពលរដ្ឋបឹងកក់​បាននាំគ្នា​ដាក់ញត្តិទៅកាន់គណៈកម្មការប្រឆាំងអំពើពុករលួយនៃរដ្ឋសភាបន្ថែមទៀត។

ពលរដ្ឋមានជម្រោះដីធ្លីម្នាក់អ្នកស្រី លី ចាន់ណារី ប្រាប់អ្នកសារព័ត៌មានថាកាលពីខែមីនាពួកគាត់៧គ្រួសារដែល​មិន​ទទួលបានសំណងបានប្តឹងលោក ប៉ា សុជាតិវង្ស និងមន្រ្តីខ្លះទៀតទៅអង្គភាពប្រឆាំងអំពើពុករលួយពី​បទប្រព្រឹត្ត​អំពើ​ពុក​រលួយក្នុងការដោះស្រាយដីធ្លី ប៉ុន្តែអ្នកស្រីអះអាងថាអង្គភាពប្រឆាំងអំពើពុករលួយមិនចាត់ការនោះទេ បែរជាចាត់ការ​លឿនទៅលើបណ្តឹងរបស់ក្រុមនិស្សិតលោក ស្រី ចំរើន ប្តឹងរឿងស្នេហាទៅវិញ។

អ្នកស្រីមានប្រសាសន៍ថា៖ “សម្រាប់ខ្ញុំជាពលរដ្ឋ ខ្ញុំមានការខកចិត្តជាមួយនឹងACUដែល​គាត់មិនចាត់ការលើ​បណ្ដឹង​របស់​ពួកខ្ញុំទេដោយគាត់ថាបណ្ដឹងរបស់ពួកខ្ញុំស្មើនឹងសូន្យ គេថាយើងអត់អាចចាត់ការគេបានទេដោយសារយើងអត់ភស្ដុតាង។ ដោយសារតែខ្ញុំខកចិត្តជាមួយនឹងACUហ្នឹងបានខ្ញុំមកដាក់បណ្ដឹងរបស់ខ្ញុំដល់សភាទៀត”។

វីអូឌីមិនអាចទាក់ទងប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យិនទៀង បាននៅឡើយទេ​ដោយទូរស័ព្ទ​ហៅចូល​គ្មានអ្នកទទួល។

នៅពេលដែលពលរដ្ឋទាំងនោះដាក់ពាក្យបណ្ដឹងទៅកាន់រដ្ឋសភាមានតំណាងរាស្រ្តពីររូបគឺលោក ហូរ វ៉ាន់ និងលោក ឈាង វុន បានចេញមកទទួលញត្តិ។ ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃរដ្ឋសភាលោក ហូរ វ៉ាន់ បានសន្យាថានឹងពិនិត្យមើលលើភស្តុតាងដើម្បីដាក់ជូនអង្គភាពប្រឆាំងអំពើពុករលួយពិនិត្យសារជាថ្មី។

លោកមានប្រសាសន៍ថា៖ “បើអាហ្នឹងជាអំពើពុករលួយ យើងអាចកោះហៅអភិបាលរាជធានីដើម្បីសាកសួរ ហើយជួនកាល​យើងក៏ជួបជាមួយនឹងសមីដើមបណ្ដឹងដែរថាមានឯកសារអ្វីជាសម្អាងដើម្បីគាំទ្រនូវបណ្ដឹងរបស់ខ្លួនដែរ។ ប៉ុន្តែ​អាហ្នឹងយើង​ត្រូវតែហៅអភិបាលក្រុងសួរក្រោយពីហៅសួរហើយឃើញថាមានករណីពន្យល់អត់ច្បាស់ពន្យល់អត់សមហេតុផល ទី​បំផុតខ្ញុំនឹងបញ្ជូនទៅអង្គភាពប្រឆាំងអំពើពុករលួយ”។

ជាមួយគ្នានោះដែរលោក ឈាង វុន ក៏សន្យាថានឹងជំរុញទៅសាលារាជធានីភ្នំពេញឲ្យដោះស្រាយបញ្ហាទាំងនោះជូនពល រដ្ឋឲ្យបានឆាប់និងមានតម្លាភាពផងដែរ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ឡុង ឌីម៉ង់ ធ្លាប់លើកឡើងថាបើមានអំពើ​ពុករលួយមែនវាជា​ការដោះស្រាយរបស់អង្គភាពប្រឆាំងអំពើពុករលួយ ចំណែកឯសាលារាជធានី​នៅតែបន្តការដោះស្រាយទំនាស់ដី​ធ្លីតាមគោលការណ៍ដដែល។

ពលរដ្ឋទាំង៧គ្រួសារនៅបឹងកក់នោះអះអាងថា ពួកគាត់មានដីទំហំសរុប​ជិតមួយហិកតា​ដែលរងការបណ្ដេញ​ចេញតាំងឆ្នាំ២០០៧មិនទាន់មានដំណោះស្រាយ។ ពួកគាត់ទាមទារសំណងឲ្យបាន៥៣ភាគរយ តែពួកគេអះអាង​ថាអាជ្ញាធរបានដោះស្រាយសំណងដល់ពួកគាត់ត្រឹមតែជាង១០ភាគរយ ទើបពួកគាត់មិនអាចទទួលយកបាននោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ