បណ្ដាញសហគមន៍ព្រៃឡង់ស្នើរដ្ឋាភិបាលដាក់ពួកគេចូលរួមការពារតំបន់ព្រៃឡង់ជាមួយអាជ្ញាធរ

តំណាងបណ្ដាញសហគមន៍ព្រៃឡង់មកពី៤ខេត្តបាន​ស្នើឲ្យរដ្ឋាភិបាលដាក់ពួកគេឲ្យចូលរួមការពារតំបន់ព្រៃឡង់ជាមួយអាជ្ញាធរនិងសា្ថប័នពាក់ព័ន្ធ​ដើម្បីជួយទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ​នៅតំបន់នោះ។

ការស្នើចូលរួមការពារព្រៃឡង់ បន្ទាប់ពីក្រុមបណ្តាញសហគមន៍មិនមានជំនឿទៅលើអាជ្ញាធរក្នុងការទប់ស្កាត់បទល្មើសនាពេលកន្លងមក ហើ​យ​ថា​ជនល្មើសកំពុងបន្តកាប់ព្រៃឈើយ៉ាងអនា​ធិបតេយ្យ ដោយមិនទាន់មានអាជ្ញាធរចុះ​បង្រ្កាប​និងទប់ស្កាត់នោះទេ។

កាលពីថ្ងៃទី​៣១ ខែមីនា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថារដ្ឋាភិបាលសម្រេចដាក់ព្រៃឡង់និងព្រៃភ្នំក្រវ៉ាញជាតំបន់ការពារ ខណៈតំបន់ទាំងនេះត្រូវបានប្រជាសហគមន៍រាយការណ៍ជាបន្តបន្ទាប់ថារងការកាប់បំផ្លាញពីមួយថ្ងៃទៅមួយថ្ងៃ។

តំណាងបណ្ដាញសហគមន៍ព្រៃឡង់មកពីខេត្តកំពង់ធំ លោក ហឿន សុភាព លើកឡើងថាសកម្មភាពកាប់បំផ្លាញ់ព្រៃឈើនៅ​តំបន់ព្រៃឡង់នៅតែមានការកើនឡើងជារៀងរាល់ថ្ងៃ ទោះបីជារដ្ឋាភិបាលបានប្រកាសដាក់ព្រៃឡង់ជាតំបន់ការពា​រក៏ដោយ។ លោក​មានប្រសាសន៍ថា៖ ប្រសិនបើអត់មានការរួមគ្នាទេគឺ ខាងខ្ញុំមានការព្រួយបារម្ភមែនទែន ព្រោះយើងឃើញព្រៃការពារ ព្រៃអភិរក្សមួយចំនួនដែលយើងបានឃើញ គឺវាមានបរាជ័យជាច្រើន ដូចជាតំបន់ព្រៃបំពេញមួយកន្លែង ដែលយើងឃើញថាជាព្រៃមួយដែលរដ្ឋាភិបាលបានផ្ដល់ការវិនិយោគទៅឲ្យក្រុមហ៊ុនផ្សេងៗដែលដាំចម្ការកៅស៊ូឬក៏ដាំដំណាំកសិឧស្សាហកម្មផ្សេងទៀតដែលយើងបានឃើញ

តំណាងសហគមន៍ព្រៃឡង់មកពីព្រះវិហារម្នាក់ទៀតចង់ឲ្យរដ្ឋាភិបាលបង្ហាញព័ត៌មានពិតលើគម្រោងដាក់ព្រៃឡង់ជាតំបន់ការពារ ហើយស្នើឲ្យអាជ្ញាធរសហការ​ការពារព្រៃឡង់ជាមួយពួកគាត់ដោយតម្លាភាពនិ​ងចៀសវាងអាជ្ញាធរឃុបឃិតកាប់ព្រៃលក់ជាមួយឈ្មួញ។

ពេលកន្លងមកក្រុមបណ្តាញសហគមន៍ព្រៃឡង់ក៏ត្រូវបានជនមិនស្គាល់មុខគំរាមកំហែងខណៈពេលចុះល្បាតព្រៃ។

វីអូឌីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងបរិស្ថានលោក សៅ សុភាព ដើម្បីសុំការ​ឆ្លើយ​បំភ្លឺបានទេជុំវិញបញ្ហានេះ។

កាលពីខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសដាក់ព្រៃឡង់និងព្រៃភ្នំក្រវ៉ាញជាតំបន់ការពារ ហើយបញ្ជាឲ្យរដ្ឋមន្រ្តីក្រសួងពាក់ព័ន្ធដកហូតព្រៃសម្បទានមកវិញទាំងអស់។

ដោយឡែកក្រសួងបរិសា្ថនក៏កំពុងរៀបចំសេចក្ដីព្រាងក្រមបរិស្ថានមួយដើម្បីការពារផលប៉ះពាល់លើ​​ធនធានធម្មជាតិឲ្យមានប្រសិទ្ធភាពខ្ពស់។

ការសម្រេចរបស់លោកនាយករដ្ឋមន្រ្តីក្នុងការដាក់ព្រៃឡង់​ជាតំបន់ការពារ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកាលពីថ្ងៃទី១៥ ខែមករា បានបង្កើតគណៈកម្មការចម្រុះមួយ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើព្រៃឈើនៅភាគឦសាននៃប្រទេស។ គណៈ​កម្មការនេះមានតួនាទីចុះទប់ស្កាត់និងបង្ក្រាបសកម្មភាពអនាធិបតេយ្យកាប់ព្រៃឈើ ការនាំចេញឈើខុសច្បាប់និងបទល្មើសព្រៃឈើនានា ស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធ ចាប់ជនល្មើសនិងវត្ថុតាងនៃបទល្មើស សហការជាមួយភាគីវៀតណាមនិងឡាវ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ