ស្លាប់ជិត៥០០នាក់ និងរបួសជាង ១ពាន់នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ត្រីមាសទី១

ដោយ លោក លី វេហា​​ | ថ្ងៃអាទិត្យ ទី៨ ខែមេសា ឆ្នាំ២០១៨​ ម៉ោង 11:56 AM | សង្គមសន្ដិសុខ | 0 | 10139 គ្រោះថ្នាក់ចរាចរណ៍មួយកាលពីពេលកន្លងទៅក្នុងខេត្តបាត់ដំបង (រួបភាពហ្វេសប៊ុក)

ក្រសួង​មហា​ផ្ទៃ បាន​ឲ្យ​ដឹង​ថា មនុស្ស​ដល់​ទៅ​ជិត ៥០០​នាក់ ត្រូវ​បាន​សម្លាប់ និង​ជាង ១​ពាន់​នាក់​ទៀត​បាន​រង​របួស​ធ្ងន់​ស្រាល នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ត្រី​មាស​ទី​១​ដើម​ឆ្នាំ​នេះ ដោយ​បាន​ថយ​ចុះ ១៧​ភាគរយ។

គេហ​ទំព័រ​នគរបាល​ជាតិ បាន​ចុះ​ផ្សាយ​ថា តាម​របាយការណ៍​ក្រសួង​មហាផ្ទៃ យ៉ាង​ហោច​ណាស់​មនុស្ស ៤៨០​នាក់ ត្រូវ​បាន​សម្លាប់ ហើយ​ដល់​ទៅ ១២៣៤​នាក់ បាន​រង​របួស​ធ្ងន់​ស្រាល នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ចន្លោះ​ពី​ខែមករា​ដល់​ដំណាច់​ខែ​មីនា​ឆ្នាំ​២០១៨​នេះ។

ទោះបីជាគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមនុស្សស្លាប់ និងរបួសច្រើន ប៉ុន្តែ របាយការណ៍​នោះ​បញ្ជាក់​ថា ករណី​​គ្រោះថ្នាក់​ ៣ខែនេះ មានការ​ថយ​ចុះ​ចំនួន​ ​១៧០​​លើក​ ឬ​ស្មើ​​នឹង ១៧ភាគរយ ខណៈ​ដែល​ចំនួន​មនុស្ស​ស្លាប់ បាន​ថយ​ចុះ ២​ភាគរយ ហើយ​ចំនួន​អ្នក​រង​របួស​បាន​ថយ​ចុះ ១៦​ភាគរយ បើធៀប​នឹង​ត្រី​មាស​ទី​១ ដើម​ឆ្នាំ​២០១៧​កន្លង​មក។

របាយការណ៍​ដដែល​នោះ បាន​ឲ្យ​ដឹង​ផង​ដែរ​ថា អ្នក​ស្លាប់​ភាគច្រើន គឺ​ជា​អ្នក​ធ្វើ​ដំណើរ​តាម​ម៉ូតូ ដែល​មាន​ចំនួន​ដល់​ទៅ ៣៦០​នាក់ ឬ​ស្មើ​នឹង ៧៥​ភាគរយ​នៃ​ចំនួន​អ្នក​ស្លាប់​សរុប។

គ្រោះ​ថ្នាក់​ចរាចរណ៍ ​បាន​កើត​ឡើង​រៀង​រាល់​ថ្ងៃ ដោយ​បាន​សម្លាប់​មនុស្ស ១​៧៨០​នាក់ និង​បណ្ដាល​ឲ្យ​របួស​ជាង ៥៥០០​នាក់ កាល​ពី​ឆ្នាំ​២០១៧​កន្លង​មក។ នេះ បើតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍៕

សរសេរមកកាន់ លោក លី វេហា តាមរយៈ veha@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required