ជប៉ុនជំរុញការបោះឆ្នោតត្រឹមត្រូវ ខណៈលោក ហ៊ុន សែន ថា គ្មានការជជែកពីបញ្ហានយោបាយ

រូបភាពពី ហ្វេសប៊ុក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

ប្រមុខ​ការទូត​ជប៉ុន បាន​ជំរុញ​ទៅ​មេដឹកនាំ​កម្ពុជា ឲ្យ​រៀបចំ​ការ​បោះ​ឆ្នោត​ដោយ​សេរី​ត្រឹម​ត្រូវ​នា​ពេល​ខាង​មុខ​នេះ ខណៈ​ដែល​​មេដឹកនាំ​​កម្ពុជា​បញ្ជាក់​ថា វិវាទ​នយោបាយ​កម្ពុជា មិន​មាន​ក្នុង​របៀប​វារៈ​នៃ​ជំនួប​នោះ​។

រដ្ឋ​មន្ត្រី​ការបរទេស​ជប៉ុន លោក តារ៉ូ កូណូ បាន​ធ្វើ​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ថ្ងៃ​នេះ ដើម្បី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ផ្ដល់​ជំនួយ​ឥត​សំណង និង​កម្ចី​ហិរញ្ញប្បទាន​សរុប​ជាង ៩០​លាន​ដុល្លារ។

ក្រៅ​ពី​ពិធី​នេះ ប្រមុខ​ការទូត​ជប៉ុន​រូប​នេះ ក៏​បាន​ជួប​ពិភាក្សា​ដោយ​ផ្ទាល់​ជាមួយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ឯ​វិមាន​សន្តិភាព​។

ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក ហ៊ុន សែន និង​សារព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋាភិបាល Fresh News សុទ្ធ​តែ​អះ​អាង​ថា ប្រមុខ​ការទូត​ជប៉ុនរូបនេះ មិន​បាន​លើក​ឡើង​ពី​​បញ្ហា​នយោបាយ​កម្ពុជា​​ជាមួយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នោះ​ឡើយ។

ប៉ុន្តែ សារព័ត៌មាន​ជប៉ុន NHK បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ថា លោក កូណូ បាន​ជំរុញ​ទៅ​លោក ហ៊ុន សែន ឲ្យ​រៀបចំ​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹម​ត្រូវ។

សារព័ត៌មាន​ជប៉ុន​មួយ​នេះ បាន​ដក​ស្រង់​សម្ដី​ប្រមុខ​ការទូត​ជប៉ុន ដែល​បាន​និយាយ​ថា ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ គួរតែ​ឆ្លុះ​បញ្ចាំង​ឲ្យ​ត្រឹម​ត្រូវ​ពី​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ។

ជាមួយ​គ្នានោះ​ដែរ លោក កូណូ បាន​ដក​ស្រង់​សម្ដី​លោក ហ៊ុន សែន ដែល​បាន​អះ​អាង​ប្រាប់​រូប​លោក​ថា ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ នឹង​មាន​លក្ខណៈ​សេរី និង​ត្រឹមត្រូវ។

បើ​តាម​សារព័ត៌មាន​ដដែល​នេះ លោក កូណូ បាន​និយាយ​ថា ជប៉ុន​នឹង​បន្ត​តាម​ដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ខណៈ​ដែល​បញ្ជាក់​ថា ជប៉ុន​ជាមិត្ត​យូរ​អង្វែង​ជាមួយ​កម្ពុជា និង​មិន​ចង់​ឃើញ​ប្រទេស​មួយ​នេះ​ ប្រឈម​មុខ​នឹង​ការ​រិះគ​ន់​នោះ​ឡើយ។

ទោះជាយ៉ាងណា ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ជប៉ុន​នៅ​កម្ពុជា​នេះ បាន​កើតឡើង​ចំ​ពេល​ដែល​ព្រះ​មហាក្សត្រ​កម្ពុជា ព្រះ​បាទ នរោត្ដម សីហមុនី បាន​យាង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ជប៉ុន​ផង​ដែរ។

នៅ​វិវាទ​នយោបាយ​​កម្ពុជា​ថ្មីៗ​នេះ ក្រុម​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ឆ្នាំ​មុន​នោះ រំពឹង​ថា រដ្ឋាភិបាល​ជប៉ុន​នឹង​ជួយ​សម្រប​សម្រួល​បញ្ចប់​ជម្លោះ​នយោបាយ​មួយ​នេះ ហើយ​អាច​ជួយ​ឲ្យ​កម្ពុជា​ងាក​ទៅ​ដើរ​លើ​ផ្លូវមួយ ដែល​សហគមន៍​អន្តរជាតិ​ហៅ​ថា គន្លង​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ