ឈិត សុវណ្ណបញ្ញា បានតួឯករឿងភាគលើកដំបូងក្រោយ​ចូលថោន

ដោយ លោក វង្ស សុម៉ាលីន​​ | ថ្ងៃចន្ទ ទី៨ ខែឧសភា ឆ្នាំ២០១៧​ ម៉ោង 10:06 AM | កំសាន្ដ | 0 | 1571 តារា​​ចម្រៀង​កញ្ញា ​ឈិត សុវណ្ណបញ្ញា (វង្ស សុម៉ាលីន)

មិនត្រឹមតែ​ទទួល​បាន​​ការចាប់អារម្មណ៍ច្រើនឡើង​​ក្នុងវិស័យចម្រៀងក្រោយពីចាកចេញ​ពីហង្សមាស​ប៉ុណ្ណោះទេ តារាចម្រៀង​នាង​ ឈិត សុវណ្ណបញ្ញា ក៏​​បានបង្ហើប​ថា​ខ្លួន​​​​​សកម្មនឹងការសម្ដែងជាតួឯកលើកដំបូង​​ក្នុងវីដេអូភាគរបស់ទូរទស្សន៍មួយនោះផង។ យ៉ាងណាមិញ នាងអះអាងថា​តំណែងរបស់ខ្លួនមិនមែន​ទទួលបានដោយសារតែ​ផលិតកម្មថោន ផ្ដល់អោយ​នោះទេ តែជាទទួលបានដោយសារតែនាងសម្រេចចិត្ត​​​​​ឈប់ស្ថិតនៅក្រោមឥទ្ធិពលរបស់​ផលិតកម្មហង្សមាស។

កញ្ញា ឈិត​ សុវណ្ណ​បញ្ញា និយាយថា ​មកទល់ពេលនេះ​​នាង​គឺជាតារាចម្រៀងរបស់ផលិតកម្មថោន​ តែនាងមិន​ទាន់​បានចុះកុងត្រា​នៅឡើយទេ ដោយសារតែនាងយល់ថាការចុះកុងត្រា និងមិនកុងត្រា​ គឺមិនមានអ្វីខុសគ្នា តែអ្វី​ដែលសំខាន់​គឺ​ការ​ផ្ដល់តម្លៃអោយគ្នា។

នៅក្នុងផលិតកម្មថោន នាងថាខ្លួនមាន​បទចម្រៀងចេញលក់កាន់តែច្រើន ហើយ​បើនិយាយពីការងារច្រៀងរាំ​វិញ គឺខាងផលិតកម្មមួយនេះផ្ដល់អោយនាងសឹងនឹងរកពេលសម្រាកមិនបាន ជាពិសេស​ការ​បើកឱកាសអោយ​នាង​ចេញច្រៀង​នៅតាមកញ្ចក់ទូរទស្សន៍ ​និង​តាម​បណ្ដាខេត្ត ដែលតម្រូវអោយនាង​ត្រូវតែ​​​​​​​ប្រឹង​ប្រែងហ្វឹកហាត់ទាំង​​​ក្បាច់រាំ និង​ប្ដូរស្ទីលប្លែកៗដើម្បីតម្រូវតាមចិត្តអ្នក​គាំទ្រ។

នាង​ថា​តាំង​ពីដើមខែ​​​​ឧសភាមកទល់ពេលនេះ នាង​ស្បើយឱកាសចេញច្រៀង​​បើធៀបនឹងមុនចូលឆ្នាំ តែនាងសកម្មច្រើនជាង​នឹង​ការ​សម្ដែងរឿងភាគ​មួយ ដែល​​តម្រូវអោយនាង​ត្រូវ​ក្នុងក្រុងផង និងតាមបណ្ដាខេត្ត​ផងតាំងពីព្រឹកទល់ព្រលប់។ នេះជាវីដេអូរឿងភាគ ដែលនាង​មិនមែន​ទទួល​បានពីទូរទស្សន៍ថោន​ដែល​នាង​ចូលជ្រកនោះទេ ប៉ុន្តែជាការ​ផ្ដល់អោយដោយ​ទូរទស្សន៍ ​CTV8HD ដែលនាង​បានទទួលកុងត្រា​តាំងពីមុន​ចូលផលិតកម្មថោន ទើបនាងមានសិទ្ធិទទួលថត ដែលខុសពីតារាចម្រៀងរបស់ផលិតកម្មថោន​ផ្សេង​ទៀត ដែលមិនត្រូវបានអនុញ្ញាតិអោយថត​រឿងនៅ​ប៉ុស្ដិ៍ផ្សេង។

នាង​ថាខ្លួន​ត្រូវ​បាន​​ផ្ដល់​សិទ្ធិអោយថត​ពីសំណាក់ផលិតកម្ម​ថោន ដោយសារតែផ្អែកថារឿងនោះ ​បានទទួលក្រោយពេលនាងចាកចេញពីហង្សមាស​ប៉ុណ្ណោះ ​​ប៉ុន្តែសម្រាប់​ការ​ទាក់ទងអោយនាង​ថតរឿង​​​​​នៅក្នុងរយៈពេលក្រោយក៏នាងមិនដែលហ៊ានទទួល​ដូចគ្នា។ នាងថា​​ទូរទស្សន៍ CTV8HD  និង​នាង​បានព្រមព្រម​គ្នាមុន ហើយ​បើកុំតែក្រោយចូលថោន នាង​​​មានការងារច្រៀង​ច្រើន​ដកឃ្លាមិន​​​ទាន់រួច ទើបរឿងធ្លាក់មកថតនៅ​អំឡុងខែ៥​នេះវិញ។

នេះជាស្នាដៃ​លើកទី១ ដែលនាងមានឱកាសសម្ដែងជាតួឯកក្នុង​រឿងភាគ តែក៏ជារឿង​លើកទី២​ដូចគ្នា​គិតពីកាលមុននាង​​ធ្លាប់​​សម្ដែងជាតួឯកម្ដង​ដែរក្នុងរឿង​ «ទេសចរណ៍ឋាននរក» ដែលជាប្រភេទរឿង​ដុំ​​​ដាក់បញ្ចាំង​ក្នុងរោង។ នាងថា​សប្បាយចិត្ត​ដែល​បានសម្ដែងជាលើកទី២ ​​បើទោះជាការចេញថតម្ដងៗមានភាពនឿយហត់ និងតម្រូវអោយនាង​ត្រូវចំណាយសំលៀកបំពាក់ច្រើនឈុត ដែលនាង​​​​​​​​សារភាពថា​​មិនងាយដូច​អាជីពចម្រៀង​ដែលមានតម្រូវការ​តែមួយ​កំប្លេៗ។ នាងថា​​ការសម្ដែងមិនមែនជា​ចំណូលចិត្តខ្លួនទេ ប៉ុន្តែ​បើ​នាង​មិនសម្ដែងគឺពិតជា​ពិបាក​​កន្ទ្រាក់​បានសន្ទុះគាំទ្រ ទើប​នាង​​​​ត្រូវតែសម្ដែង ​ហើយមានគម្រោង​ទទួលយកការសម្ដែង​បន្ត​ទៀត ប្រសិន​បើថោន​បើកផ្លូវអោយនាងទទួលសម្ដែងក្រៅ​ទូរទស្សន៍​ដូចគ្នានឹង​ការ​​ទទួលសម្ដែង​នៅក្នុង​​ ទូរទស្សន៍CTV8HD ​នា​ពេល​នេះ។ ​​

ខ្សែរឿង​ដែលនាងសម្ងំសម្ដែង​​​​នេះ ថត​បាន​​​​​​​​ជា៣០ភាគរយហើយ​ ដោយនាងត្រូវខាង​ផលិតករ​​អោយសម្ដែង​ជា​តួ​យុវវ័យ និងមានចរឹត​​​​ក្រម៉ិចក្រម៉ើម​​ផង​មិនខុសពីគ្នា​ពីចរឹតលេងសើចនៅខាងក្រៅ​របស់នាង។ យ៉ាងណាមិញ នាង​ហាក់មិនសូវរំពឹងច្រើនទេ ថា​​ផលិតកម្មថោន នឹង​បើកផ្លូវអោយនាងសម្ដែង​​ក្រៅប៉ុស្ដិ៍ ដោយសារតែថោនក៏មានទូរទស្សន៍របស់ខ្លួន និងត្រៀមដាក់បញ្ចំាង​រឿងភាគ​របស់ខ្លួន​​បន្ត​បន្ទាប់ដើម្បីប្រកួតប្រជែង។ ​

នាង​និយាយថា៖ ​​«ចប់រឿង​ហ្នឹងខ្ញុំចង់សម្ដែងទៀត តែមិនដឹងថា​បាន​អត់ទេ ព្រោះលើកហ្នឹង​ខ្ញុំអាច​ថតអោយ​ទូរទស្សន៍CTV8HD គឺដោយសារតែ​ខ្ញុំ​កុងត្រាជាមួយគាត់តាំងពីមុន​ចូលថោន ហើយពេល​ខ្ញុំចូលថោន​ខ្ញុំ​បានបញ្ជាក់គាត់រឿងហ្នឹង ទើបខ្ញុំបាន​ថត​ ដល់ពេល​ទទួលលើកក្រោយ ទាល់តែ​សួរគាត់(ថោន)សិនហើយ!»

នាង​មិនទាន់ដឹងថា​​​ទូរទស្សន៍ថោន ​នឹងមានគម្រោង​ផលិតរឿងហើយជ្រើសយកនាង​អោយសម្ដែងតួឯកព្រោះតែសម្អាងថា​នាង​ធ្លាប់បានសម្ដែងរឿង ឬយ៉ាងណានោះទេ ប៉ុន្តែនាង​ថា​បើទោះ​ជា​បាន​តំណែងតួឯក ឬមិនបាន ក៏សប្បាយចិត្តអោយតែខាងផលិតកម្មថោនលើកស្ទួយខ្លួនដូចពេលនេះមិនប្រែប្រួល។ នាងបានចាត់ទុកថាខ្លួនឯងយីអ៊ុនខ្ពស់ ដោយសារតែ​ក្រៅពីមានការងារច្រើនពាក់ព័ន្ធនឹង​បទចម្រៀង ក៏មានស្ទីល​ប្លែកៗធ្វើអោយអ្នកទស្សនា​ចាប់អារម្មណ៍ ហើយថែមទាំងមាន​រឿងភាគមួយរឿង​​បើកប្រវត្តិសាស្រ្ត​សិល្បៈរបស់ខ្លួន​ក្រោយ​ចូលឆ្នាំ​ខ្មែរ ឬក្រោយ​​​​​​ចូលជ្រកនៅផលិតកម្មថោន​ទៅទៀត។ ​​យ៉ាងណាមិញ នាងថា​ខ្លួនក៏មានសម្ពាធរឿងប្រកួតប្រជែងច្រើនដែរ ​បើធៀបនឹង​ពេលចូលប្រឡូកអាជីពចម្រៀងកាលពីដំបូងៗ ដែលមិនសូវមានតារាយុវវ័យច្រើន​នោះ។

ឈិត សុវណ្ណបញ្ញា​ ប្រកាសថាវីដេអូភាគ​លើកដំបូងរបស់នាង​​គ្រោងដាក់ផ្សាយ​លើកញ្ចក់ទូរទស្សន៍​នៅអំឡុង៣​ខែក្រោយ ដោយនាងរំពឹងថា​​​​តាមរយៈទូរទស្សន៍ CTV8HD ក៏ពិតជាធ្វើអោយមានការ​ទទួលស្គាល់ចំពោះការសម្ដែងរបស់​នាង​​នៅពេល​នោះដែរ។ នាង​បានចាត់ទុកថា​នេះ​ជា​​រឿង​ភាគ​ចុងក្រោយដែលនាងអាចសម្ដែងអោយទូរទស្សន៍ក្រៅផលិតកម្ម ដោយសារតែក្នុងពេលបន្តបន្ទាប់​នាង​ប្រហែលជាមិនអាច​ទទួល​បានឱកាស​នោះ ក្រោយពេល​ទូរទស្សន៍ថោនមានការប្រកួតប្រជែង។ ​នាងរវល់នឹងការចេញថតរឿងនេះ​​ស្ទើររាល់ថ្ងៃ ​ប៉ុន្តែខាង​ផលិតកររឿងក៏​​បើកសិទ្ធិអោយនាង​ចេញច្រៀង​​នៅតាម​​បណ្ដា​ទូរទស្សន៍ និងតាមខេត្តក្រុង ​​ក្រោមការចាត់ចែងរបស់​ផលិតកម្ម​ថោន​ផងដែរ ទើបការទទួលសម្ដែងរឿងរបស់នាងមិនមានបញ្ហាចម្រូងចម្រាស់ពេលវេលា​​នឹងអាជីព។

ឈិត សុវណ្ណបញ្ញា សប្បាយចិត្តដែល​​ទទួលបានការងារ​ច្រើន តាំងពីបាន​ចាកចេញ​ពី​ហង្សមាស តែនាងក៏​បានប្រកាស​ថា​ផលិតកម្មចាស់គឺជា​​ស្ពាន​មួយដ៏សំខាន់ដែលជួយអោយនាង​មានឈ្មោះបោះសំឡេង​នៅក្នុងវិថីសិល្បៈដែលនាងមិនអាច​បំភ្លេច​បាន។ ​ ​នាង​​​ប្រកាស​វាយលុកអោយបាន​​​​ពេញទំហឹង​​​ក្នុងវិស័យចម្រៀងនិង​វិស័យសម្ដែង ​​ដោយ​​នាងបង្ហាញ ជំនឿចិត្តថានឹងកាន់តែមាន​សន្ទុះទីផ្សាររបស់ខ្លួនអោយឈានឡើងក្នុងឆ្នាំ២០១៧នេះ ជាពិសេស​បន្ទាប់ពីខ្សែភាពយន្តភាគរបស់នាង​ត្រូវបានចាក់ផ្សាយនៅ​​លើកញ្ចក់ទូរទស្សន៍ CTV8HD  ​។

ឈិត សុវណ្ណបញ្ញា បញ្ជាក់ថា​​​​នៅផលិតកម្មថោននាង​មានបទច្រើន ដោយបទដែល​នាងពេញចិត្តជាងគេគឺបទ ​«​ឃើញហើយក៏​ហួសចិត្ត» ដែលនាង​បានសម្ដែង​​​លេងស្ទីលតាមជំនាន់​ស្រ្តី​ជំនាន់ដើម។ នាងថា​ខ្លួននឹងមាន​​ស្ទីលច្រៀង​​ប្លែកៗ​បន្ថែមទៀត ដោយក្នុង​នោះ​បទចម្រៀងប្រភេទ Original ក៏នឹងមានការវាយលុក​បន្តបន្ទាប់ផងដែរ ដើម្បីពង្រឹកទីផ្សារ៕

 

សរសេរមកកាន់ លោក វង្ស សុម៉ាលីន តាមរយៈ vongsomalin@yahoo.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required