វិភាគ៖ តើសេចក្តីថ្លែងការណ៍របស់សហគមន៍អន្តរជាតិករណីឃុំខ្លួនមន្រ្តីសិទ្ធិមនុស្ស មានឥទ្ធិពលលើកម្ពុជាឬទេ?

អ្នកជាប់ឃុំទាំង៥ (រូបភាពផ្តល់ឲ្យ)

បន្ទាប់ពីតុលាការកម្ពុជាដែលរងការរិះគន់ថាធ្វើការសម្រេចចិត្តខ្លះ​ស្ថិត​ក្រោមឥទ្ធិពលនយោបាយ ករណីបន្តឃុំមន្រ្តីសិទ្ធិមនុស្សនោះ សហគមន៍អន្តរជាតិបាននាំគ្នាចេញ​​សេចក្តី​ថ្លែងការណ៍ជាបន្តបន្ទាប់ដោយចាត់​ទុកការ​​ឃុំខ្លួននេះថាជាចេតនានយោបាយ។

សហគមន៍អន្តរជាតិដែលជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យទាំងនោះ ក៏បានទាមទារជាថ្មី​ម្តង​ទៀត​ឲ្យ​រដ្ឋាភិបាលកម្ពុជាដោះលែងអ្នកការពារសិទ្ធិមនុស្ស និង​អគ្គលេខាធិការង​ គជប ស្រប​ពេលដែលការបោះឆ្នោត​កាន់តែ​ជិតចូលមកដល់។

កាលពី​ថ្ងៃ​ទី​៤​ខែ​ឧសភានេះ សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា បាន​លើក​ឡើង​ថា ការបន្ដឃុំខ្លួនមនុស្សទាំង៥រូបរយៈពេល៦ខែទៀតថា​ ធ្វើឡើង​តាម «​ទំនើង​ចិត្ត» និងទទូចឲ្យដោះលែងជាបន្ទាន់ ខណៈពួកគេជាប់ពន្ធនាគារជាង១ឆ្នាំមកហើយ។

មួយថ្ងៃក្រោយមកគឺនៅ​ថ្ងៃ​ទី​៥​ឧសភា អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​សេចក្ដី​ថ្លែងការណ៍​របស់​សហភាព​អឺរ៉ុប និង ការិយាល័យ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ ដែល​បារម្ភ​ពី​​ការ​បន្ត​ឃុំ​ខ្លួន​មន្ដ្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក​៤​រូប និង​អគ្គលេខាធិការ​រង គជប ១​រូប​។ ក្នុងសេចក្តីថ្លែងការណ៍ អាមេរិក​ចាត់​ទុក​ការ​ឃុំ​ខ្លួនតាមអំណាច​តុលាការ​កម្ពុជានេះថា​ធ្វើ​តាម​អំពើ​ចិត្ត និង​​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់សិទ្ធិ​ក្រុម​គ្រួសារ​អ្នក​ជាប់​ឃុំ​។ សហរដ្ឋ​អាមេរិក ជំរុញ​ឲ្យ​កម្ពុជា​ពិចារណា​លើ​អនុសាសន៍​ទាំង​ឡាយ​របស់​អង្គការ​អន្ដរជាតិ ដោយ​ត្រូវ​គោរព​តាម​កាតព្វកិច្ច​ដែល​មាន​ចែង​នៅ​ក្នុង​សន្ធិសញ្ញា​សិទ្ធិ​មនុស្ស​។

នេះជាសេចក្តីថ្លែងការណ៍ប្រតិកម្មថ្មីចុងក្រោយ ចំពោះចំណាត់ប្រឆាំងនឹង​មន្រ្តីការពារ​សិទ្ធិ​មនុស្ស​អាដហុក រួមទាំងលោក នី ចរិយា។ កាលពីចាប់ខ្លួនអ្នកទាំងនោះភ្លាមៗ ក្រុម​អង្គការ​ជាតិ​​និង​អន្តរជាតិ ក៏ចេញ​សេចក្តី​​ថ្លែងការណ៍ជាបន្តបន្ទាប់ ដោយ​​ទាមទារឲ្យ​ដោះលែង​អ្នកទាំងនោះ​ដោយ​គ្មាន​លក្ខខណ្ឌ។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និង​សន្តិភាព លោក យង់ គិមអេង យល់ថា ប្រតិកម្មពីសហគមន៍អន្តរជាតិជាថ្មីទៀតនេះចំពោះការឃុំអ្នកការពារសិទ្ធិមនុស្សបានឆ្លុះបញ្ចាំងឲ្យឃើញពីការអនុវត្តន៍ច្បាប់នៅកម្ពុជាខុសពីស្តង់ដារសិទ្ធិមនុស្សដែលកម្ពុជាបានព្រមព្រៀង​ជាមួយអង្គការសហប្រជាជាតិ។

លោកមានប្រសាសន៍ថា «ដោយសារកម្ពុជាជារដ្ឋមួយជាសមាជិកអង្គការសហប្រជាជាតិ…ប្រសិនបើយើង​អត់​សម្របខ្លួនយើងឲ្យស្របទៅអ្វីជាគោលការណ៍សិទ្ធិមនុស្ស បទដ្ឋានអន្តរជាតិ​មួយចំនួនដែល​កម្ពុជា​បានផ្តល់​សច្ចាប័នប្តេជ្ញាថាអនុវត្ត​ឲ្យ​ស្រប​ កាលណាយើង​អត់​ធ្វើ​ទៅ​តាមហ្នឹង អន្តរជាតិតែងតែមានការ​ថ្កោលទោស រិះគន់អាហ្នឹងជៀសអត់​ផុត»។

ប៉ុន្តែក្រសួង​ការបរទេស​កម្ពុជា​ចាត់​ទុក​ថា ការ​សម្រេច​របស់​តុលាការកម្ពុជា​ ករណី​មនុស្ស​ទាំង​៥​រូបនេះថា​ជា​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​ និងបានចោទ​អង្គការ​អន្ដរជាតិ​ទាំងនោះថាលូក​ដៃ​ជ្រៀតជ្រែក​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​ទៀតផង។

សម្រាប់លោក យង់ គិមអេង កម្ពុជាមិនអាចកាត់ផ្តាច់ពីទំនាក់ទំនង​អន្តរជាតិបានទេ។

លោកបន្តថា «យើងត្រូវគិតថាយើងជាផ្នែក​មួយនៃសហគមន៍អន្តរជាតិ។​យើង​អត់អាចកាត់​ផ្តាច់​ខ្លួនឯងពីសហគមន៍អន្តរជាតិបានទេ។ យើងត្រូវការកិច្ចសហប្រតិបត្តិការ នៅក្នុង​​សេដ្ឋកិច្ច​ ការទូត តាំងពីនយោបាយ រឿងរ៉ាវជាច្រើនទៀត…។​ បើយើងអត់ព្រមប្រតិបត្តិឲ្យបានត្រឹមត្រូវ​…វាអាចមានឥទ្ធិពលមិនល្អសម្រាប់កម្ពុជា»។

ថ្វីត្បិតតែការប្រកាសផ្តាច់ជំនួយដោយសហរដ្ឋអាមេរិកមកកាន់កម្ពុជាដោយសារតែគោល​នយោបាយ​​របស់រដ្ឋបាល លោក ដូណាល់ ត្រាំក៏ដោយ តែលោក យង់ គិមអេង យល់ថា ការ​ផ្តាច់​ជំនួយនេះក៏ជាផ្នែកមួយដែលរដ្ឋាភិបាលកម្ពុជាត្រូវ​ស្វែង​យល់​បន្ថែមពីទំនាក់​ទំនង​ជាមួយ​ប្រទេសមហាអំណាចមួយនេះសម្រាប់បញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។

អ្នកប្រឹក្សាផ្នែកសិទ្ធិមនុស្ស លោក សួន ប៊ុនស័ក្ត វិភាគថា ការដែលសហគមន៍អន្តរជាតិ​ចេញ​សេចក្តី​ថ្លែងការណ៍ថ្មីទៀត ករណីឃុំខ្លួនមន្រ្តីអាដហុកនេះ គឺជាសម្ពាធផ្នែកការទូតមួយ​ប៉ុន្តែ​លោកថាការ​ដោះ​លែង​ឬមិនដោះលែង វាសិទ្ធិរបស់កម្ពុជា។ លោកយល់ថាបើ​មិនព្រម​ដោះ​លែង​អ្នកការពារ​សិទ្ធិ​មនុស្សទេ នោះរដ្ឋាភិបាលកម្ពុជានឹងនៅតែ​រងការរិះគន់លើ​ឆាកអន្តរ​ជាតិ​។​ លោកយល់ថា «គ្រាន់តែថាបើគ្មានការដោះលែងឆាប់ៗហ្នឹង វាប៉ះពាល់ដល់​មុខ​មាត់​កម្ពុជា​ក្នុង​ការទំនាក់ទំនងការទូតទៅខាង​ក្រៅពិសេសការទូតជាមួយប្រទេសខាង​ក្រៅ​ដែល​មកកម្ពុជាឲ្យពិចារណាដោះលែងនេះឯង។ នេះជាផលប៉ះពាល់របស់កម្ពុជានៅពេល​ខាមុខ​បើសិនជាមិនទាន់ដោះលែង»។

បើតាមលោក សួន ប៊ុនស័ក្ត សហគមន៍អន្តរជាតិអាចពិចារណាក្នុងការផ្តាច់ជំនួយឬយ៉ាងណា​ដោយ​ថ្លឹងថ្លែងជាមួយតម្លៃនៃទំនាក់ទំនងការទូតរវាងប្រទេសនីមួយៗ ដោយថា​សហគមន៍​អន្តរជាតិ​មានកាតព្វកិច្ចការពារសិទ្ធិមនុស្សផងដែរ ពោលមិនត្រឹមតែតម្លៃការទូតប៉ុណ្ណោះទេ។

លោកបន្តថា «ដូច្នេះការដាក់ទណ្ឌកម្មផ្នែក​សេដ្ឋកិច្ចក៏ដូចជាការ​ផ្តាច់​ជំនួយផ្សេងៗ ខ្ញុំជឿថា​សហគមន៍​អន្តរជាតិ​គេ​នឹង​ថ្លឹង​ថ្លែងឲ្យបានស៊ី​ជម្រៅ រវាង​កាតព្វកិច្ចរវាង​មនុស្ស​ជាតិ​ហើយ​នឹង​ទំនាក់​ទំនង​រវាង​រដ្ឋ​មួយផ្សេងទៀត។តើគួរផ្តាច់​ទំនាក់ទំនង ផ្តាច់ជំនួយ ដោយសារការទំនាក់​ហ្នឹង​មិនគិតពីសិទ្ធិម​នុស្សឬយ៉ាងម៉េច?…»។

មន្ដ្រី​ការពារ​សិទ្ធិ​មនុស្ស​ទាំង​៤​រូប រួម​មាន លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និង​លោកស្រី លឹម មុនី ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​ពី​បទ​សូកប៉ាន់​សាក្សី ក្នុង​សំណុំ​រឿង​អាស្រូវ​ស្នេហា​រវាង​លោក កឹម សុខា និងនាង​ ស្រីមុំ​។ រីឯ​លោក នី ចរិយា ដែល​ជា​អគ្គលេខាធិការ​រង គជប វិញ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ សម​គំនិត​សូកប៉ាន់​សាក្សី ក្នុង​សំណុំ​រឿង​ដូចគ្នា​។ រហូត​មក​ទល់​ពេល​នេះ អ្នក​ទាំង​៥​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ហើយ​ ដោយថាមិនទាន់មានភស្តុតាងគ្រប់គ្រាន់ដើម្បី​បើកសវនាការនៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ