លោក ហ៊ុន សែន អះ​អាង​ថា​លោក​នៅ​តែ​ខ្លាំងបន្ទាប់​ពី​ចេញ​ពី​មន្ទីរពេទ្យ​

លោក ហ៊ុន សែន និង ចៅ ក្រោយត្រឡប់ពីព្យាបាលនៅសិង្ហបុរីកាលពីចុងសប្តាហ៍ (រូបភាពហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន អះ​អាង​ថា​លោក​នៅ​តែ​មាន​សុខភាព​ល្អ​ បន្ទាប់​ពីលោក​បានទៅ​សម្រាកនិងពិនិត្យសុខាភាព នៅ​មន្ទីរ​ពេទ្យមួយក្នុងប្រទេស​សិង្ហបុរីជា​បន្ទាន់កាលពី​សប្តាហ៍​មុន នឹងបាន​ថ្លែងព្រមានទៅ​កាន់ក្រុម​អ្នក​ដែល​ប្រមាថជីវិត​លោក​ថា ​កុំ​ឲ្យ​សង្ឃឹម​ពីព័ត៌មាន​នៃ​​ការ​ស្លាប់​របស់​លោ​កឲ្យ​សោះ។

ថ្លែង​នៅក្នុងទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ខួបទី១៥៤​ នៅព្រឹកនេះ លោក​ ហ៊ុន សែន​ បានយកឱកាស​ថ្លែងអំ​ណរគុណ​ប្រជាពល​រដ្ឋ​ ដែល​បាន​​ជូនពរ​​លោក និង​អះអាងថា ​រហូត​មក​ដល់​ថ្ងៃ​នេះ ​សុខភាព​របស់​លោក​គឺ​នៅ​តែ​រឹង​មាំដដែល។

បន្ថែមពី​នេះ ​លោក​ក៏​បានឆ្លើយ​តប​ទៅ​កាន់ក្រុម​មនុស្ស​មួយ​ចំនួន​ ​ដែលមិនពេញ​ចិត្ត​នឹង​លោក​ នឹង​​បាន​ប្រមាថ​ដល់​ជីវិត​ ដោយ​​ថា កុំ​ឲ្យ​សង្ឃឹម​ពី​ព័ត៌មា​ន​នៃ​ការ​ស្លាប់​របស់​លោក​ឲ្យ​សោះ ហើយថា ​ជីវិតនិង​ការ​ងារ​​​ ដែល​លោក​មាន​សព្វថ្ងៃ​នេះ ​គឺជាអ្វី​ដែល​បាន​ផ្តល់​ឲ្យ​ដោយ​ទេវតា។

លោក​ថា៖ «អ្នក​មិន​អាច​បន់​ស្រន់​ឲ្យ​ទេវតា​ឆក់​យក​ជិវិត​របស់​ខ្ញុំ​ទេ ព្រោះ​ទេ​វតា​បាន​ចារ​មក​ឲ្យ​ខ្ញុំ​នៅ​ទី​នេះ​ច្រើន​ឆ្នាំ​ហើយ រាប់​ទាំង​អស់​លោក​ ដែល​ប្រមាថជីវិត​របស់​ខ្ញុំ​ផង​ដែរ ដែល​ធ្វើ​ឲ្យ​លោក​បាន​រស់ ​ជីដូន​ជីតារបស់​លោក​បាន​រស់។ ការ​ប្រមាថរបស់​អស់​លោក​ ឬ​អ្នក​ទាំង​ឡាយ វា​ក្លាយ​ជា​បណ្តាសារ​ទៅ​លើ​អស់​លោក​ទៅ​វិញ​ទេ។ សុំ​កុំ​សង្ឃឹម​អំពី​ការ​ចាំ​ ហ៊ុន សែន ងាប់។ វាងាប់​ទៅ​ណា​វា បើ​វាមក​ឈរ​ និយាយ​អញ្ចឹង ហើយ​និយាយ​ឭទៀត »

កាលពី​ថ្ងៃ​ពុធ​​សប្តាហ៍​មុន លោក​នាយក​រដ្ឋ​មន្ត្រី​​បាន​ធ្លាក់​ខ្លួនឈឺ ដោយ​សារ​ការ​ហត់​នឿយនឹង​ការ​ងារ ហើយលោកត្រូវបញ្ជូន​ទៅ​សម្រាកពេទ្យជា​បន្ទាន់ ​នៅ​មន្ទី​រពេទ្យ​មួយ​នៃ​ប្រទេស​សឹង្ហបុរី​។ ​

​ក្នុង​ពេលលោក​​សម្រាក​ព្យាបាល​ជាបន្ទាន់​នេះ ក៏​មាន​ផង​ដែរ​នូវ​សារ​ជូន​ពរ និងមាន​សារ​ខ្លះ​ទៀត​ជា​ការ​ប្រមាថ​ដល់​ជិវិត​របស់​លោក ដែលទំនងធ្វើ​ឲ្យ​លោ​កនាយករដ្ឋមន្ត្រី ​មាន​ប្រតិកម្ម​តបវិញនៅ​ថ្ងៃ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ