សហគមន៍បឹងកក់ជំរុញទៅក្រសួងយុត្តិធម៌ជួយអន្តរាគមន៍ដោះលែងអ្នកស្រី ទេព វន្នី

ប្រជាសហគមន៍បឹងកក់ជាង១០នាក់​ បានយកញត្តិដាក់នៅក្រសួងយុត្តិធម៌ឲ្យជួយអន្តរាគមន៍ទៅ​ស្ថាប័ន​ពាក់​ព័ន្ធ ដើម្បីដោះលែងអ្នកស្រី ទេព វន្នី ឲ្យមានសេរីភាពក្នុងថ្ងៃបុណ្យវិសាខបូជាខាងមុខនេះ ដោយថា​ស្រ្តី​រូប​នោះ មិនបានធ្វើខុសដូចការចោទប្រកាន់នោះទេ។

អ្នក​​ស្រី​ ទេព​ វន្នី ត្រូវបានតុលាការកាត់ទោស ដាក់​ពន្ធនាគារ​២ឆ្នាំកន្លះ​ ពាក់​ព័ន្ធ​ការ​ប្រើ​អំ​ពើ​​ហិង្សា​លើ​សន្តិសុខ​ខណ្ឌ​​ដូនពេញ ចំនួន​ពីរ​នាក់ឲ្យរងរបួស នៅខាងកើត​ផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​។

​ប្រជាសហគមន៍បឹងកក់​អ្នកនាង សុង ស្រីលាភ បាន​ថ្លែងប្រាប់អ្នកសារព័ត៌មាននៅមុខក្រសួង​យុត្តិធម៌​នា​ព្រឹក​ថ្ងៃ​ចន្ទទី៨ឧសភា​នេះ​ថា តុលាការកាត់ទោសអ្នកស្រី ទេព វន្នី ដាក់ពន្ធនាគារ ដោយអយុត្តិធម៌ និងមិនមានភស្តុតាងដាក់បន្ទុក​ច្បាស់លាស់នោះទេ​។

ករណីនេះអ្នកនាងថា ពួកគេនាំគ្នាយកញត្តិដាក់​ទៅ​ក្រសួងយុត្តិធម៌ ដើម្បីឲ្យរដ្ឋមន្ត្រីស្ថាប័នមួយនេះជួយអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធលើកលែងទោសអ្នកស្រី ទេព វន្នី ឲ្យមានសេរីភាព និងជួបជុំគ្រួសារ​នៅថ្ងៃវិសាខបូជា​។

អ្នកនាង​ថា៖ «ពួកខ្ញុំបានទទួលដំណឹង​ថា នៅថ្ងៃវិសាខបូជាខាងមុខ​នេះ គឺមាន​ការ​ដោះ​លែ​ង​អ្នក​ទោស​​​មួយចំនួន ខ្ញុំសង្ឃឹមថាអ្នកស្រី ទេព វន្នី ដែលគាត់មិនបានធ្វើអ្វីខុស សូម្បីតែភស្តុតាងក៏មិនមាន ក្រសួង​យុត្តិធម៌គួរតែពិចារណា នឹងពិនិត្យធ្វើការដោះលែងអ្នកស្រី ទេព វន្នី​ឲ្យមានសេរីភាព បាន​ជួប​ជុំ​ក្រុម​គ្រួសារ​​ទៅ ពីព្រោះល្មមនឹងធ្វើការដោះលែងពួកគាត់ បញ្ឈប់ធ្វើបាបពួកគាត់ ជាពិសេស​អ្វី​ដែល​ធ្វើ​បាប​ធ្ងន់​ធ្ងរ​បំផុត​ គឺទឹកចិត្តក្រុមគ្រួសារនៅក្នុងប្រទេសកម្ពុជា ដែលអស់សង្ឃឹមនិងប្រព័ន្ធតុលាការ»។

បន្ទាប់ពីយកញត្តិដាក់នៅក្រសួងយុត្តិធម៌ តំណាងសហគមន៍បឹងម្នាក់ទៀត អ្នកស្រី ប៊ូវ សោភា បានអះអាងថា មន្ត្រីរដ្ឋបាលស្ថាប័ននេះ បានទទួលយកញត្តិពួកគេ ដោយសន្យាថានឹងបញ្ជូនទៅថ្នាក់លើនៅពេលឆាប់ៗខាងមុខនេះ។

អ្នកស្រី​ឲ្យដឹងទៀតថា នៅព្រឹកថ្ងៃស្អែកពួកគេនឹងនាំគ្នា បន្តយកញត្តិដាក់ទៅស្ថាប័ន​ចំនួន៦ទៀត រួមមាន UN ស្ថាន​ទូតជប៉ុន សហគមន៍អឺរ៉ុប ធនាគារពិភពលោក ទូតអាមេរិក និងទូតបារំាង ឲ្យជួយអន្តរាគមន៍​ទៅ​រដ្ឋា​ភិបាល​​កម្ពុជា​ ជុំវិញករណីខាងលើនេះ​ផង​ដែរ​។

លើសពីនេះទៀត អ្នកស្រី ប៊ូវ សោភា បាន​បញ្ជាក់ថា ការចាប់ខ្លួនអ្នកស្រី ទេព វន្នី ជាការ​គំរាមកំ​ហែង​មិន​​ឲ្យ​តស៊ូមតិជួយដល់អ្នករងគ្រោះ ដោយ​អយុ​ត្តិធ​ម៌​សង្គម។

អ្នកស្រីនិយាយថា៖ «នេះជា​ចេតនាមួយ ដើម្បីបំបាក់ស្មារតីអ្នកស្រី ទេព វន្នី មួយទៀតគឺជាចេតនាមួយ ដើម្បីបំបិទរឿងរ៉ាវ​​បឹងកក់ មួយទៀតមិនចង់ឲ្យអ្នកស្រី ទេព វន្នី គាត់ធ្វើយុទ្ធនាការ ឬមួយ ក៏ធ្វើការណាមួយ ផ្តល់យុត្តិធម៌សម្រាប់សហគមន៍ ឬមួយក៏ជនរងគ្រោះ ដែលគាត់រងនូវអំពើអយុត្តិធម៌ បានន័យថា គេសហការគ្នា ដើម្បីបង្កើតអំពើអយុត្តិធម៌ឡើង​ ដើម្បីចោទប្រកាន់ប្រជាពលរដ្ឋ​​​»។

VOD មិនអាចសុំការបំភ្លឺបន្ថែមពីអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន និងលោក គឹម សន្តិភាព បានទេនៅថ្ងៃនេះ​។ ទោះជាយ៉ាងណា លោក ជិន ម៉ាលីន ធ្លាប់ប្រាប់វីអូឌីថា ​ការ​សម្រេច​ក្តី​របស់​តុលាការ​គឺ​ធ្វើ​តាម​បច្ចេក​ទេ​សនិង​នីតិវិធីរបស់​ខ្លួន ហើយ​​លោក​ជម្រុញ​ឲ្យ​អ្នក​ពាក់​ព័ន្ធ​ប្តឹង​ទៅ​កាន់​តុលាការ​ជា​ន់​ខ្ពស់​បន្តទៀត ដើម្បី​ឲ្យ​ប្រាកដពី​យុត្តិ​ធម៌។

អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្ស អង្គការលីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា ដើមចមដែលនាំឲ្យប្រជាសហគមន៍បឹងកក់នាំគ្នាយកញត្តិដាក់ទៅក្រសួងយុត្តិធម៌ ដោយសារកន្លង​ទៅ​លោក ហ៊ុន សែន ធ្លាប់បង្ហើបថា ការ​លើកលែងទោសឲ្យសកម្មដីធ្លីរូបនេះបាន ដរាបណាសាល​ក្រម​តុលា​ការ​ចូលជាស្ថាពរ។

ប៉ុន្តែលោក សំអាត បញ្ជាក់ថា នៅពេលបច្ចុប្បន្ននេះ បើក្រសួងនិងរដ្ឋាភិបាល​មិនធ្វើការដោះលែង​សកម្ម​ជន​ដីធ្លី មន្ត្រីសិទ្ធិមនុស្សទេ នឹងធ្វើឲ្យប៉ះពាល់ដល់មុខ​មាត់រដ្ឋាភិបាល និងកម្ពុជា​ខាតប្រយោជន៍ច្រើនពីសហគមន៍អន្តរជាតិ។

លោកនិយាយថា៖ «យើងឃើញថ្មីៗនេះ ទំាងអង្គការសហប្រជាជាតិ ទំាងសហគមន៍អឺរ៉ុប និងសហរដ្ឋ​អាមេរិកគេបានទទូច ឬក៏គេបានថ្កោលទោស​ទាក់ទងការឃុំខ្លួនសកម្មជនការពារសិទ្ធិមនុស្ស ហើយនឹង​ទទូច​​ឲ្យមានការដោះលែងផងដែរ ហើយប្រសិនជាលោក​មិនពិចារណាទេ ការរិះគន់របស់គេ​ [សហគមន៍អន្តរជាតិ​]នៅមានបន្តបន្ទាប់ទៀត ហើយសហគមន៍អឺរ៉ុប គេពិចារណាទាក់ទងនឹងការផ្អាក​ផ្តល់​ជំនួយ ក្នុងការអភិវឌ្ឍន៍ដូចសហរដ្ឋអាមេរិក កាលណាក្នុងការផ្អាកជំនួយសម្រាប់កម្ពុជា សុទ្ធតែ​ពាក់​ព័ន្ធនឹងសិទ្ធិមនុស្សនៅកម្ពុជា»។

កាលពីចុងខែកុម្ភៈឆ្នាំ២០១៧ អ្នក​​ស្រី​ ទេព​ វន្នី​ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោស ដោយដាក់​ពន្ធនាគារចំនួន​២ឆ្នាំកន្លះ​ ពាក់​ព័ន្ធ​ការ​ប្រើ​អំពើ​ហិង្សា​លើ​សន្តិសុខ​ខណ្ឌ​ដូនពេញ​ពីរ​នាក់ឲ្យរងរបួស​ កាលពីថ្ងៃទី១៣ខែមីនាឆ្នាំ​២០​១៣។ ​ស្រ្តីសកម្មជនដីធ្លីរូបនេះ ត្រូវបានអាជ្ញាធរចាប់បញ្ជូនទៅឲ្យតុលាការកាត់ទោស​៣ដង​រួច​ហើយ។ ករណីនេះ​ ​ក្រុមសកម្មជនដីធ្លីនិង​អង្គការសិទ្ធិមុស្ស ចាត់ទុកសាលក្រមនោះថា មិន​មាន​យុត្តិធម៌៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ