តំណាង​ថៃថា​ការបរាជ័យ​របស់ ​មឿន សុខហ៊ុច គឺជារឿងយុត្តិធម៌

នៅទីបំផុតការ​ប្រកួតលើកទី៣រវាងកីឡាករ​ មឿន សុខហ៊ុច​ ដែលត្រូវគេដឹងថាទើបតែឈ្នះ​ខ្សែក្រវាត់អន្តរជាតិ​មកពីប្រទេសថៃ ជាមួយនឹងកីឡាករថៃឈ្មោះ Niev Vengchan គឺជាកីឡាករថៃ​បានទទួលជ័យជម្នះម្ដង ​​ខណៈដែលការប្រកួត​កាលពី២​លើកកន្លងទៅគឺកីឡាករកម្ពុជាអ្នកឈ្នះពិន្ទុ។

យ៉ាងណាមិញ ​តំណាងកីឡាករដៃ បានអះអាងលទ្ធផលឈ្នះរបស់​កីឡាករ មឿន សុខហ៊ុច កាលពី​​២​លើកមុន គឺជា​​ការផ្ដល់ពិន្ទុ​បែបលម្អៀងចំពោះ​កីឡាករកម្ពុជា​ប៉ុណ្ណោះ ដោយធាតុពិតគឺឲ្យកីឡាកររបស់លោកឈ្នះបែបនេះ ទើបតែជារឿងយុត្តិធម៌។

លោក ថៃ អ៊ូ អ្នកដឹកនាំកីឡាករ​ថៃមកប្រកួតនៅលើសង្វៀនអន្តរជាតិទូរទស្សន៍អាស៊ីអាគ្នេយ៍ ​បាន​ថ្លែងក្រោយបញ្ចប់ការប្រកួតរវាងគូទាំង២កាលពីថ្ងៃទី៧ខែឧសភា ថា រវាងកីឡាករ មឿន សុខហ៊ុច និងកីឡាករ​ Neiv Vengchan ប៉ះគ្នា​៣​លើក​មក​ហើយ ដោយ​​២លើកមុន​​ គឺជាការប្រកួតមិត្តភាពបែបនេះដូចគ្នា ហើយលទ្ធផលកីឡាកររបស់លោកទទួលបរាជ័យទាំងមិនអស់ចិត្ត។

លោកបានចោទថា​លទ្ធផលដែល​​​​ផ្ដល់អោយ​​​២លើកកន្លងមក គឺលទ្ធផល​លើកជើងចំពោះកីឡាករកម្ពុជា ដោយលោក​នៅតែបញ្ជាក់ថា​គឺ​កីឡាកររបស់លោកមិនសម​ចាញ់។ លោកថា​ការប្រកួត​កាលពី២​លើកមុន​មិនខុសពីការ​ប្រកួតលើកទី៣​​​នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍​នោះទេ ​ប៉ុន្តែលទ្ធផលកាលនោះបានអោយកីឡាកររបស់លោក​ចាញ់​ពិន្ទុនៅវគ្គចុងក្រោយ។ លោកចាត់ទុកថា​លទ្ធផលកាលពីលើកមុនគឺជាលទ្ធផល​លម្អៀត ​​​​ដោយបានទាំងអះអាងថា​​កីឡាកររបស់លោក​ដដែល​នេះ មិនចង់​​​មកប្រកួតជាមួយមឿន សុខហ៊ុច ជាលើកទី៣នេះផង។ លោកថា​ការប្រកួត​កាលពី​២​លើកមុន ត្រូវបានធ្វើឡើង​នៅ​ប៉ុស្ដិ៍ផ្សេង ហើយ​បើការ​ប្រកួតសងសឹកលើកនេះ មិន​បាន​ប្ដូរមកធ្វើនៅប៉ុស្ដិ៍អាស៊ីអាគ្នេយ៍នោះទេ គឺប្រហែលជា​កីឡាករថៃ Niev Vengchan មិនទទួលប្រកួត​នោះផង។ ​លោកថា ​​​លទ្ធផលដែល​​បាន​ប្រកាសឡើងថា​កីឡាករ​ខ្លួន​​ឈ្នះពិន្ទុ​ក្នុងជំនួបសងសឹក​ដែលបានធ្វើឡើង​ចុងក្រោយកាលពីថ្ងៃអាទិត្យ គឺជារឿងត្រឹមត្រូវ និងយុត្តិធម៌ ​​​និងថា​នេះជាលទ្ធផលដែល​ធ្វើអោយកីឡាកររបស់លោកអស់ចិត្ត។

លោកនិយាយថា៖ «​ការប្រកួត​២លើកមុន​​ហ្នឹង​មិនមែន​នៅ​ប៉ុស្ដិ៍អាស៊ីអាគ្នេយ៍ទេ ហើយ​ប៉ុស្ដិ៍មួយហ្នឹងមិនដឹង កីឡាករថៃប្រកួតឈ្នះមិចក៏អោយចាញ់ដែរ ទើបកីឡាករលែងចង់ឡើងប្រកួតតាំងពី​មិនទាន់​បិទ!»

ការលើកឡើងរបស់លោកគឺចង់សំដៅដល់ទូរទស្សន៍អប្សរា ខណៈដែលសង្វៀនមួយនេះត្រូវគេរិះគន់លើករណីនេះ​ច្រើនលើក មុនពេល​ពេល​​​​​​​​​បិទចោល​ឈប់ប្រកួត​​ជាផ្លូវការ។

លោក​ ថៃ អ៊ូ ​បញ្ជាក់ថាកីឡាករបស់លោកអោយ​​​​​​ដាក់អោយទៅ​ប្រកួត​លើសង្វៀន​នោះ​គឺ​ដឹង​ខ្លួនជាស្រេច​ថាខ្លួននឹង​ចាញ់ ជាពិសេស​នៅពេលប៉ះជាមួយកីឡាករល្បីឈ្មោះ​នៅក្នុងពិភពប្រដាល់ ​ដូចជាប៉ះជាមួយ​កីឡាករ​ មឿន សុខហ៊ុច ដល់ទៅ២លើក​នោះ។ ​​​​យ៉ាងណាមិញ លោកថាកីឡាកររបស់លោក​បាន​បង្ហាញអារម្មណ៍អស់ចិត្ត ​​ក្នុងពេល​ប៉ះគ្នាជាលើកទី​៣​នៅ​លើសង្វៀនអាស៊ីអាគ្នេយ៍ ហើយបានឈ្នះពិន្ទុដូចការចង់បាន ​បើទោះ​ជាបានត្រឹមលទ្ធផលឈ្នះ​មិនដាច់។

លោកថា​កីឡាករ​ថៃ​​គូនេះ​ល្អ ហើយកីឡាករ​​កម្ពុជាក៏​មានបច្ចេកទេសរស់រវើក​ផងដែរ ប៉ុន្តែ​​បើ​សំដៅដល់បច្ចេកទេសបានពិន្ទុ លោកថា​កីឡាករថៃ​​របស់លោកវាយត្រូវច្រើន ដែល​លទ្ធផល​ឈ្នះគឺជារឿងដែលលោកយល់ថា​សមហេតុផល មិនដូចលទ្ធផលដែលកាត់ក្ដីអោយកាលពី​២លើកមុន។

លោក ញាណ សុធី​ អ្នករៀបចំការប្រកួត​ប្រចាំនៅទូរទស្សន៍អាស៊ីអាគ្នេយ៍​បានអះអាងថា សម្រាប់សង្វៀនរបស់លោក​អត់ខ្វល់ថា​កីឡាករ​បរទេស ឬ​កម្ពុជា​នោះទេ សំខាន់អោយតែ​​​​ប្រកួត​បានពិន្ទុឈ្នះគឺលោក​នឹងឈ្នះតែម្ដង ​ដើម្បីកុំអោយមានការរិះគន់​ពីសំណាក់អ្នកទស្សនា។ យ៉ាងណាមិញ លោកក៏​ទទួលស្គាល់ថា​ពេលខ្លះ​​​​​សង្វៀនរបស់លោក​ក៏ធ្លាប់​អោយកីឡាករ​បែបលម្អៀង​ផងដែរ ​​នៅពេល​​​​​​​ខ្លួនស៊ើបដឹងថា​​កីឡាករណាម្នាក់​​បន្លំធ្វើចាញ់ ដើម្បី​លក់ដូរលទ្ធផល។ លោកថា​​ពេលខ្លះលោកដឹងថា​កីឡាករកម្ពុជា​ធ្វើចាញ់​ ​​​​ហើយលោកក៏សម្រេច​អោយឈ្នះដូចគ្នា ដើម្បី​បំបាក់អ្នក​​​ទិញដូរ​លទ្ធផល​​ដែល​បាន​ទិញ​ដូរ​កីឡាករ។ យ៉ាងណាមិញ លោកថា​មិនហ៊ាន​ថា​លទ្ធផលអោយចាញ់ទៅលើកីឡាករ Neiv Vengchan ​ដោយសារតែហេតុផល​ហ្នឹងដូចគ្នា ឬ​​ចង់យោងកីឡាករកម្ពុជា​នោះទេ ​ប៉ុន្តែសម្រាប់សង្វៀនរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ លោកថា​បើមិនមាន​ការស៊ើបដឹងរឿងទិញដូរ គឺលទ្ធផលត្រូវតែយុត្តិធម៌។

លោកនិយាយថា៖ ​«​ការពិតអោយខ្មែរ​ឈ្នះប៉ុណ្ណឹងៗ​នៅចាញ់​ស្រុកថៃផង ព្រោះ​នៅហ្នឹងកីឡាករខ្មែរយើងទៅប្រកួត​បើវ៉ៃពួកវាមិនសន្លប់​វា​អោយចាញ់តែរហូត​ហ្នឹង តែ​​​នៅ​​​​នេះ(សង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍) យើង​អត់ធ្វើចឹងទេ តែឈ្នះ​អោយឈ្នះ​តែចាញ់អោយចាញ់​ហើយ ដើម្បីអោយកុំអោយកីឡាករយើង​បាន​ចិត្ត!»

លោកថា​ការប្រកួតរវាង ​មឿន សុខហ៊ុច និង​កីឡាករថៃ​​គូនេះ នឹង​អាច​ប៉ះគ្នា​ម្ដងទៀត ​ដើម្បី​កុំអោយកីឡាករ​កម្ពុជា​​​​​​​​​​​​ចាញ់ទាំងមិនអស់ចិត្ត​វិញ។ លោកឯកភាពថា ​ការលើកឡើង​​របស់ថៃ អ៊ូ រឿងអោយ​​​កីឡាករថៃឈ្នះ​ជារឿងយុត្តិធម៌ ថា​ត្រឹមត្រូវ ដោយលោកបញ្ជាក់ថា​ ​កីឡាករ​មឿន សុខហ៊ុច ដែលទើបទទួល​បាន​​​ខ្សែក្រវាត់​មកពីប្រទេសថៃកាលពីច្រើនសប្ដាហ៍មុន ​វាយចេញច្រើនតែ​មិនសូវត្រូវគោលដៅ​​​​ទៅលើគូប្រកួត ទើប​​ការប្រកាសអោយថៃឈ្នះ ជារឿងត្រឹមត្រូវ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ