បង្ក្រាប​ផ្ទះ​បន​កណ្ដាល​ក្រុង​បាងកក រក​ឃើញ​នារី​រក​ស៊ី​ផ្លូវ​ភេទ​ជា​អនីតិជន​ច្រើន​នាក់

(រូបភាពពី AFP)

ក្រុមអ្នកស៊ើបអង្កេតបានឲ្យដឹងនៅថ្ងៃពុធនេះថា ការបង្ក្រាបទៅលើផ្ទះបនដ៏ធំមួយដែលល្បីខាងម៉ាស្សាដោយប្រេងនៅក្នុងទីក្រុងបាងកកនោះ បានរកឃើញនារីបម្រើសេវាផ្លូវភេទជាអនីតិជននិងបញ្ជីកត់ត្រាដែលរៀបរាប់ពីការចំណាយធំៗសូកប៉ាន់នគរបាលនិងមន្ត្រី។

កម្លាំងនគរបាលថៃល្បីខាងប្រព្រឹត្តអំពើពុករលួយ ប៉ុន្តែវាជាករណីដ៏កម្រមួយដែលអាជ្ញាធរថៃបានទម្លាយឲ្យដឹងច្បាស់ពីរបៀបដែលករណីនេះត្រូវបានគេការពារ។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថាមន្ត្រីជាង១០០នាក់មកពីក្រសួងមហាផ្ទៃរបស់ថៃបានឆ្មក់ចូលហាងម៉ាស្សាណាតារី ស្ថិតក្នុងសង្កាត់ដ៏ល្បីល្បាញមួយសម្រាប់ប្រជាជនក្នុងស្រុកនិងជនបរទេស។

នៅអំឡុងការឆ្មក់ចូលបង្ក្រាបកាលពីល្ងាចថ្ងៃអង្គារម្សិលមិញនគរបាលបានរកឃើញឯកសារនានាដែលនិយាយពីការចំណាយប្រាក់មានតម្លៃរាប់ពាន់ដុល្លារទៅដល់នគរបាលនិងមន្ត្រីនៅទីក្រុងបាងកក។

លោក រ៉ុនណារ៉ុង ធិបសិរី ប្រធានការិយាល័យការពារដែនដីដែលចូលរួមក្នុងការបង្ក្រាបនោះបាននិយាយថា សៀវភៅបញ្ជីគណនេយ្យបានបង្ហាញច្បាស់លាស់នូវភ្នាក់ងារនិងមនុស្សទទួលលុយកាក់ដែលភាគច្រើនជានគរបាលនិងភ្នាក់ងារនគរបាល។

លោកបន្ថែមថា ក្រុមរបស់លោកមិនបានរាយការណ៍ព័ត៌មានទៅប្រធានផ្នែកបង្ក្រាបនោះឡើយ ដោយសារ ពួកគេទទួលបានប្រយោជន៍ពីប្រតិបត្តិការនេះ។

រូបថតនៃបញ្ជីមួយក្បាលដែលអ្នកសារព័ត៌មានយកបាននៅក្នុងប្រតិបត្តិការនោះ បានបង្ហាញនូវលុយជាង១ម៉ឺនដុល្លារត្រូវបានគេបង់ឲ្យមន្ត្រីនគរបាលនិងភ្នាក់ងារអនុវត្តច្បាប់នៅក្នុងរយៈពេល២០ថ្ងៃក្នុងខែមីនាឆ្នាំនេះ។

លោក រ៉ុនណារ៉ុង បានឲ្យដឹងថាបញ្ជីមួយក្បាលទៀតបានបង្ហាញនូវទឹកប្រាក់ជិត៥៤ម៉ឺនដុល្លារ ដែលគេបានសូកប៉ាន់ ប៉ុន្តែលោកពុំបានបញ្ជាក់ពីពេលវេលានៃការសូកប៉ាន់នោះឡើយ។

ការបង្ក្រាបនោះបានរកឃើញនារីបម្រើសេវាផ្លូវភេទជាអនីតិជនជាច្រើននាក់ភាគច្រើនជាជនបរទេសដែលវាបង្ហាញឲ្យឃើញថាជនចំណាកស្រុកក្រីក្រវ័យក្មេងៗនៅតែត្រូវបានគេលួងលោមឲ្យចូលក្នុងសេវាផ្លូវភេទនៅថៃ។

លោក រ៉ុនណារ៉ុង បញ្ជាក់ថា៩០ភាគរយនៃនារីទាំង១២១នាក់ដែលបម្រើការនៅក្នុងផ្ទះបននោះគឺជាជនជាតិភូមា ជាពិសេសជនជាតិភាគតិចមកពីតំបន់ព្រំដែននៃប្រទេសទាំងពីរនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ