ឌុចថាកម្ពុជាប្រជាធិបតេយ្យមានគោលការណ៍ចាប់កូនប្រពន្ធរបស់អ្នកទោសមកកម្ទេ​ច​ចោល​ដោយមិនលើកលែង​

លោក កាំង ហ្កេកអ៊ាវ ហៅឌុច អតីតប្រធានមន្ទីរសន្តិសុខ ស-២១ ពេលផ្តល់សក្ខីកម្មកាលពីថ្ងៃ​អង្គារ(រូបថតពីសាលាក្តីខ្មែរក្រហម)

លោក កាំង ហ្កេកអ៊ាវ ហៅឌុច អតីតប្រធានមន្ទីរសន្តិសុខ ស-២១ឬគុកទួលស្លែង ដែលត្រូវបានតុលាការខ្មែរក្រហមកាត់ទោសឲ្យជាប់ពន្ធនាគារមួយជីវិត បានថ្លែងថារបបកម្ពុជាប្រជាធិបតេយ្យមានគោលការណ៍មួយគឺចាប់ក្រុមគ្រួសាររបស់អ្នកទោសដែលត្រូវបានគេចាប់យកមកដាក់គុកទួលស្លែង។

ក្នុងការផ្តល់សក្ខីកម្មថ្ងៃទី២ លោក ឌុច ដែលគ្រប់គ្រងគុកទួលស្លែងដោយមានការធ្វើទារុណកម្មនិងសម្លាប់មនុស្សជាង១៥០០០នាក់ ត្រូវបានសហព្រះអាជ្ញារងអន្តរជាតិ លោក ដេល ឡៃសាក់ សួរសំណួរទាក់ទងនឹងការចាប់ប្រពន្ធនិងកូនរបស់អ្នកទោស។ លោក ឌុច បានថ្លែងថាកូននិងប្រពន្ធរបស់អ្នកទោសមានទោសដូចគ្នាហើយត្រូវកម្ទេចចោលតាមគោលការណ៍របស់បក្សកុម្មុយនីស្តកម្ពុជាប្រជាធិបតេយ្យ។ លោកបញ្ជាក់ថា៖ “កូននិងប្រពន្ធអ្នកដែលមានទោស គេចាត់ទុកដូចអ្នកមានទោសអញ្ចឹង ត្រូវតែកម្ទេច បើមិនមានសារៈសំខាន់អីសម្រាប់សួរចម្លើយទេ គេកម្ទេចហើយ។ កុំថាតែកូនថាច់ ជា ដែលគាត់ធ្វើជារដ្ឋមន្រ្តីរបស់លន់ នល់។ សូម្បីតែកូនបង វន តួនាទីវន វ៉េត មិនស្ទើរទេ ជាអចិន្រ្តៃយ៍មជ្ឈិមបក្ស ជាឧបនាយករដ្ឋមន្រ្តី នៅពេលដែលគេចាប់បងវន បងវិន(ប្រពន្ធរបស់វន វ៉េត) ក៏ត្រូវគេចាប់…”។ កាលណាបើគេចាប់ឪពុកហើយគឺគេចាប់កូននិងប្រពន្ធហើយ”

លោកបន្តថាគោលការណ៍នៃការម្ទេចក្រុមគ្រួសាររបស់អ្នកទោសនេះធ្វើឡើងក្រោយថ្ងៃ១៧មេសា ឆ្នាំ១៩៧៥។ លោកបានបញ្ជាក់ទៀតថាការចាប់ក្រុមគ្រួសាររបស់អ្នកទោសនេះគឺធ្វើឡើងតាមបញ្ជារបស់ថ្នាក់លើ មិនមែនជាការសម្រេចរបស់ប្រធានគុកទួលស្លែង ធ្វើឡើងស្រេចតែចិត្តនោះទេ។

លោក ឌុច បានឲ្យដឹងទៀតថាលោកធ្លាប់បានទទួលបញ្ជាពីមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម លោក នួន ជា ឲ្យចាប់ប្រពន្ធរបស់អ្នកមានទោស ដោយលើកឧទាហរណ៍ចាប់ប្រពន្ធរបស់លោក វន វ៉េត ជាអតីតរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងប្រពន្ធរបស់លោក ចេង អន ជាអតីតរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម។

លោកក៏បានបញ្ជាក់ថាលោកក៏ធ្លាប់មានបទពិសោធន៍ក្នុងការជួយក្មេងៗមួយចំនួនផងដែរ។

សហព្រះអាជ្ញារងអន្តរជាតិ លោក ដេល ឡៃសាក់ បានសួរថាតើមានមូលហេតុអ្វីបានជាគេចាប់ប្រពន្ធកូនរបស់ខ្មាំង លោក ឌុច បានឆ្លើយថានេះគោលជំហររបស់បក្សកុម្មុនីស្តកម្ពុជា ដែលផ្ទុយពីពុទ្ធឱវាទដែលថាពាក្យត្រូវរំងាប់ដោយការមិនចងពៀរ។ លោកបញ្ជាក់ថា៖ “(គោលការណ៍បក្សកុម្មុយនីស្តកម្ពុជាប្រជាធិបតេយ្យ)បំណុលឈាមត្រូវតែសងដោយឈាម”។ លោកបន្ថែមថាមានការលើកឡើងថា៖ “ខ្លាចកូនៗទាំងនោះ ធ្វើការសងសឹក” ដែលលោកថាលោកបានឭជាញឹកញាប់ពីលោក សុន សេនឬសមមិត្ត ខៀវ ដែលជារដ្ឋមន្ត្រីក្រសួងសន្តិសុខនិងការពារប្រទេស។

លោក នួន ជា អតីតប្រធានរដ្ឋសភានៃរបបកម្ពុជាប្រជាធិបតេយ្យនិងជាអនុលេខាបក្សកុម្មុយនីស្តកម្ពុជាធ្លាប់បានបញ្ជាក់ថាលោកមិនទទួលខុសត្រូវលើការសម្លាប់នៅគុកទួលស្លែងនោះទេ។ លោក ឌុច ហៅការបដិសេធនេះគួរឲ្យ”ភ្ញាក់ផ្អើលនិងគ្មានន័យ”។ លោកបញ្ជាក់ថា៖ “ការបដិសេធរបស់ពូនួន(លោក នួន ជា) ធ្វើឲ្យខ្ញុំភ្ញាក់ផ្អើល ធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលមែនទែន។ ខ្ញុំមិនស្មានថាវាដល់អញ្ចឹងសោះ។ មន្ទីរស២១ ក៏ដូចជាមន្ទីរនគរបាលទាំងអស់នៅក្នុងបក្សកុម្មុយនីស្តកម្ពុជា វាស្ថិតនៅក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តកម្ពុជា វាស្ថិតនៅក្រោមបញ្ជារបស់បក្សកុម្មុយនីស្តកម្ពុជា”។ លោកបន្ថែមថា៖ “ពូនួនគាត់បដិសេធបញ្ហានេះ ខុសហើយ។ ក្នុងបក្សកុម្មុយនីស្តកម្ពុជា អ្នកណាមិនគោរពបក្ស អ្នកណាដែលធ្វើការងារអីក្រៅពីលេខានិងអនុលេខាបក្សសម្រេច។ នេះការចាត់តាំងរបស់បក្សកុម្មុយនីស្តកម្ពុជា គឺវាអញ្ចឹង”។

លោក ឌុច ត្រូវបានកោះហៅមកផ្តល់សក្ខីកម្មក្នុងប្រធានបទទីបួននៃសំណុំរឿង០០២/០២ទាក់ទងនឹងមន្ទីរសន្តិសុខនិងការបោសសម្អាតផ្ទៃក្នុងជាពិសេសគឺពាក់ព័ន្ធនឹងមន្ទីរសន្តិសុខស-២១។ អង្គជំនុំជម្រះសាលាដំបូងបានត្រៀមរយៈពេល៩ថ្ងៃដើម្បីសាកសួរទៅលើសាក្សីរូបនេះ។

គួរបញ្ជាក់ថាកាលពីថ្ងៃ៣ ខែកុម្ភៈ ឆ្នាំ២០១២ អង្គជំនុំជម្រះតុលាការកំពូលនៃអ.វ.ត.ក បានសម្រេចតម្កល់ពិរុទ្ធភាពរបស់ឌុចសម្រាប់ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនិងការបំពារបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ហើយបានសម្រេចផ្តន្ទាទោសគាត់ដោយដាក់ពន្ធនាគារអស់មួយជីវិត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ