ក្រសួងសុខាភិបាលអំពាវនាវឲ្យប្រុង​ប្រយ័ត្ននឹងជំងឺគ្រុនឈាម

ក្រសួងសុខាភិបាលបានអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ននឹងជំងឺគ្រុនឈាម ដោយថាជំងឺនេះកំពុងកើនឡើងខ្លាំងក្នុងឆ្នាំនេះ ដោយសារឆ្នាំនេះជាវដ្តនៃឆ្នាំរាត្បាតនិងស្ថិតក្រោមឥទ្ធិពលនៃការបំរែបំរួលអាកាសធាតុ។

ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី៧ ខែមិថុនា ក្រសួងសុខាភិបាលបានឲ្យដឹងថាឆ្នាំ២០១៦នេះជាឆ្នាំដែលកំពុងឈានចូលដល់វដ្តនៃឆ្នាំរាតត្បាតជំងឺគ្រុនឈាមដែលកើតមានម្តងជារៀងរាល់៣ទៅ៥ឆ្នាំម្តងនិងជាឆ្នាំកំពុងស្ថិតនៅក្រោមឥទ្ធិពលបំរែបំរួលអាកាសធាតុ។ ក្រសួងបានណែនាំឲ្យប្រជាពលរដ្ឋអនុវត្តវិធានការការពារសុខភាព ក៏ដូចជាការណែនាំរបស់អង្គការសុខភាពពិភពលោក ដើម្បីកាត់បន្ថយភ្នាក់ងារចម្លងមូស រួមមានត្រូវកម្ចាត់ដង្កូវទឹកនៅកន្លែងមានទឹកដក់,ត្រូវសហការជាមួយបណ្តាយសុខាភិបាលមូលដ្ឋានដើម្បីដាក់ថ្នាំអាបែតឬប៊ីធីអាយ, កប់ឬដុតចោលឬទុកឲ្យមានរបៀបនូវរាល់សម្ភារៈដោយជៀសវាងកុំឲ្យមានទឹក, ត្រូវធ្វើអនាម័យក្នុង  ឬបរិស្ថានជុំវិញផ្ទះឲ្យបានស្អាតដើម្បីកម្ចាត់ជម្រកមូសខ្លា។ ក្រសួងក៏បានណែនាំឲ្យប្រញាប់ប្រញាល់នាំអ្នកជំងឺគ្រុនក្តៅខ្លាំងភ្លាមៗ មកទទួលសេវាថែទាំសុខភាពសាធារណៈដែលនៅជិតបំផុតដូចជាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកឬមន្ទីពេទ្យ ដើម្បីពិនិត្យនិងព្យាបាលបានទាន់ពេលវេលា។

ក្រសួងបានបញ្ជាក់ថា៖ “ត្រូវចៀសវាងដាច់ខាតនូវការទុកអ្នកជំងឺគ្រុនក្តៅភ្លាមៗនៅផ្ទះនិងផ្តល់ការព្យាបាលមិនត្រឹមត្រូវ ដោយបុគ្គលដែលគ្មានជំនាញវិជ្ជាជីវៈពេទ្យ ព្រោះករណីជំងឺគ្រុនឈាមគឺអាចស្លាប់បានគ្រប់ពេល ជាពិសេសករណីមកទទួលសេវាថែទាំសុខភាពយឺតយ៉ាវ ឬបានប្រើប្រាស់គ្រប់ប្រភេទថ្នាំអាស្ពេរីន ជាមុនៗមកពេទ្យ “។

បើតាមសេចក្តីប្រកាសព័ត៌មាននេះ នៅដើមឆ្នាំ២០១៦ គិតចាប់ពីខែមករាដល់ខែឧសភា មានករណីជំងឺគ្រុនឈាមសរុបចំនួន១៩១៥ករណី ស្លាប់ចំនួន៥ករណីដែលចំនួននេះមានការកើនឡើងពីរដងច្រើនជាងឆ្នាំ២០១៥ ដែលមានតែ៩៦៧ករណីនិងស្លាប់១ករណី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ