មនុស្ស​មួយនាក់ស្លាប់​និង​ពីរបីនាក់ទៀតបាត់ខ្លួនដោយ​សារខ្យល់កន្ត្រាក់​លិចទូកដនៅល្វាឯម

(រូបថតពីហ្វេសប៊ុក​Sok Chamroeun)

សមត្ថកិច្ចអះអាងថាមនុស្សមួយនាក់បានស្លាប់និងពីរបីនាក់ទៀតបានបាត់ខ្លួននៅក្នុងហេតុការណ៍លិចទូកដនៅស្រុកល្វាឯម ខេត្តកណ្តាល ដោយសារខ្យល់កន្ត្រាក់ខ្លាំងនៅរសៀលថ្ងៃពុធនេះ។

ស្នងការរងខេត្តកណ្តាល លោក វ៉ែន សុវិន ប្រាប់វីអូឌីថារបាយការណ៍បឋមដែលលោកទទួលបានគឺនគរបាលបានរកឃើញសាកសពយុវជនមួយនាក់។ លោកបន្តថានៅលើទូកដនោះមានមនុស្សប្រមាណ១០នាក់ដែលក្នុងនោះ៦នាក់បានហែលចេញពីទូកនិងត្រូវបានជួយសង្រ្គោះ។ លោកបញ្ជាក់ថាមនុស្សពីរបីនាក់ទៀតមិនទាន់រកឃើញរហូតដល់ម៉ោង៦និង៣០នាទីយប់នេះ។ លោកសន្និដ្ឋានជាជំហានដំបូងថាការលិចទូកដនេះអាចមកពីការធ្វេសប្រហែសរបស់អ្នកបញ្ជាទូក ស្របពេលអ្នកបើកទូករត់គេច ក្រោយពីមានហេតុការណ៍នេះ។

មន្ត្រីប្រចាំបញ្ជារបស់អធិការដ្ឋាននគរបាលស្រុកល្វាឯមប្រាប់វីអូឌីដោយមិនបញ្ចេញឈ្មោះថាទូកនោះដឹកអ្នកដំណើរឆ្លងកំពង់ដពីកោះកែវទៅសំរោងធំ ស្រុកកៀនស្វាយ ហើយបានក្រឡាប់លិចចាក់អ្នកធ្វើដំណើរ និងម៉ូតូ៤គ្រឿង។ លោកបានឲ្យដឹងទៀតថាហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១និង៣០នាទី នៅភូមិកោះកែវ ឃុំកោះកែវ ខណៈពេលដែលមានភ្លៀងខ្លាំងនិងមានខ្យល់កន្ត្រាក់។ លោកបន្ថែមថាសមត្ថកិច្ចកំពុងស្រាវជ្រាវមុជរកជនរងគ្រោះបន្ថែមទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ