គ្រួសារចោទ​នគរបាលថាយកគ្រឿងញៀន​មកដាក់​ដើម្បីបង្វែររឿងបាញ់អ្នក​បើកម៉ូតូមិនគោរពច្បាប់​ចរាចរណ៍

បុរសពីរនាក់​ដែលត្រូវបាន​សមត្ថកិច្ច​អះអាង​ថា​ជាប់ពាក់ព័ន្ធ​នឹង​គ្រឿងញៀន(រូបថតបង្ហោះលើហ្វេសប៊ុក​)

គ្រួសារបុរសពីរនាក់ដែលសមត្ថកិច្ចអះអាងថានគរបាលបានរាលកៃកាំភ្លើងបាញ់ឲ្យរបួសជើងពេលប្រតិបត្តិការចាប់គ្រឿងញៀន បានឲ្យដឹងថាបុរសទាំងពីរមិនបានរក្សាទុកគ្រឿងញៀនដូចការចោទប្រកាន់នោះទេនិងថានគរបានខណ្ឌឬស្សីកែវបានបង្ខំឲ្យពួកគេឆ្លើយថាមានគ្រឿងញៀននៅនឹងម៉ូតូ។

កាលពីថ្ងៃទី២ ខែមិថុនា កាសែតកោះសន្តិភាពបានចុះផ្សាយថាសមត្ថកិច្ចខណ្ឌឫស្សីកែវបានបាញ់បុរសម្នាក់ឲ្យរបួសជើង ដោយសាគេចវេសពីការត្រួតពិនិត្យចរាចរណ៍។ ទោះជាយ៉ាងណា សមត្ថកិច្ចបានច្រានចោលការចុះផ្សាយនេះ ដោយថាអ្នកទាំងពីរជាមុខសញ្ញាគ្រឿងញៀន ហើយថាការផ្ទុះអាវុធជាការរាលកៃកាំភ្លើង។

អ្នកស្រី គឹម សំអឿន ត្រូវជាម្តាយមីងរបស់លោក អ៊ុត សំអៀង ដែលត្រូវរបួសជើងដោយសារគ្រាប់កាំភ្លើងនោះ ប្រាប់វីអូឌីតាមទូរស័ព្ទនៅព្រឹកនេះថាក្មួយរបស់គាត់និងឈ្មោះ អឿន សុធារ៉ា ត្រូវសមត្ថកិច្ចបង្ខំឲ្យទទួលសារភាពថាខ្លួនមានរក្សាទុកសារធាតុញៀន។ អ្នកស្រីថាក្មួយរបស់អ្នកស្រី បានប្រាប់អ្នកស្រីដូច្នេះនៅពេលអ្នកស្រីបានជួបពួកគេនៅអធិការដ្ឋានខណ្ឌឫស្សីកែវនិងតាមទូរស័ព្ទ។

អ្នកស្រីឲ្យដឹងដែរថាសមត្ថកិច្ចបានបាញ់ទៅលើក្មួយអ្នកស្រីចំនួនពីរគ្រាប់ ខណៈដែលអ្នកទាំងពីរគេចពីការត្រួតពិនិត្យចរាចរណ៍ តែថាគ្រាប់ទី២បានចំកំភួនជើងរបស់អ៊ុត សំអឿន ហើយពួកគេទាំងពីរក៏ត្រូវបាននាំខ្លួនមកអធិការដ្ឋានខណ្ឌឫស្សីកែវ។ អ្នកស្រីបន្តថាសមត្ថកិច្ចវាយធ្វើបាបក្មួយទាំងពីរបស់អ្នកស្រីនិងបានបង្ខំឲ្យសារភាពថាខ្លួនបានរក្សាទុកសារធាតុញៀន។ អ្នកស្រីបន្ថែមថា៖ “ពេលគេនាំទៅដល់ក្នុងកន្លែងមន្ទីរឃុំឃាំងរបស់គេហ្នឹងពីមួយកន្លែងទៅមួយកន្លែងហើយ បានមានខាងប៉ូលិសហ្នឹង…បង្ខិតបង្ខំថាជាគ្រឿងញៀនពីរបីកញ្ចប់ហ្នឹងជារបស់ក្មួយខ្ញុំទាំងពីរ ដ៏ពេលក្មួយខ្ញុំនៅតែឆ្លើយថាអត់ទេ របស់ហ្នឹងមិនមែនជារបស់ខ្ញុំទេឲ្យខ្ញុំឆ្លើយម៉េច ពេលហ្នឹងហើយដែលត្រូវគេវាយ”

អ្នកស្រីបន្តថាការត្រួតពិនិត្យលើក្មួយទាំងពីររបស់អ្នកស្រីលើកដំបូង សមត្ថកិច្ចមិនបានរកឃើញសារធាតុញៀនអ្វីនោះទេ តែអ្នកស្រីថាសមត្ថកិច្ចរកឃើញសារធាតុញៀននោះក្រោយពេលអ្នកទាំងពីរជាប់ក្នុងបន្ទប់ឃុំឃាំងទៅហើយ។ អ្នកស្រីរៀបរាប់ទៀតថា៖ “ពេលដែលឆែកដំបូង ក៏គេឆែកដកអស់រលីងហើយ ស្អីៗទាំងអស់នៅលើតុវាអត់មាន នៅពេលដែលម៉ូតូនៅខាងក្រៅ ហើយមនុស្សជនរងគ្រោះនៅមន្ទីរឃុំឃាំងហេតុអ្វីបានមានថ្នាំញៀននៅក្នុងកែបម៉ូតូរបស់ក្មួយខ្ញុំវិញ ហើយបានឲ្យក្មួយខ្ញុំ(ម្នាក់ទៀត ឈ្មោះអឿន សុធារ៉ា)លូកដៃយកថ្នាំញៀនមកដាក់ក្នុងស្រោមសំបុត្ររបស់ប៉ូលិសវិញ”

បើតាមអ្នកស្រី គឹម សំអឿន ក្មួយរបស់អ្នកស្រី ឈ្មោះ អ៊ុត សំអៀង មានម្តាយជាមនុស្សមានជំងឺផ្លូវចិត្តនិងឪពុកក៏មានជំងឺប្រចាំកាយផងដែរ ហើយថាអ៊ុត សំអៀង ជាកម្មករសំណង់។ អ្នកស្រីថាអឿន សុធារ៉ា គឺជាអ្នកចាក់នំពងទាលក់តាមម៉ូតូ ហើយម្តាយរបស់គាត់បានពឹងមេធាវីឲ្យជួយអ្នកទាំងពីរចំពោះសំណុំរឿងនេះ។

អ្នកស្រីឲ្យដឹងដែរថាក្មួយទាំងពីរបស់អ្នកស្រីត្រូវសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃសកាលពីថ្ងៃអង្គារ។

អធិការខណ្ឌរស្សីកែវ លោក ទៀង ច័ន្ទសារ បានបដិសេធមិនអធិប្បាយលើការចោទប្រកាន់នេះ ដោយថាសំណុំរឿងនេះលោកបានបញ្ជូនទៅកាន់តុលាការរួចរាល់ហើយ។ ទោះយ៉ាងណា ក្នុងបទសម្ភាសន៍ផ្ទាល់ជាមួយវីអូឌីកាលពីថ្ងៃទី៣ ខែមិថុនា លោកមានប្រសាសន៍ថាអ្នកទាំងពីរជាមុខសញ្ញាសង្ស័យជាប់ពាក់ព័ន្ធករណីគ្រឿងញៀន និងថាអ្នកទាំងពីរបានព្យាយាមរត់គេចពេលសមត្ថកិច្ចព្យាយាមសុំត្រួតពិនិត្យ។ លោកឲ្យដឹងដែរថា ការផ្ទុះអាវុធត្រូវជើងរបស់ អ៊ុត សំអៀន ជាករណីរាលកៃកាំភ្លើងពេលជននោះ និងសមត្ថកិច្ចប្រតាយប្រតប់ជាមួយសមត្ថកិច្ច។

វីអូឌីមិនទាន់អាចសុំការអត្ថាធិប្បាយពីស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន សុវណ្ណ បាននៅឡើយទេ។

មេធាវីការពារក្តីឲ្យអ្នកទាំងពីរ គឺលោក ឯក សារ៉ាវុធ ប្រាប់វីអូឌីតាមទូរស័ព្ទថាអ្នកទាំងពីរត្រូវព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញចោទពីបទរក្សាទុកសារធាតុញៀនដោយខុសច្បាប់។ លោកបន្តថាចៅក្រមស៊ើបសួរកំពុងដំណើរការលើរឿងនេះ។ លោកបន្ថែមថា៖ “ឥឡូវនេះតុលាការកំពុងស៊ើបអង្កេត កំពុងធ្វើនីតិវិធី ហើយខ្ញុំកំពុងសិក្សាសំណុំរឿង ខ្ញុំមិនទាន់អាចនិយាយបានទេ”

វីអូឌីក៏មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យស្ថាប័នអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាន់ណា បាននៅឡើយទេ។

គួរបញ្ជាក់ថាកន្លងទៅធ្លាប់មានវីដេអូឃ្លីបមួយដែលត្រូវបានគេផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកអំពីការលួចដាក់សារធាតុញៀនចូលក្នុងហោប៉ៅខោរបស់យុវជនម្នាក់ ពេលកំពុងជជែកជាមួយសមត្ថកិច្ចដែលព្យាយាមត្រួតពិនិត្យយុវជននោះ។ ទង្វើនេះបានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួនរិះគន់យ៉ាងខ្លាំងចំពោះការងាររបស់សមត្ថកិច្ច៕

អានអត្ថបទ៖ សមត្ថកិច្ចច្រានចោលការចុះផ្សាយថានគរបាលបាញ់អ្នកជិះម៉ូតូមិនគោរពច្បាប់ចរាចរណ៍

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ