ព្រះរាជអាជ្ញាសម្រេច​ចោទ​ប្រកាន់​គ្រូពេទ្យ​ម្នាក់​នៅក្រុង​សួង សង្ស័យ​ចាក់ថ្នាំ​អ្នកជំងឺស្លាប់​

ព្រះរាជអាជ្ញានៃសាលាដំបូងខេត្តត្បូងឃ្មុំបានសម្រេចចោទប្រកាន់គ្រូពេទ្យម្នាក់ ឈ្មោះ ពេជ្រ ញ៉ ករណីសង្ស័យថាចាក់ថ្នាំឲ្យអ្នកជំងឺម្នាក់ស្លាប់កាលពីថ្ងៃទី៦ ខែមិថុនា ខណៈដែលគ្រួសារជនរងគ្រោះបានផ្តិតមេដៃសុំកុំឲ្យមានការផ្តន្ទាទោសគ្រូពេទ្យរូបនោះ។

ស្នងការនគរបាលខេត្តត្បូងឃ្មុំនៅរសៀលថ្ងៃពុធនេះបានសម្រេចបញ្ជូនគ្រូពេទ្យម្នាក់ ឈ្មោះ ពេជ្រ ញ៉ ទៅតុលាការ សង្ស័យថាបានចាក់ថ្នាំឲ្យអ្នកជំងឺម្នាក់ស្លាប់។ អ្នកនាំពាក្យសាលាជម្រះក្តី លោក ផេង ជាង ប្រាប់វីអូឌីថាព្រះរាជអាជ្ញារង លោក ប៉ុក តារា បានសម្រេចចោទប្រកាន់គ្រូពេទ្យរូបនោះពីបទបើកបន្ទប់ពិគ្រោះជំងឺដោយគ្មានការអនុញ្ញាតនិងមនុស្សឃាតដោយអចេតនា ហើយបញ្ជូនសំណុំរឿងនេះទៅចៅក្រមស៊ើបសួរ។ ប្រសិនបើរកឃើញថាគ្រូពេទ្យម្នាក់នោះមានកំហុសក្រោមបទចោទប្រកាន់មនុស្សឃាតដោយអចេតនា ក្រោមមាត្រា២០៧នៃក្រមព្រហ្មទណ្ឌ លោកអាចប្រឈមជាប់ពន្ធនាគារពីមួយឆ្នាំទៅបីឆ្នាំនិងពិន័យជាប្រាក់ពី២លានរៀលទៅ៦លានរៀល។

អធិការក្រុងសួង លោក ឈន សុធន បានឲ្យវីអូឌីដឹងថាកាលពីថ្ងៃទី៦ ខែមិថុនា ជនគ្រោះលោកឯម ធួល ដែលជាជាងតុទូមានអាការៈចុកទ្រូង ពិបាកដកដង្ហើមនិងបែកញើស ដោយសារបញ្ហាដកដង្ហើមស្រូបជាតិថ្នាំបាញ់តុទូនោះ។ លោកបន្តថាបន្ទាប់មកជនរងគ្រោះបានឲ្យកូនរបស់ខ្លួនទៅហៅលោកគ្រូពេទ្យពេជ្រ ញ៉ មកពិនិត្យនិងចាក់ថ្នាំឲ្យខ្លួន។ បន្ទាប់ពីចាក់ថ្នាំរួចមកដោយអាការៈកាន់តែធ្ងន់ធ្ងរ ក្រុមគ្រួសារក៏បញ្ជូនទៅកាន់គ្លីនិកឯកជនមួយ តែជនរងគ្រោះបានស្លាប់នៅតាមផ្លូវទៅមន្ទីរពេទ្យ។

លោក ឈន សុធន បន្តថាក្រោយពីបានទទួលដំណឹងនេះ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ លោក ខៀង សុភ័ក្ត្រ បានបញ្ជាឲ្យឃាត់ខ្លួនលោកគ្រូពេទ្យនេះនៅសង្កាត់សួង ក្រុងសួង ដើម្បីយកមកសួរចម្លើយនិងកសាងសំណុំរឿង។

បើតាមលោកអធិការ ក្រុមគ្រួសារជនរងគ្រោះលោក ឯម ធួល ពុំបានដាក់ពាក្យប្តឹងលោកគ្រូពេទ្យនេះទេ ហើយក្រុមគ្រួសារបានផ្តិតមេដៃសុំឲ្យកុំឲ្យមានការចាប់ខ្លួនគ្រូពេទ្យរូបនោះ។ លោកមានប្រសាសន៍ថា៖ “ហ្នឹងឆន្ទានុសិទ្ធរបស់ព្រះរាជអាជ្ញាដល់ពេលអញ្ចឹងវាពិបាក។ គ្រាន់តែខាងរងគ្រោះហ្នឹងក្រុមគ្រួសារគេផ្តិតមេដៃប្រហែលដប់នាក់ គេផ្តិតមេដៃថាមិនប្តឹងអីទេ សុំឲ្យគាត់មានសិទ្ធិសេរីភាពអញ្ចឹងណា ហើយណាមួយអ្នកនៅភូមិហ្នឹងគេគោរពគាត់ណាស់ដែរ។ ព្រោះគាត់ជាមនុស្សល្អ មនុស្សអីអញ្ចឹងណា គេនោះក៏គេគោរពគាត់ហ្នឹងដែរ គោរពស្រលាញ់គាត់អញ្ចឹងណា! ប៉ុន្តែអាហ្នឹងយើងធ្វើម៉េចបើសិនជាច្បាប់វាត្រូវអញ្ចឹង ”។

វីអូឌីមិនទាន់អាចទាក់ទងសុំព័ត៌មានបន្ថែមពីក្រុមគ្រួសារជនរងគ្រោះនិងគ្រូពេទ្យពេជ្យ ញ៉ បាននៅឡើយទេ។

គួររំឭកផងដែរថាកាលពីថ្ងៃទី២៣ ខែឧសភា ក្រសួងសុខាភិបាលបានសម្រេចបិទមន្ទីរសម្រាកព្យាបាលមួយឈ្មោះឃឹម រ៉ានី នៅរាជធានីភ្នំពេញ ដោយក្រសួងអះអាងថាគ្លីនិកនេះបង្កឲ្យមានបញ្ហាជាច្រើនលើកច្រើនសារ ដោយមិនគោរពទៅតាមកិច្ចសន្យារបស់ខ្លួនពេលដាក់ពាក្យស្នើសុំបើកមន្ទីរសម្រាកព្យាបាល ឃឹម រ៉ានីនិងមិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។ មន្ទីរពេទ្យនេះត្រូវបានបិទ បន្ទាប់ពីគ្លីនិកនេះត្រូវបានគេអះអាងថាបានចាក់ថ្នាំបណ្តាលឲ្យអ្នកជំងឺរបស់ខ្លួនស្លាប់។ប៉ុន្តែអ្នកគ្រប់គ្រងមន្ទីរពទ្យបានបដិសេធ។

គួរបញ្ជាក់ថាក្រសួងសុខាភិបាលកំពុងតែចាត់ការលើពេទ្យមួយចំនួនដែលបើកសេវាសុខភាពមិនមានអាជ្ញាប័ណ្ណពីក្រសួងសុខាភិបាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ