រដ្ឋាភិបាលយកពន្ធបន្ថែម១០ភាគរយលើអ្នកខ្ចីលុយ បន្ទាប់ពីកំណត់ការប្រាក់

រាជរដ្ឋាភិបាលកម្ពុជាប្រកាសអនុវត្តពន្ធអាករលើតម្លៃបន្ថែម១០% ពីអ្នកខ្ចីលុយពីស្ថាប័នហិរញ្ញវត្ថុ ក្រោយពីក្រសួងសេដ្ឋកិច្ចកំណត់អត្រាការខ្ពស់បំផុតត្រឹម១៨%ក្នុងមួយឆ្នាំឬ១,៥ក្នុងមួយខែកាលពីមុនបោះឆ្នោត ឃុំ សង្កាត់។

ក្នុងសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី៧ មិថុនា ឆ្នាំ២០១៧ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសអនុវត្តពន្ធអាករលើតម្លៃបន្ថែម(VAT)១០ភាគរយ ដោយថា សេវា​ហិរញ្ញវត្ថុ​ដែល​មិន​ជាប់ពន្ធអាករលើតម្លៃបន្ថែម មានដូចជា ​សេវា​ហិរញ្ញវត្ថុ​មូលដ្ឋាន ​ដែលកំណត់តែទៅលើប្រតិបត្តិការទទួលប្រាក់បញ្ញើ និងការផ្ដល់ឥណទាន តែ​មិន​រាប់​បញ្ចូល​កម្រៃ​សេវា​ផ្សេងៗ​នោះទេ​។

ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាលោក ហួត អៀងតុង ឲ្យ VOD ដឹងថា បន្ទុកបង់ពន្ធនេះ ត្រូវអនុវត្តលើកម្រៃសេវាកម្មហិរញ្ញវត្ថុ ដូចជា សេវាផ្ញើប្រាក់ ​ការទទួល​កម្ចី សេវាផ្នែក​​ច្បាប់ សេវា​ផ្នែក​គណនេយ្យ​ និង​សេវា​​ផ្សេងៗ​ទៀត​។ លោកថា មិនមែនតែគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងពលរដ្ឋទេ ដែលជាប់កាតព្វកិច្ចបង់ពន្ធនោះ ប៉ុន្ដែក៏មានក្រុមហ៊ុនគ្រឹះស្ថានឯកជន ក្រុមហ៊ុនចម្រុះ និងសមាគមនានាផងដែរ។​

លោក ហួត អៀងតុង យល់ថា ការអនុវត្តពន្ធថ្មីនេះនឹងជួយបង្កើតចំណូលជាតិបន្ថែម ប៉ុន្តែពលរដ្ឋក៏ត្រូវជាប់កាតព្វកិច្ចបង់ពន្ធខ្ពស់ជាងមុនដែរ។

លោកថា៖ «ប្រជាពលរដ្ឋគឺគាត់ត្រូវជាប់បន្ទុកបង់ពន្ធលើកម្រៃបន្ថែមហ្នឹង វា Value Added Tax ហ្នឹង អញ្ចឹងពេលប្រជាពលរដ្ឋគាត់ប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុ អញ្ចឹងអ្នកដែលប្រើប្រាស់សេវាកម្មហ្នឹង គឺគាត់ត្រូវចំណាយបន្ថែមទៅលើការបង់ពន្ធហ្នឹង»។

ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា លោក អ៊ិន​ ចាន់នី បានឲ្យភ្នំពេញប៉ុស្ដ៍ដឹងថា បន្ទាប់ពីរដ្ឋាភិបាលប្រកាសអនុវត្តពន្ធនេះ លោកថា កាតព្វកិច្ចបង់ពន្ធលើតម្លៃបន្ថែម១០ភាគរយ ក៏ត្រូវធ្លាក់លើពលរដ្ឋ និងអ្នកដែលប្រើប្រាស់សេវាមួយចំនួនពីធនាគារ លើក​លែង​តែ​ការ​ប្រាក់​ឥណទាន និង​កម្រៃ​ប្តូរ​ប្រាក់​។

អ្នក​ជំនាញការផ្នែក​ហិរញ្ញវត្ថុ​ ប៉ាន់ប្រមាណ​ថា ​ចំណូល​សរុប​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ រួមមាន​ធនាគារ និងមីក្រូ​ហិរញ្ញវត្ថុ ​ទទួលបាន​ពី​កម្រៃ​សេវានិងសោហ៊ុយ​មាន​ប្រមាណ៣០០លាន​ដុល្លារក្នុង​មួយ​ឆ្នាំ ដោយថា រដ្ឋាភិបាលនឹងរកចំណូលចូលជាតិបន្ថែមប្រមាណ៣០លានដុល្លារ ក្នុងមួយឆ្នាំ លើសេវាហិរញ្ញវត្ថុទាំងអស់នេះ ក្រោយអនុវត្តពន្ធអាករលើតម្លៃបន្ថែម១០%នេះ។

ប៉ុន្ដែក្នុងសេចក្ដីប្រកាស អគ្គនាយកដ្ឋានពន្ធដារអះអាងថា ការដាក់ឲ្យអនុវត្ដអាករលើតម្លៃបន្ថែម១០%នេះ មិនមែនជាការបង្កើត ឬអនុវត្តពន្ធថ្មីនោះទេ ដោយថា ពន្ធនេះត្រូវបានដាក់អនុវត្តតាំងពីឆ្នាំ១៩៩៩មកម្ល៉េះ ប៉ុន្ដែរដ្ឋាភិបាលបានអនុគ្រោះមិនយកពន្ធនេះ ដើម្បីសម្រួលដល់ជីវភាពប្រជាពលរដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ