អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សសសើរការបោះឆ្នោតនៅកម្ពុជា

ការិយាល័យអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស ប្រចាំតំបន់អាស៊ីអាគ្នេយ៍ រំពឹងថា ការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០១៨ខាងមុខនេះ នឹងប្រព្រឹត្តទៅដោយរលូនដូចការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ២០១៧នេះ។

ក្នុងសេចក្តីប្រកាសព័ត៌មានមួយ កាលពីម្សិលមិញ ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានហៅការបោះឆ្នោត កាលពីថ្ងៃទី៤ ខែមិថុនាថា ប្រព្រឹត្តទៅប្រកបដោយសណ្ដាប់ធ្នាប់ល្អនៅទូទាំងប្រទេស។ អង្គការនេះ បានសាទរចំពោះប្រជាពលរដ្ឋដែលបាននាំគ្នាទៅបោះឆ្នោតក្នុងចំនួនច្រើន ដោយមិនមានពលរដ្ឋណាត្រូវបានរារាំងមិនឲ្យបោះឆ្នោតដូច កាលពីពេលកន្លងមកនោះទេ។

ទោះ​​ជា​យ៉ាង​ណា ការិយាល័យ​សិទ្ធិ​មនុស្សមួយនេះ​កត់​សម្គាល់​ថា មុនពេលបោះឆ្នោត មានអ្នកន​យោបាយ​គណបក្សប្រឆាំងមួយចំនួន ត្រូវរងការគំរាមកំហែង និងរារាំងមិនឲ្យធ្វើយុទ្ធនាការបោះឆ្នោត ហើយអ្នកឃ្លាំមើលការបោះឆ្នោតមួយចំនួនមកពីសង្គមស៊ីវិលបានទទួលរងការបំភ័យនិងការយាយីផងដែរ។

អ្នកនាំពាក្យសមាគមអាដហុក លោក សំ ចាន់គា សម្ដែងការគាំទ្រ ចំពោះការលើកឡើងរបស់ការិយាល័យ​សិទ្ធិ​មនុស្សអង្គការសហប្រជាជាតិ ដែលឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការគំរាមហែងអ្នកការពារសិទ្ធិមនុស្ស។ លោកបន្តថា ប្រសិនបើរដ្ឋាភិបាល នៅតែគំរាមកំហែង ប្រជាពលរដ្ឋបន្តទៀតនោះ នៅឆ្នាំ២០១៨ រដ្ឋាភិបាលនឹងធ្លាក់សន្លឹកច្រើនជាងនេះ ។

លោកថា «ជាបទពិសោធន៍មួយហើយចំពោះរដ្ឋាភិបាលដែលបានប្រើការគំរាមកំហែងកន្លងមក ហើយការគំរាមកំហែងនេះវាដូចជាមិនបានផលវិជ្ជមានប៉ុន្មានទេ ដោយសារប្រជាពលរដ្ឋខ្មែរ លោកបានយល់ដឹងអស់ហើយ លោកហ៊ានប្រើសិទ្ធិ ដូច្នេះហើយការគំរាមកំហែងវាមិនអំណោយផលដល់គណបក្សកាន់អំណាចទេ។ ផ្ទុយទៅវិញ វានឹងធ្វើឲ្យគណបក្សកាន់អំណាចកាន់តែខាតបង់ប្រជាប្រិយភាពធ្ងន់ៗទៅ បើសិនជានៅតែគំរាមកំហែង ហើយបើសិននៅបន្តឃុំខ្លួន ឬបន្តគាបសង្កត់លើសង្គមស៊ិវិលនោះប្រជាពលរដ្ឋខ្មែរនិងដក់សេចក្ដីទុកចិត្តធ្ងន់ជាងនេះទៅជាងនៅអាណត្តិក្រោយៗ»។

នាយកប្រតិបត្តិអង្គការ​និចហ្វិច លោក សំ គន្ធាមី មានប្រសាសន៍ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤នេះ មានលក្ខណៈប្រសើរច្រើន បើប្រៀបធៀបទៅនឹងបោះឆ្នោតឆ្នាំ២០១២។ លោកបង្ហាញក្ដីសង្ឃឹមថា ការបោះឆ្នោតជាតិនៅឆ្នាំ២០១៨ ខាងមុខនេះ នឹងមានលក្ខណៈប្រសើរជាងនេះទៀត។

លោកបន្តថា «ល្អច្រើនមែនទែនសូម្បីអ្នកបោះឆ្នោតឆ្នាំ២០១២ ក៏គាត់មិនសូវចូលរួមដែរ អ្នកបោះឆ្នោតបានជាង៦០ % …។ ចឹងសូម្បីបោះឆ្នោតក៏គាត់ចូលរួមច្រើនដែរ សហគមន៍អន្តរជាតិក៏បានឃ្លាំមើលច្រើនដែលលើកនេះ ចឹងហើយបានដំណើរការបោះឆ្នោតវារលូន។ ខ្ញុំគិតថា មានភាពប្រសើរជាងនេះផង ព្រោះអីខ្ញុំបានជួបសហគមន៍ជាច្រើនគេថា គេចាប់នៅពេលបោះឆ្នោតនៅឆ្នាំក្រោយ ជ្រើសរើសតំណាងរាស្ត្រគេនឹងចូលរួមឲ្យបាន ច្រើនដែលអាចធ្វើទៅបាន ដូច្នេះកាលណាមានសហគមន៍ជាតិ អន្តរជាតិគាត់ចូលរួមច្រើនដំណើរការវាកាន់តែប្រសើរឡើង»។

អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស បានទទួចឲ្យបញ្ឈប់ការ​គំរាម​កំហែង​ផ្នែក​នយោបាយ និង​ការ​ចាប់​ខ្លួន​បុគ្គលិក​អង្គការ​សិទ្ធិ​មនុស្ស និង​សមាជិក​គណបក្ស​ប្រឆាំង ដើម្បី​ឲ្យ​ពួក​គេអាចបន្តធ្វើការស្របច្បាប់ នៅក្នុងប្រទេសកម្ពុជាតាមបែប​ប្រជាធិបតេយ្យ​ជាពិសេស​មុន​ការ​បោះឆ្នោត​ ឆ្នាំ​២០១៨។

ការិយាល័យ​សិទ្ធិ​មនុស្សក៏បានអំពាវនាវឲ្យ​ដោះលែង​ មន្រ្តី​​សិទ្ធិ​មនុស្សអាដហុក​ទាំង៥ និង​​ដោះលែង​សកម្មជន​ដីធ្លី អ្នកស្រី ទេព វន្នី ដោយថា​ជា​វិញ្ញាសា​សំខាន់ ដើម្បី​ដាក់​ពិន្ទុ​ពី​ការ​បើក​សេរីភាព​បញ្ចេញ​មតិ៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ