បក្សប្រឆំាងថាមិនទាន់កំណត់ទីតំាងថ្មីលើកអង់តែនទូរទស្សន៍សង្គ្រោះជាតិ​

សន្និសីទនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ (ដោយ ណាត សុភាព)

គណបក្សប្រឆំាងអះអាងថាមិនទាន់កំណត់ទីតំាងថ្មីលើកអង់តែនទូរទស្សន៍សង្គ្រោះជាតិនៅឡើយ ខណៈអាជ្ញាធរមិនអនុញ្ញាតឲ្យលើកអង់តែនទូរទស្សន៍នោះនៅក្រុងតាខ្មៅ ខេត្តកណ្តាល ដោយថាមានពលរដ្ឋមួយចំនួនប្តឹងតវ៉ា។

ឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មានក្នុងសន្និសីទនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិនៅថ្ងៃសុក្រនេះ តំណាងរាស្ត្រគណបក្សជំទាស់លោក ប៉ុល ហំម ថ្លែងថាគណបក្សសង្គ្រោះជាតិមិនទាន់កំណត់ទីតំាងថ្មី ដើម្បីដំឡើងអង់តែនថ្មីសម្រាប់ទូរទស្សន៍ព្រះអាទិត្យ (SUN TV) នោះទេ។

នៅពេលសួរថា តើទូរទស្សន៍សង្គ្រោះជាតិអាចនឹងដំណើរការមុនការបោះឆ្នោតឃុំ-សង្កាត់ដែរឬទេ? លោក ប៉ុល ហំម ឆ្លើយយ៉ាងខ្លីថា បើមិនទាន់មានទូរទស្សន៍សង្គ្រោះជាតិ ក៏ប្រជាពលរដ្ឋមានទទួលបានព័ត៌មាននៅក្នុងសង្គមផងដែរ។ លោកបន្តថា៖ សព្វថ្ងៃនេះបើទោះជាCNRPមិនទាន់មានទូរទស្សន៍ដូចដែលយើងគ្រោងក៏ដោយ ក៏ទូរទស្សន៍របស់ប្រជាពលរដ្ឋចេញរាល់ថ្ងៃតែម្តង

កាលពីពេលថ្មីនេះៗស្ថានីយទូរទស្សន៍របស់គណបក្សសង្គ្រោះជាតិដែលគ្រោងលើកអង់តែននោះ មានទីតាំងនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ប៉ុន្តែត្រូវបានអាជ្ញាធរខេត្តនោះមិនអនុញាតិឲ្យលើកអង់តែនទូរទស្សន៍នោះទេ ដោយថាមានពលរដ្ឋមួយចំនួនប្តឹងថាខ្លាចធ្វើឲ្យប៉ះពាល់សុខភាពពួកគេនៅតំបន់នោះ។

គួរបញ្ជាក់ថាក្រោមកិច្ចព្រមព្រៀងនយោបាយរវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ រដ្ឋាភិបាលបានយល់ព្រមផ្ដល់អាជ្ញាប័ណ្ណស្ថានីយទូរទស្សន៍មួយដល់គណបក្សប្រឆាំង។

គណបក្សប្រឆាំងធ្លាប់អះអាងថាស្ថានីយទូរទស្សន៍របស់ខ្លួននឹងចាប់ផ្ដើមដំណើរនៅក្នុងឆ្នាំ២០១៥ តែពុំអាចធ្វើទៅបាន។ ក្រោយមកគណបក្សប្រឆាំងអះអាងទៀតថា ស្ថានីយទូរទស្សន៍នេះនឹងចាប់ផ្ដើមដំណើរការឲ្យបានមុនការបោះឆ្នោតឃុំសង្កាត់ក្នុងឆ្នាំ២០១៧ខាងមុខ ប៉ុន្តែមកដល់ពាក់កណ្តាលឆ្នាំ២០១៦នេះដំណើរការស្នើសុំលើកអង់តែនទូរទស្សន៍កំពុងជាប់គាំងនៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ