វិភាគ៖ តើអង្គភាពប្រឆាំងអំពើពុករលួយគួរបើកការស៊ើបអង្កេតលើមុខជំនួញរបស់សាច់ញាតិនាយករដ្ឋមន្រ្តីទេ?​

រូបភាពដកស្រង់ចេញពីរបាយការណ៍Hostile Takeover

របាយការណ៍របស់អង្គការ គ្លូបល វីតណេស (Global Witness) បានរកឃើញថា សមាជិកគ្រួសារត្រកូល ”ហ៊ុន” របស់នាយករដ្ឋមន្រ្តីខ្មែរមានកាន់កាប់១១៤ក្រុមហ៊ុន ដែលមានដើមទុនចុះបញ្ជីសរុបទៅដល់២០០លានដុល្លារអាមេរិក។

របាយការណ៍នេះបានឲ្យដឹងថាក្រុមគ្រួសាររបស់ត្រកូល “ហ៊ុន” គឺរកស៊ីជាមួយក្រុមហ៊ុនថាមពល ក្រុមហ៊ុនទូរគមនាគមន៍ ក្រុមហ៊ុនរ៉ែ និងក្រុមហ៊ុនដែលរកស៊ីក្នុងវិស័យធំៗនៅកម្ពុជា។

របាយការណ៍ដដែលបន្ថែមថាក្រុមហ៊ុនទាំងនេះក៏ត្រួតត្រាវិស័យសំខាន់ភាគច្រើននៃសេដ្ឋកិច្ច ដោយមានសម្ព័ន្ធភាពជាមួយក្រុមហ៊ុនម៉ាកល្បីៗលំដាប់អន្តរជាតិដូចជា Apple, Nokia, Visa, Unilever, Procter & Gamble, Nestle, Durex, និង Honda ជាដើម។

ប៉ុន្តែក្រុមគ្រួសារត្រកូលហ៊ុន រួមមាន លោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត និងលោកស្រី ហ៊ុន ម៉ាណា បានសរសេរនៅលើហ្វេសប៊ុករបស់ពួកគេដោយចាត់ទុករបាយការណ៍របស់អង្គការអន្តរជាតិនេះថា ចង់បំផ្លាញឪពុករបស់ពួកគេមុនពេលបោះឆ្នោត។

យ៉ាងណាក៏ដោយអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបានលើកឡើងប្រហាក់ប្រហែលគ្នាថា ករណីនេះគួរតែមានការស៊ើបអង្កេតឯករាជ្យមួយ ដើម្បីបង្ហាញពីតម្លាភាពនៃការរកស៊ីរបស់ក្រុមសាច់ញាតិអ្នកកាន់អំណាចក៏ដូចជាបង្ហាញពីភាពស្អាតស្អំរបស់ពួកគេ ប្រសិនបើមុខជំនួញទាំងនោះមានការប្រកួតប្រជែងដោយស្មោះត្រង់និងស្របច្បាប់។

ប្រធានគណៈកម្មាធិការកម្ពុជាឯករាជ្យប្រឆាំងអំពើពុករលួយលោកស្រី ម៉ម ស៊ីថា មានប្រសាសន៍ថាស្ថាប័នជំនាញពីរដែលមានសមត្ថកិច្ចស៊ើបអង្កេតលើករណីនេះគឺអង្គភាពប្រឆំាងអំពើពុករលួយនិងអាជ្ញាធរសវនកម្មជាតិ។ លោកស្រីថាបើស្ថាប័នរដ្ឋទំាងនោះមិនធ្វើការស៊ើបអង្កេតប្រមូលព័ត៌មានវាស់វែងជាមួយរបាយការណ៍អង្គការ គ្លូបល វីតណេស (Global Witness) ដើម្បីបង្ហាញសាធារណៈជនទេ នោះនឹងធ្វើឲ្យប្រជាពលរដ្ឋសង្ស័យថាអាចនឹងមានអំពើពុករលួយ។ លោកស្រីគិតថា៖ ត្រូវតែធ្វើការត្រួតពិនិត្យទៅ ដើម្បីឲ្យមានតម្លាភាព ឲ្យមានជំនឿជាក់ពីប្រជាពលរដ្ឋ ពីមន្ត្រីក្រោមឱវាទ គឺត្រូវធ្វើការផ្ទៀងផ្ទាត់ឬធ្វើសេចក្តីថ្លែងការណ៍មួយបកស្រាយជាសាធារណៈ ដើម្បីឲ្យគេដឹងថាខ្លួនអត់មានការពាក់ព័ន្ធនឹងអំពើពុករលួយដូចការចោទរបស់ គ្លូបល វីតណេស (Global Witness) វាចំាបាច់ណាស់តែអញ្ចឹង ដើម្បីកុំឲ្យជំនឿលើប្រព័ន្ធច្បាប់ ប្រព័ន្ធគ្រប់គ្រង

កាលពីឆ្នាំ២០១១ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់ប្រកាសថាប្រាក់បៀវត្សរ៍របស់លោកមានចំនួន១១៥០ដុល្លារក្នុងមួយខែហើយលោកថានេះជាប្រភពចំណូលតែមួយគត់។

លោកបណ្ឌិត ចាន់ វិបុល អ្នកជំនាញខាងអភិបាលកិច្ចនិងប្រជាធិបតេយ្យពន្យល់ថា ក្នុងសង្គមប្រជាធិបតេយ្យកាលណាមានព័ត៌មានថាមានអំពើពុករលួយឬមានទំនាស់ផលប្រយោជន៍ក្នុងស្ថាប័នសាធារណៈ លោកថាអង្គភាពប្រឆាំងអំពើពុករលួយត្រូវបើកការស៊ើបអង្កេត។ លោកថាអង្គភាពប្រឆាំងអំពើពុករលួយគួរយករបាយការណ៍របស់អង្គការ គ្លូបល វីតណេស មកធ្វើជាសំអាងក្នុងការស៊ើបអង្កេត។

លោកមានប្រសាសន៍ថា៖ ស្ថាប័ននេះគួរតែចាប់ផ្តើមយករបាយការណ៍ហ្នឹងយកមកពិនិត្យមើល ហើយសង្កេតមើលថាតើ ស្ថានភាពបច្ចុប្បន្នដូចអ្វីដែលមានការចោទប្រកាន់ឬក៏ការលើកឡើងរបស់របាយការណ៍ហ្នឹងដែរឬទេ ហើយប្រសិនបើស្ថាប័នប្រឆាំងអំពើពុករលួយយល់ថារបាយការណ៍នេះមិនសមស្រប អីចឹងស្ថាប័ននៃការប្រឆាំងអំពើពុករលួយគួរតែផ្តល់ទឡ្ហីករណ៍ទៅដល់ស្ថាប័ននោះវិញថានេះហើយគឺជាការអះអាងថារបាយការណ៍នេះមិនមែនជារបាយការណ៍ពិតឬក៏ជារបាយការណ៍ដែលចង់បំផ្លាញកិត្តិសព្ទរបស់រដ្ឋាភិបាល ផ្ទុយទៅវិញប្រសិនបើស្ថាប័នប្រឆាំងអំពើពុករលួយមិនមានទឡ្ហីករណ៍ឬក៏ការបង្ហាញភស្តុតាងដើម្បីធ្វើការឆ្លើយតបបែបនេះទេ ស្ថាប័នមួយនេះត្រូវតែធ្វើការស៊ើបអង្កេតទៅលើអ្នកពាក់ព័ន្ធដើម្បីស្វែងរកឲ្យឃើញអំពីបញ្ហាពិត

អង្គភាពប្រឆាំងអំពើពុករលួយដែលគ្រប់គ្រងដោយលោក ឱម យិនទៀង ទីប្រឹក្សានាយករដ្ឋមន្រ្តីបានបើកការស៊ើបអង្កេតនិងចាប់ខ្លួនមន្រ្តីសិទ្ធិមនុស្សសមាគមអាដហុក៤នាក់និងមន្រ្តី គ.ជ.ប ម្នាក់ ករណីដែលគេចោទថាលោក កឹម សុខា មានរឿងអាស្រូវស្នេហា។ ប៉ុន្តែករណីដែលរបាយការណ៍មួយរកឃើញថារដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជាមានលុយនៅក្រៅប្រទេសនោះ អង្គភាពនេះមិនបានស៊ើបអង្កេតទេ។

សម្រាប់ករណីក្រុមគ្រួសារនាយករដ្ឋមន្រ្តីវិញលោកបណ្ឌិត ចាន់ វិបុល យល់ថាអង្គភាពប្រឆាំងអំពើពុករលួយប្រហែលជាមិនហ៊ានស៊ើបអង្កេតនោះទេ បើទោះជាមានរបាយការណ៍ជាក់លាក់ក៏ដោយ។

លោកមានប្រសាសន៍ថា៖ ស្ថាប័ននេះហាក់ដូចជាមិនបានបង្ហាញសញ្ញាណណាមួយទៅលើឯករាជ្យភាពដែលជាតំណាងរបស់ជាតិនិងប្រជាជាតិប្រជាជនទេ យើងអាចនិយាយម្យ៉ាងបានថាអាចជាស្ថាប័នមួយដែលត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រទៅលើក្រុមដែលខ្លួនចាំគាំទ្រ ធ្វើការស៊ើបអង្កេតទៅលើក្រុមទាំងឡាយណាដែលប្រព្រឹត្តមិនល្អដែលប៉ះពាល់ទៅដល់ប្រយោជន៍របស់ក្រុមអ្នកនោះកំពុងគាំទ្រ អញ្ចឹងបើមិនមានការខ្វល់ខ្វាយអំពីស្ថាប័នប្រឆាំងអំពើពុករលួយដែលយើងចាត់ទុកជាស្ថាប័នតំណាងឲ្យជាតិនោះ មានន័យថាអំពើពុករលួយនៅកម្ពុជាមិនអាចកាត់ដាច់ទេ មិនអាចកាត់បន្ថយទេ ប៉ុន្តែអាចបង្កើនទៅលើអំពើពុករលួយទៅវិញទេ

ក្នុងរបាយការណ៍អង្គការ គ្លូបល វីតណេស (Global Witness) បានទាមទារឲ្យអាជ្ញាធររដ្ឋាភិបាលកម្ពុជាបើកការស៊ើបអង្កេតបន្ថែមលើអ្វីដែលអង្គការពិភពលោកមួយនេះបានរកឃើញ។ អង្គការនេះថា៖ នេះគ្រាន់តែជាផ្នែកមួយនៃចំនួនទឹកប្រាក់ពិតប្រាកដនៅក្នុងក្រុមហ៊ុនពាណិជ្ជកម្មគ្រួសារត្រកូលហ៊ុនប៉ុណ្ណោះ។ ពួកគេត្រូវបានគេជឿជាក់ថាទទួលបានផលប្រយោជន៍ពាណិជ្ជកម្មពីអ្នកដែលឈរឈ្មោះជំនួសពួកគេនិងនៅក្នុងក្រុមហ៊ុនដែលមានតែឈ្មោះ។ គ្រួសារត្រកូលហ៊ុនក៏រាប់បញ្ចូលទាំងសមាជិកដែលធ្លាប់ជាប់ពាក់ព័ន្ធនឹងសកម្មភាពរត់ពន្ធអាភៀនដែលមានតម្លៃ១ពាន់លានដុល្លារអាមេរិក បាញ់បោះ បុកស្លាប់ហើយរត់និងសកម្មភាពទន្រ្ទានយកដីដែលបណ្តាលឲ្យប្រជាជនជាច្រើនគ្រួសារត្រូវបាត់បង់លំនៅដ្ឋាននិងរស់នៅក្នុងភាពទាល់ក្រនៅតំបន់ជនបទក្រីក្រនៃប្រទេសកម្ពុជា

ក្រុមអ្នកវិភាគលើកឡើងថាដើម្បីឲ្យសាធារណៈជនអស់មន្ទិលសង្ស័យ ស្ថាប័នមានសមត្ថកិច្ចគួរតែធ្វើការស៊ើបអង្កេតដោយឯករាជ្យក្នុងគោលបំណងទី១ឲ្យអ្នករកស៊ីនៅកម្ពុជាត្រូវតែមានតម្លាភាពនិងមានការគោរពច្បាប់ និងទី២ដើម្បីស្តារកេរិ៍្តឈ្មោះរបស់អ្នកដែលរងការចោទប្រកាន់ ប្រសិនពួកគេរកស៊ីស្របច្បាប់។

កាលពីខែឧសភាឆ្នាំ២០១៦ សមាគមអ្នកសារព័ត៌មានស៊ើបអង្កេតអន្តរជាតិដែលជាស្ថាប័នរៀបចំ «ឯកសារប៉ាណាម៉ា (Panama Papers)» បានផ្សាយឈ្មោះបណ្ដាក្រុមហ៊ុននិងបុគ្គលនានាដែលជាប់ទាក់ទងនឹងរឿងអាស្រូវលាងលុយកខ្វក់ និងមិនបង់ពន្ធជូនរដ្ឋក្នុងការរកស៊ី។

ទិន្នន័យបង្ហាញថារដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក អង្គវង្ស វឌ្ឍានា និងជនជាតិកម្ពុជាបីនាក់ដោយពីរនាក់ក្នុងចំណោមនោះ ធ្លាប់ត្រូវបានតុលាការចោទប្រកាន់ពីបទក្លែងឯកសារដែលមានភាគហ៊ុនក្នុងក្រុមហ៊ុន RCD International Ltd។ កាលណោះសង្គមស៊ីវិលបានស្នើផ្ទាល់មាត់ឲ្យអង្គភាពប្រឆាំងអំពើពុករលួយស៊ើបអង្កេត តែមកដល់ពេលនេះមិនឃើញមានចំណាត់ការនៅឡើយ។

ប៉ុន្តែបន្ទាប់ពីឯកសារប៉ាណាម៉ាចេញផ្សាយ នាយករដ្ឋមន្រ្តីអង់គ្លេសលោក ដេវីត កាមឺរោន បានដាក់សំណើទៅកាន់សភារបស់ខ្លួនឲ្យដាក់ទោសទណ្ឌដល់ក្រុមហ៊ុនណាដែលរកស៊ីគេចពន្ធ ហើយសភាអង់គ្លេសក៏បានបង្ហាញជំហរថា បើក្រុមហ៊ុនណាមិនអាចគ្រប់គ្រងបុគ្គលិកហើយសម្រួលឱ្យមានការគេចពន្ធ នឹងត្រូវទទួលទោសតាមច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ