អាមេរិកត្រៀមឆ្លើយតបដោយយោធា បើចិនប្រើយោធាពង្រីកជម្លោះ

(រូបភាពពី News York Time)

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិរបស់អាមេរិកថ្លែងថា ប្រសិនជាចិននៅតែបន្តធ្វើចលនាទំនើបកម្មផ្នែកយោធា ហើយនាំឲ្យមានជម្លោះកើនឡើងនោះ គឺដល់ពេលដែលយោធាអាមេរិកត្រូវឆ្លើយតបឲ្យបានទាន់ពេលហើយ។

ជំនួយការអនុរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកទទួលបន្ទុកអាស៊ីខាងកើតលោក Abraham Denmark ថ្លែងប្រាប់សភាកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា សេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលអន្តរជាតិនៅសប្តាហ៍ក្រោយ នឹងក្លាយជាឧបសគ្គសម្រាប់ចិនដែលអះអាងតំបន់កំពុងមានជម្លោះនៅសមុទ្រចិនខាងត្បូងជារបស់ខ្លួន។ នេះបើតាមសារព័ត៌មាន News York Time។

ប៉ុន្តែលោក Abraham Denmark ថ្លែងថាបើចិនបន្តធ្វើចលនាយោធាបង្កជម្លោះនោះគឺអាមេរិកត្រូវឆ្លើយតបឲ្យបានទាន់ពេល។

តុលាការអាជ្ញាកណ្តាលអន្តរជាតិមានមូលដ្ឋាននៅទីក្រុងឡាអេ ប្រទេសហូឡង់ នឹងប្រកាសសេចក្តីសម្រេចរបស់ខ្លួនករណីជម្លោះសមុទ្រចិនខាងត្បូងរវាងចិននិងហ្វីលីពីន នៅសប្តាហ៍ក្រោយ ប៉ុន្តែមានតែហ្វីលីពីនជាសម្ព័ន្ធមិត្តរបស់អាមេរិកដែលត្រៀមខ្លួនទទួលយកសេចក្តីសម្រេចនោះ តែសម្រាប់ចិនបានបដិសេធថាមិនទទួលយកទេ។

លោក Abraham Denmark ជំរុញឲ្យហ្វីលីពីននិងចិនទទួលយកនិងអនុវត្តតាមសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលអន្តរជាតិ។

លោក Randy Forbes ប្រធានគណៈកម្មការសភាផ្តោតលើអំណាចសមុទ្របានថ្លែងថា ពិភពលោកកំពុងតែតាមដានពីគោលជំហររបស់ចិនក្នុងការឆ្លើយតបជាមួយភាគីជម្លោះនៅក្នុងប្រព័ន្ធអន្តរជាតិ ហើយលោកចោទជាសំនួរថាបើសិនជាចិនមិនឆ្លើយតប តើអាមេរិកត្រូវធ្វើយ៉ាងម៉េច?

លោក Randy Forbes លើកឡើងពីអ្វីដែលគួរធ្វើនិងអ្វីដែលមិនគួរធ្វើ។ លោកបញ្ជាក់ថាពេលនេះអាមេរិកត្រូវគាំទ្រសម្ព័ន្ធមិត្តរបស់ខ្លួនដែលផ្អែកលើប្រព័ន្ធច្បាប់អន្តរជាតិដែលនឹងមានឥទ្ធិពលនៅក្នុងតំបន់និងជារបត់មួយនៃពិភពលោក។

ចាប់តាំងពីថ្ងៃទី៥ដល់ថ្ងៃទី១១ គឺចិនធ្វើសមយុទ្ធនៅលើកោះបារ៉ាសែលជាតំបន់កំពុងមានជម្លោះ ដោយចិនអះអាងថាការធ្វើសមយុទ្ធនេះដើម្បីការពារសន្តិសុខនៅដែនសមុទ្ររបស់ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ