តើអង្គការគ្លូបល វីតណេស(Global Witness)ជាអ្វី?

អង្គការអង្គការគ្លូបល វីតណេស(Global Witness)ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣ ដែលមានទីស្នាក់ការនៅទីក្រុងឡុងត៍ប្រទេសអង់គ្លេស។ អង្គការនេះបង្កើតឡើងដើម្បីស្វែងរកភាពអសកម្មនៅក្នុងពិភពលោកទាក់ទងនឹងបញ្ហាបរិស្ថាន ការរំលោភបំពានសិទ្ធមនុស្សនិងអំពើពុករលួយនៅក្នុងប្រព័ន្ធនយោបាយនិងសេដ្ឋកិច្ច។ អង្គការនេះបានស៊ើបអង្កេតរាល់បញ្ហាទាំងនេះមកទម្លាយឲ្យសាធារណជនបានដឹង។ នេះបើយោងតាមចុះផ្សាយរបស់គេហទំព័ររបស់អង្គការនេះ(www.globalwitness.org)។

រាល់ការស៊ើបអង្កេតស្រាវជ្រាវអង្គការនេះបានធ្វើការប្រមូលភស្ដុតាងជាច្រើនតាមរយៈការសម្ភាសន៍ ការថតជាសម្ងាត់ ការថតរូបនិងការស្រាវជា្រវឯកសារ។ របាយការណ៍មួយចំនួនគឺស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ល្អិតល្អន់លម្អិតនិងមានពេលខ្លះចំណាយពេលរាប់ឆ្នាំក្នុងការស្រាវជ្រាវ។ អង្គការGlobal Witnessជាស្ថាប័នឯករាជ្យ មិនរកប្រាក់ប្រាក់ចំណេញហើយធ្វើការជាមួយដៃគូជុំវិញពិភពលោក។

អង្គការនេះបានធ្វើការស៊ើបអង្កេតទៅលើប្រទេសចំនួន២៧ក្នុងនោះមានដូចជាប្រទេសចិន កម្ពុជា ឡាវ មីយ៉ាន់ម៉ានិងប្រទេសមួយចំនួនទៀត។ អង្គការនេះបានធ្វើការស្រាវជ្រាវនៅក្នុងប្រទេសកម្ពុជាមានប្រមាណ១៥របាយការណ៍ទៅលើបញ្ហាព្រៃឈើ ការនាំចេញឈើប្រណិត ការស្លាប់របស់អ្នកការពារព្រៃឈើ ការរំលោភយកដីធ្លី ការរំលោភសិទ្ធិមនុស្ស ច្បាប់ស្តីពីអំពើពុករលួយ ច្បាប់អង្គការក្រៅរដ្ឋាភិបាល ការបូមខ្សាច់និងគ្រួសារដើមឈើនៅកម្ពុជា។ រដ្ឋាភិបាលកម្ពុជាតែងតែច្រានចោលរបាយការណ៍ទាំងនេះ។

កាលពីថ្ងៃព្រហស្បតិ៍ អង្គការគ្លូបល វីតណេស(Global Witness)បានចេញរបាយការណ៍មួយដែលមានចំណងជើងថា”Hostile Takeover”ហើយត្រូវបានស្រាវជ្រាវអស់រយៈពេលជិត១ឆ្នាំ។ របាយការណ៍បានបង្ហាញថាសមាជិកគ្រួសារត្រកូលហ៊ុនរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានកាន់កាប់ការរកស៊ីជាច្រើនដែលមានដើមទុនចុះបញ្ជីសរុបទៅដល់២០០លានដុល្លារអាមេរិក។ របាយការណ៍ក៏បានរកឃើញជំនួញធំៗមួយចំនួនរបស់កូនៗនិងសាច់ញាតិរបស់នាយករដ្ឋមន្រ្តីផងដែរ។ របាយការណ៍របស់Global Witnessត្រូវបានស្រាវជ្រាវនិងចងក្រងតាមរយៈទិន្នន័យសិទ្ធិកាន់កាប់ក្រុមហ៊ុនដែលរដ្ឋាភិបាលតែងតែរឹតបន្តឹងមិនឲ្យគេយកបាន។ បើតាមរបាយការណ៍ ក្រុមគ្រួសាររបស់សម្តេចហ៊ុន សែន មានភាគហ៊ុនជាមួយក្រុមហ៊ុនក្នុងស្រុកយ៉ាងតិចចំនួន១១៤ក្នុងនោះមានក្រុមហ៊ុនថាមពល ក្រុមហ៊ុនទូរគមនាគមន៍ ក្រុមហ៊ុនរ៉ែនិងក្រុមហ៊ុនដែលរកស៊ីក្នុងវិស័យធំៗនៅកម្ពុជា។

ក្រោយពីរបាយការណ៍នេះត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មានជាតិនិងអន្តរជាតិ កូនៗរបស់លោកនាយករដ្ឋមន្រ្តីបានប្រតិកម្មច្រានចោលរបាយការណ៍នេះ ដោយថារបាយការណ៍នេះ”ពោរពេញដោយកំហុសនិងព័ត៌មានមិនពិត” ក្នុងគោលបំណងបង្អាប់និងបង្ខូចកិត្តិយសគ្រួសារត្រកូលហ៊ុន។ លោក ហ៊ុន ម៉ាណែត លោកស្រី ហ៊ុន ម៉ាណា និងលោក ហ៊ុន ម៉ានិត បានសរសេរសារនៅលើហ្វេសប៊ុក តែមិនបានបកស្រាយលើចំណុចដែលរកឃើញដោយអង្គការGlobal Witnessនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ