អង្គការសង្គមស៊ីវិលជាង១០០អំពាវនាវឲ្យស៊ើបអង្កេតដោយឯករាជ្យលើឃាតកម្មលោក កែម ឡី

ពិធីដង្ហែរូបសំណាកលោក កែម ឡី​ទៅខេត្តតាកែវ​នៅកាលពេលកន្លងទៅ(រូបថត៖ ពៅ មេត្តា)

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាង ១០០​ស្ថាប័ន បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​ទៅ​លើ​ករណី​ឃាតកម្ម​លើ​អ្នក​វិភាគ​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព លោក​បណ្ឌិត កែម ឡី ដែល​ការ​អំពាវ​នាវ​នេះ ត្រូវ​បាន​ធ្វើឡើង​ស្រប​ពេល​ដែល​ខួប​ ១​ឆ្នាំ​នៃ​ឃាតកម្ម​នេះ នឹង​ចូល​មក​ដល់​នៅ​សប្ដាហ៍​ក្រោយ​នេះ។

លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ទាំង​កណ្ដាល​ថ្ងៃ​ចែស នៅ​ក្នុង​ម៉ាត​ការ៉ាស់​សាំង​កាល់តិច ស្ថិត​នៅ​ម្ដុំ​ស្តុប​បូកគោ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​មុន។

ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​មួយ​នៅ​ថ្ងៃ​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន ១០៧​ស្ថាប័ន បាន​លើក​ឡើង​ថា យុត្តិធម៌​នៅ​មិន​ទាន់​មាន​នៅ​ឡើយ​ទេ សម្រាប់​សព​អ្នក​វិភាគ​នយោបាយ​រូប​នេះ រួម​ទាំង​ក្រុម​គ្រួសារ មិត្ត​ភក្តិ និង​សហការី​របស់​លោក។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ បាន​បន្ត​ថា ការ​ស៊ើប​អង្កេត​ទៅលើ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី នៅ​មិន​ទាន់​មាន​តម្លាភាព​នៅ​ឡើយ​ទេ ហើយ​មន្ទិល​សង្ស័យ​ជាច្រើន​នៅ​ក្នុង​សំណុំ​រឿង​នេះ ក៏​នៅ​មិន​ទាន់​មាន​ការ​បក​ស្រាយ​ផង​ដែរ។

ចាប់តាំង​ពី​ឃាតកម្ម​បាន​កើត​ឡើង ​ខ្មាន់​កាំភ្លើង​ឈ្មោះ អឿត អាង ហៅ​ខ្លួន​ឯង​ថា ជួប សម្លាប់ តែ​ម្នាក់​ប៉ុណ្ណោះ ត្រូវ​បាន​ចាប់​ខ្លួន និង​កាត់​ទោស​ ប៉ុន្តែ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ថា មាន​វីដេអូ​ភស្តុតាង​ដែល​អាច​បញ្ជាក់​ថា មានអ្នក​សម​គំនិត​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ឃាតកម្ម​នេះ។

ក្រុម​អង្គការ​សង្គម​ស៊ីវិលបាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ មាន​ការ​ចូល​រួម​ពី​សំណាក់​អ្នក​ជំនាញ​អន្តរជាតិ រួម​ជាមួយ​ការ​បង្ហាញ​ភស្តុតាង​ឲ្យ​បាន​ពេញ​លេញ​ក្នុង​នោះ​មាន​ទាំង​វីដេអូ​នៃ​កាមេរ៉ា​សុវត្ថិភាព​នៅ​ការ៉ាស់​សាំង​​របស់​ក្រុមហ៊ុន​កាល់តិច​ផង​ដែរ​។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា ប្រសិន​បើ​នៅ​តែ​គ្មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​ទេ នោះ​ជំនឿ​ទុក​ចិត្ត​របស់​សាធារណជន​លើ​ប្រព័ន្ធ​យុត្តិធម៌ អាច​នឹង​កាន់​តែ​បាត់​បង់​ថែម​ទៀត ហើយ​ក្រុម​គ្រួសារ និង​មិត្ត​ភក្តិ​របស់​លោក កែម ឡី នៅ​តែ​មិន​ទទួល​បាន​យុត្តិធម៌​ដដែល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ