មឿន សុខហ៊ុច ក្លាយជាម្ចាស់ជើងឯកអន្តរជាតិ

មឿន សុខហ៊ុច ម្ចាស់ជើងឯកអន្តរជាតិ

នៅទីបំផុតកីឡាករ មឿន សុខហ៊ុច បានក្លាយជាម្ចាស់ជើងឯកសម្រាប់ប្រភេទទម្ងន់៦៥គីឡូក្រាមនៅក្នុងព្រឹត្តិការណ៍ដណ្ដើមខ្សែក្រវាត់អន្តរជាតិ ដែលមានកីឡាករខ្មែរនិងបរទេសប្រជែងគ្នារបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា។ នេះជាការប្រកួតដែលបានធ្វើឡើងនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីរសៀលថ្ងៃទី៧ខែកក្កដា។

យោងតាមការបញ្ជាក់របស់លោក ញាណ សុធី អ្នករៀបចំការប្រកួតបានអះអាងថា ព្រឹត្តិការណ៍ដណ្ដើមខ្សែក្រវាត់អន្តរជាតិនេះ មានការចូលរួមដោយកីឡាករកម្ពុជា៤រូបនិងកីឡាករបរទេសចំនួន៤រូប។ លោកថាមានកីឡាករថៃចំនួន២រូបនិងកីឡាករអង់គ្លេសមានចំនួន២រូបក្នុងចំណោមកីឡាករដែលបាននាំមកប្រកួតទាំង៤។ លោកថា កីឡាករទាំង៤ត្រូវកំណត់ចែកពូលមួយក្រុមកម្ពុជានិងមួយក្រុមបរទេស ហើយតម្រូវឲ្យកីឡាករក្នុងក្រុមនីមួយៗ ប្រកួតខ្វែងគ្នាទៅវិញទៅមកក្នុងវគ្គសន្សំពិន្ទុ។

លោកបានពន្យល់ថា កីឡាករខ្មែរត្រូវប្រកួតជាមួយកីឡាករបរទេសក្នុងម្នាក់៤ប្រកួត ហើយបន្ទាប់ពីការប្រកួតចប់ គឺយកពិន្ទុដែលពួកគេបានទទួលយកមកគិតសម្រាប់តែក្រុមរបស់ពួកគេប៉ុណ្ណោះ ដោយកីឡាកកម្ពុជានិងកីឡាករបរទេសណាទទួលបានពិន្ទុនាំមុខគេ២រូប នឹងត្រូវឡើងប្រកួតវគ្គខ្វែងឬហៅថាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

យ៉ាងណាក៏ដោយ លោកបានសម្ដែងការសោកស្ដាយដោយសារតែវគ្គផ្ដាច់ព្រ័ត្រគឺមិនមានវត្តមានកីឡាករបរទេស ដោយលោកយល់ថាបើវគ្គផ្ដាច់ព្រ័ត្រមានខ្មែរមួយនិងបរទេសមួយគឺពិតជាពិបាកអ៊ុត។

លោក ញាណ សុធី បន្តថាកីឡាករ២រូបចុងក្រោយដែលបានឡើងប្រកួតដណ្ដើមគ្នាយកខ្សែក្រវាត់ជើងឯកអន្តរជាតិនោះ គឺកីឡាករ មឿន សុខហ៊ុច មកពីក្លឹបពុទ្ធសេរីវង្សកីឡា និងកីឡាករ ផង់ សុភាព មកពីក្លឹបរាជសីហ៍បង្រ្កាបគ្រឿងញៀនខេត្តរតនគីរី។ កីទ្បាករទាំងពីរបានឡើងប្រកួតគ្នាយ៉ាងស្វិតស្វាញបំផុត ដោយសារតែម្នាក់ៗសុទ្ធតែចង់ដណ្ដើមយកចំណាត់ថ្នាក់លេខ១ ដើម្បីគ្រងតំណែងជាម្ចាស់ខ្សែក្រវាត់។ លោកនិយាយថា «កន្លងមកទូរទស្សន៍អាស៊ីអាគ្នេយ៍មានការប្រកួតដណ្ដើមជើងឯកច្រើន ប៉ុន្តែសម្រាប់ការប្រកួតដែលមានកីឡាករបរទេសចូលរួមដណ្ដើមខ្សែក្រវាត់ជាលក្ខណៈអន្តរជាតិចឹង គឺមានតែលើកហ្នឹងគត់ អ៊ីចឹងហើយទើបខ្ញុំយល់ថា មឿន សុខហ៊ុច គាត់ខ្លាំង ដែលទទួលបានតំណែងហ្នឹង!»។

លោកថា មឿន សុខហ៊ុច ទទួលបានខ្សែក្រវាត់ជើងឯកជាលក្ខណៈអន្តរជាតិមួយ ពានមួយ និងទឹកប្រាក់ចំនួន២០លានរៀលឬស្មើនឹង៥ពាន់ដុល្លារ ក្នុងពេលដែល ផង់ សុភាព ដែលបានត្រឹមចំណាត់ថ្នាក់លេខ២ ទទួលបានពានកិត្តិយសមួយនិងទឹកប្រាក់ចំនួន១២លានរៀលឬស្មើនឹង៣ពាន់ដុល្លារ។ យ៉ាងណាក៏ដោយលោកថាព្រឹត្តិការណ៍នេះមិនមានចំណាត់ថ្នាក់លេខ៣និងលេខ៤នោះទេ ដោយសារតែការប្រកួតជើងឯកជាលក្ខណៈអន្តរជាតិនេះ គឺគណៈកម្មការប្រដាល់សម្រេចអោយមានតែជើងឯកនិងជើងឯករង។

លោក ញាណ សុធី បន្តថាក្រោយពេលទទួលបានតំណែងជើងឯក កីឡាករ មឿន សុខហ៊ុច នឹងត្រូវរៀបចំអោយប្រកួតជាលក្ខណៈការពារខ្សែក្រវាត់អន្តរជាតិក្នុងរយៈពេល៣ទៅ៦ខែក្រោយជាមួយនឹងកីឡាករថៃឬបរទេសណាម្នាក់ ប៉ុន្តែមិនទាន់ច្បាស់ពីការរៀបចំនៅឡើយទេ។

ងាកមកកាន់កីឡាករ មឿន សុខហ៊ុច វិញ គេចាប់អារម្មណ៍ថាលោកទទួលបាននូវកិត្តិយសយ៉ាងខ្លាំងតាមរយៈឱកាសគ្រងតំណែងជាម្ចាស់ខ្សែក្រវាត់លក្ខណៈអន្តរជាតិលើកដំបូងរបស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ដែលទើបនឹងបញ្ចប់។

លោកត្រូវគេឃើញទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីអ្នកគាំទ្រនៅពេលប្រកាសថាឈ្នះនិងពេលដើរចុះពីលើរេញ។ លោកអះអាងថាក្រុមហ៊ុនមិនមានកុងត្រាផ្ដល់អោយលោកនូវប្រាក់ខែក្នុងនាមជាម្ចាស់ជើងឯកនោះទេ ប៉ុន្តែលោកមានអារម្មណ៍សប្បាយចិត្ត ដោយសារតែការប្រកួតឈ្នះជាជើងឯកក៏ទទួលបានទឹកប្រាក់ច្រើនគួរសមសម្រាប់ជីវភាព។

យោងតាមការបញ្ជាក់ការប្រកួតអន្តរជាតិជាលក្ខណៈដណ្ដើមខ្សែក្រវាត់ជើងឯកអន្តរជាតិបែបនេះនឹងត្រូវធ្វើឡើងវគ្គ២បន្តទៀតក្នុងពេលខាងមុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ