ប្រលោម​លោក​ល្បី​រឿង «​បំភ្លេច​មិន​បាន​» ​​សម្រេចផលិត​ជា​កុន​ភាគទូរទស្សន៍

ពិធី​​​ក្រុង​ពាលីខ្សែភាពយន្តភាគរឿង បំភ្លេច​មិន​បាន (ដោយ វង្ស សុម៉ាលីន)

ក្នុងចង្កោមអ្នកចូលចិត្តសិល្បៈសំណេរបែបប្រលោមលោក គឺអាចនិយាយបានមិនមានអ្នកណាមិនស្គាល់ប្រលោមលោករឿង «បំភ្លេចមិនបាន» នោះទេ ដោយសារតែស្នាដៃនេះក្រោយពីជាប់ពានរង្វាន់ទូទាំងប្រទេសកាលពីឆ្នាំ១៩៩៥ និងត្រូវបានបោះពុម្ពផ្សាយនៅឆ្នាំ១៩៩៦ ហើយបានក្លាយជាស្នាដៃប្រលោមលោកល្បីល្បាញនាដំណាក់កាលក្រោយមក។

អ៊ីចឹងហើយមានការភ្ញាក់ផ្អើលនៅពេលមានការប្រកាសថាប្រលោមលោកមួយនេះត្រូវបានស្ថាប័នពីរគឺទូរទស្សន៍ PNN និងផលិតកម្មមហាហង្សបោះទុនផលិតជាវីដេអូភាគ។

អ្នកស្រី ប៉ាល់ វណ្ណារីរក្ស ជាអ្នកនិពន្ធប្រលោមលោកល្បីឈ្មោះនិងជាម្ចាស់ប្រលោមលោករឿង «បំភ្លេចមិនបាន» បានបង្ហាញការសាទរយ៉ាងខ្លាំង បន្ទាប់ពីប្រលោមលោកដែលទទួលស្គាល់ជាទូទៅក្នុងរង្វង់អ្នកនិពន្ធនិងអ្នកចូលចិត្តប្រលោមលោករបស់ខ្លួន ត្រូវបានវិនិយោគផលិតជារឿងភាគដាក់បញ្ចាំងនៅក្នុងម៉ោងមាសរបស់ទូរទស្សន៍ PNN។ យ៉ាងណាក៏ដោយអ្នកស្រីថា តម្លៃនៃការទិញដូរស្នាដៃរបស់ខ្លួន នៅមានកម្រិតនៅឡើយទេ បើទោះជាស្នាដៃនេះត្រូវបានទទួលស្គាល់ថាជាប្រលោមលោកល្បី។បំភ្លេចមិនបាន

ប៉ុន្តែអ្នកស្រីយល់ថាស្ថានភាពទិញរឿងប្រលោមលោកមកធ្វើជាភាពយន្តកំពុងត្រូវបានឈានឡើង ដោយសារតែម្ចាស់ផលិតកម្មនិងម្ចាស់ទូរទស្សន៍កាន់តែច្រើនបានងាកមកផ្ដល់តម្លៃដល់ស្នាដៃតែងនិពន្ធរបស់ខ្មែរដោយមិនចម្លងរឿងភាគដែលមានស្រាប់របស់បរទេសយកមកផលិតជារឿងភាគខ្មែរ។

អ្នកស្រីថាប្រលោមលោករឿង «បំភ្លេចមិនបាន» ទទួលបានជ័យលាភី២ជំនាន់ក្នុងការប្រកួតពានរង្វាន់ព្រះសីហនុរាជ ហើយចាប់តាំងពីឆ្នាំ១៩៩៦មករឿងនេះក៏ត្រូវទទួលជំនួយអោយបោះពុម្ពជាសៀវភៅជាប់រហូត។ ក្រៅពីបានបោះពុម្ពរហូតដល់រាប់ម៉ឺនក្បាលចំនួន៣លើកបន្តបន្ទាប់គ្នា រឿងនេះអ្នកស្រីថាក៏ត្រូវបានសាស្រ្តាចារ្យផ្នែកតែងនិពន្ធមួយនៅក្នុងប្រទេសថៃបានសុំសិទ្ធិបកប្រែធ្វើជាសារណារបស់ខ្លួននៅក្នុងសកលវិទ្យាល័យមួយ។ អ្នកស្រីថាសាកលវិទ្យាល័យពីរផ្សេងគ្នានៅប្រទេសបារាំងនិងប្រទេសជប៉ុនក៏បានសុំសិទ្ធិបកប្រែជាភាសាបារាំង និងភាសាជប៉ុន ដើម្បីយកតម្កល់ទុកជាឯកសារផងដែរ បន្ទាប់ពីបានចុះមកជ្រើសរើសក្នុងចំណោមប្រលោមលោកចំនួន១០០ប្រលោមលោកនៅកម្ពុជា ដែលលក់ដាច់លើទីផ្សារកាលពីអំឡុងចុងទសវត្សរ៍ឆ្នាំ៩០។ ក្នុងចំណោមប្រលោមលោកចំនួន១០៥រឿងដែលអ្នកស្រីបាននិពន្ធ អ្នកស្រីថាមានតែជាង២០រឿងប៉ុណ្ណោះត្រូវបោះពុម្ពដាក់លក់ដោយរឿង «បំភ្លេចមិនបាន» ត្រូវបានបោះពុម្ពច្រើនលើកជាងគេនិងលក់ដាច់បំផុតនៅចន្លោះឆ្នាំ១៩៩៦ដល់ឆ្នាំ២០០៥ ខណៈដែលមានការចាប់អារម្មណ៍បកប្រែពីអ្នកនិពន្ធបរទេសក៏មានច្រើនមិនធម្មតា។

លោក អ៊ិន សុភិន ចាងហ្វាងផលិតមហាហង្សបានអះអាងថា ដោយសារតែមានការសហការជាមួយទូរទស្សន៍ PNN ទើបការដំឡើងរឿងនេះត្រូវបានលេចឡើង។ លោកថាគម្រោងសហការគ្នានេះគ្រោងបោះទុនរហូតដល់១០ម៉ឺនដុល្លារ ដើម្បីដំឡើងរឿង «បំភ្លេចមិនបាន» ដែលជាប្រលោមលោកល្បីអោយក្លាយជាភាពយន្តល្អ។

ខ្សែរឿងទាំងមូលត្រូវបានប្រកាសចេញថតតាំងពីថ្ងៃទីក្រុងពាលីទី៨សីហាតទៅ ដោយគ្រោងប្រើរយៈពេល៣ខែយ៉ាងតិចនិងគ្រោងចាក់ផ្សាយផ្លូវការលើកញ្ចក់ទូរទស្សន៍ PNN នៅអំឡុងចុងឆ្នាំ។ លោកថាការផលិតរឿងនេះ ភាគីខាងទូរទស្សន៍លម្អិតតាំងពីដើមទុននិងឧបករណ៍ដែលត្រូវអោយប្រើប្រាស់សម្រាប់ចេញថត។ ក្នុងនោះសកម្មភាពចុះថតនិងការផលិតរឿងក៏ត្រូវឆ្លងអ្នកជំនាញរបស់ PNN ផងដែរ ដោយសារតែ PNN ខ្លាចគុណភាពរឿងនេះ មិនទទួលជោគជ័យដូចគ្នានឹងប្រលោមលោករឿង «បំភ្លេចមិនបាន» ដែលមានកេរ្តិ៍ឈ្មោះ។

នាពេលកន្លងមក លោកថាផលិតកម្មមហាហង្សធ្លាប់បានយកប្រលោមលោកល្បីឈ្មោះមួយគឺរឿង «រលកបោកខ្សាច់» របស់អ្នកនិពន្ធ ម៉ៅ សំណាង មកផលិតជារឿងភាគម្ដងហើយ ដោយការទទួលជោគជ័យក៏ច្រើនមិនតិចដែរ។ ដោយឡែកសម្រាប់ការដំឡើងរឿង «បំភ្លេចមិនបានលើកនេះ» លោកថា PNN និងមហាហង្សនឹងធ្វើអោយបានល្អ ដោយរំពឹងថារឿងនេះនឹងមានការចាប់អារម្មណ៍ច្រើននៅពេលវីដេអូភាគត្រូវបានចាក់ផ្សាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ