ពលរដ្ឋដែលប៉ះគម្រោងពង្រីកផ្លូវដែកទទូចជាថ្មីទៀតឲ្យអាជ្ញាធរផ្តល់កម្មសិទ្ធិ

ពលរដ្ឋដែលប៉ះគម្រោងពង្រីកផ្លូវដែក

ពលរដ្ឋជាង៥០នាក់មកពីតំបន់ត្រីកោណនៃសង្កាត់សំរោងក្រោមនិងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បានប្រមូលផ្តុំគ្នានៅក្រសួងរៀបចំដែនដីនៅថ្ងៃចន្ទនេះ ស្នើសុំឲ្យក្រសួងចេញប័ណ្ណកម្មសិទ្ធិដីជិត១០០ហិកតាឲ្យពលរដ្ឋ ដោយអះអាងថាពួកគេរស់នៅលើដីនោះជិត៤០ឆ្នាំមកហើយ។

នេះជាលើកទី៣ហើយ ដែលពលរដ្ឋទាំងនេះស្នើសុំក្រសួងដែនដីចេញប័ណ្ណកម្មសិទ្ធិដី៩៨ហិកតាឲ្យពួកគេនោះ ដែលពេលដាក់ញត្តិលើកទី១ ពួកគេបានជួបជាមួយនឹងរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបណីយកម្ម និង សំណង់ លោក ជា សុផារ៉ា ដោយផ្ទាល់។ ប៉ុន្តែពលរដ្ឋថាមកទល់ពេលនេះនៅតែមិនទាន់មានចំណាត់ការដដែល។

តំណាងប្រជាពលរដ្ឋម្នាក់ កញ្ញា ចា គង្គា ឲ្យដឹងថាប្រជាពលរដ្ឋ២៨០គ្រួសារសុំឲ្យប័ណ្ណកម្មសិទ្ធិស្របច្បាប់រស់នៅលើដីនោះដោយសំអាងថា កាលពី១៩៩០ប្រធានការិយាល័យកសិកម្មស្រុកដង្កោ លោក អ៊ុក សេងកន បានទទួលស្គាល់ការរស់នៅរបស់ពលរដ្ឋ។

កញ្ញាបង្ហាញពីក្តីកង្វល់ថា៖ ខ្ញុំមានការព្រួយបារម្ភដែរហ្នឹង ខ្លាចតែចុះឡើងៗកាត់យកអស់ ហើយពួកខ្ញុំធ្វើម៉េចទៅ ទៅនៅឯណាទៅ ដីរស់នៅតាំងពី៧៩មក  ហើយអ្វីដែលខ្ញុំចង់បានបំផុតហ្នឹងគឺខ្ញុំអត់ចង់ឲ្យមានការដោះដូរទេ ខ្ញុំចង់បំផុតគឺសុំប័ណ្ណកម្មសិទ្ធិ ខ្ញុំអត់ចង់ទៅរស់នៅឯណាក្រៅពីស្រុកទេសខ្ញុំទេ ព្រោះខ្ញុំគឺកើតនៅហ្នឹងហ្មង

ស្រ្តីមេម៉ាយអាយុ៧៣ឆ្នាំនិងមានកូន២នាក់ពិការជើងស្ថិតក្នុងបន្ទុក អ្នកស្រី សៀង ហ៊ុន និយាយថាគាត់សុំឲ្យរដ្ឋអំណាចផ្តល់ប័ណ្ណកម្មសិទ្ធិនិងឲ្យតម្លៃផ្ទះតាមទីផ្សារ ខណៈផ្ទះរបស់គាត់ត្រូវបានកាត់អស់៣០ម៉ែត្រខាងមុខ ហើយកាត់ដីផ្នែកខាងក្រោយអស់៦០ម៉ែត្រទៀត។

អ្នកស្រីនិយាយដោយអួលដើមកថា៖ ខ្ញុំសង្ឃឹមតែដីបន្តិចបន្តួចហ្នឹង ដើម្បីខ្ញុំដោះស្រាយលក់ទៅចិញ្ចឹមកូនខ្ញុំ តទៅមុខទៀតខ្ញុំងាប់ថ្ងៃណាទៅ មានលុយកាក់បន្តិចបន្តួចទុកឲ្យកូនហ្នឹងស៊ី អ្នកណារស់នៅកូនក្មួយរស់នៅគេចិញ្ចឹមតទៅទៀតទៅ។ រួចដល់អញ្ចឹងទៅបើឥលូវកាត់យកអស់ ខ្ញុំមិនដឹងបានអីចិញ្ចឹមកូនខ្ញុំខ្វិលហ្នឹងទេ

ពលរដ្ឋបានអះអាងថាប្រហាក់ប្រហែលគ្នាថា ដីដែលពួកគាត់រស់នៅមកជិត៤០ឆ្នាំនេះជាដីភូមិនិងដីស្រែដែលកាន់កាប់រៀងមក ប៉ុន្តែចាប់តាំងពីមានគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើង អាជ្ញាធរបានកាត់ដីទំហំ៩៨ហិកតាជាសម្បត្តិរដ្ឋ ធ្វើឲ្យពួកគាត់មិនអាចលក់ដូរឬជួសជុលផ្ទះសម្បែងបានឡើយ។

បន្ទាប់ពីប្រជាពលរដ្ឋឈររង់ចាំប្រហែលជាង១ម៉ោង សមាជិកក្រុមការងារទទួលពាក្យបណ្តឹងនៃក្រសួងរៀបចំដែនដី លោក ឡាយ ផល្លឹម បានប្រាប់ឲ្យពួកគេត្រឡប់ទៅវិញសិន ព្រោះលោកថាខាងក្រសួងនៅមិនទាន់ទទួលបានរបាយការណ៍ពីមន្រ្តីមូលដ្ឋាននៅឡើយទេ។

លោកនិយាយថា៖ ខ្ញុំចង់ជម្រាបអញ្ចេះ ដំណោះស្រាយទាល់តែយើងបានលទ្ធផលពីខាងក្រោយមក បានយើងពិនិត្យថាចាត់ការរបៀបម៉េច ប៉ុន្តែឥលូវយើងអត់ទាន់បានរបាយការណ៍មែន របាយការណ៍ទាល់តែស្អែកខាងនេះគេបញ្ជូនមកហើយ។ ចំណាត់ការគេចេះតែធ្វើបន្តទៅហើយ អញ្ចឹងបើយើងចេះតែនិយាយតាមដូច ធម្មតាការបារម្ភរបស់យើងចេះតែមានអញ្ចឹងហើយ បាទខ្ញុំយល់

ទោះជាទទួលបានការឆ្លើយតបពីតំណាងក្រសួងដែនដីទៅហើយក្តី កញ្ញា ចា គង្គា នៅតែបង្ហាញក្តីបារម្ភថា ចំណាត់ការហាក់មិនសូវមានប្រសិទ្ធភាព។

កញ្ញានិយាយថា៖ ឯកសារពីខណ្ឌហ្នឹង យើងនិយាយទៅគឺវិលទៅវិលម៉ោគ្រប់កន្លែងហ្នឹង វាចង់១០ឆ្នាំជាងហើយ ឥលូវហ្នឹងគាត់ថាឲ្យរង់ចាំឯកសារពីខណ្ឌម៉ោទៀតហើយ។ ថ្ងៃមុខហ្នឹង ខ្ញុំនៅតែធ្វើទៀត ធ្វើទៀតៗរហូតទាល់តែបានប័ណ្ណកម្មសិទ្ធិឲ្យខ្ញុំស្របច្បាប់ហ្មង

មុននឹងមកដល់ក្រសួងដែនដី ប្រជាពលរដ្ឋទាំងនោះអះអាងថាពួកគេធ្លាប់ដាក់ញត្តិស្នើសុំ១០ឆ្នាំមកហើយ នៅរដ្ឋសភា ខុទ្ទកាល័យនាយករដ្ឋមន្រ្តី និងទីស្តីការគណៈរដ្ឋមន្រ្តី ប៉ុន្តែនៅតែមិនមានដំណោះស្រាយ។

បើតាមពលរដ្ឋ បញ្ហាទំនាស់ដីធ្លីនេះ ដំបូងឡើយប៉ះពាល់ដល់ដីប្រជាពលរដ្ឋតែ៥ហិកតាប៉ុណ្ណោះ ប៉ុន្តែក្រោយពីអាជ្ញាធរបានផ្តល់សិទ្ធិឲ្យក្រុមហ៊ុនអភិវឌ្ឍផ្លូវដែក Toll Holdings Limited អាជ្ញាធរក៏កាត់ដីដល់ទៅ៩៨ហិកតាទុកជាសម្បត្តិរដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ