អភិបាលខេត្តបាត់ដំបងព្រមានចៅសង្កាត់មកពីគណបក្សសង្គ្រោះជាតិ

ដោយ លោក ណាត សុភាព​​ | ថ្ងៃអង្គារ ទី៨ ខែសីហា ឆ្នាំ២០១៧​ ម៉ោង 5:42 PM | សន្ដិសុខសិទ្ធិមនុស្ស | 0 | 3182 ចៅសង្កាត់​ថ្មីមកពី​គណបក្សសង្គ្រោះជាតិ អ្នកនាង ស៊ិន ចាន់ពៅរូហ្សេត (FB: Sin Rozeth)

អភិបាលខេត្តបាត់ដំបងបានចេញលិខិតពីរដាច់ដោយឡែកពីគ្នា ព្រមានចៅសង្កាត់ថ្មីមក​ពី​គណ​បក្ស​ប្រឆំាង ដោយថាបានអនុវ​ត្តការ​ងារ​រដ្ឋ​បាល​សង្កាត់អូរចារ​មានកំហុសឆ្គង និងទាម​ទារឲ្យ​កែតម្រូវ​។

ក្នុងលិខិតរបស់សាលាខេត្តបាត់ដំបងដែល VOD ទទួលបានចំនួនពីរដាច់ដោយឡែកពីគ្នា នៅថ្ងៃ៨ ខែ​សីហា​នេះ បានដកស្រង់សម្តីអភិបាលខេត្តលោក ច័ន្ទ សុផល មានខ្លឹមសារថា ចៅសង្កាត់​ថ្មីមកពី​គណបក្សសង្គ្រោះជាតិ អ្នកនាង ស៊ិន ចាន់ពៅរូហ្សេត បាន​ប្រើ​ប្រាស់​សៀវភៅ​ចុះ​លិខិតចេញ-ចូលពីរ​ផ្សេងគ្នា ដោយថា​មួយសម្រាប់ស្មៀនសង្កាត់ប្រើប្រាស់ និង​មួយ​ទៀត​សម្រាប់​ចៅ​សង្កាត់ប្រើប្រាស់។ រីឯ​ជំនួយ​​ការ​រដ្ឋ​បាលឃុំចំនួនពីររូប ពុំមានកិច្ចសន្យា​ការងារ ខណៈ​ចៅសង្កាត់​ប្រើ​ជំនួយ​ការផ្ទាល់​ខ្លួនទៅវិញ។

ដោយឡែក ឯកសារ​រដ្ឋបាលរបស់ស្ថាប័នរដ្ឋត្រូវ​បាន​ចៅ​សង្កាត់​រូបនោះ​យកទៅផ្សព្វផ្សាយជាសាធារណៈ​តាមហ្វេស​ប៊ុក ដោយថា​ធ្វើឲ្យប៉ះពាល់ការងារស្ថាប័ន​ និងមាន​​រើស​អើ​ង​សមា​ជិក​ក្រុមប្រឹក្សា​សង្កាត់ដែល​មកពី​គណបក្សផ្សេង។

ខ្លឹមសារលិខិត «លិខិតរដ្ឋបាលរបស់សាលាក្រុង​ សាលាខេត្ត ត្រូវ​បានចៅសង្កាត់ធ្វើការផ្សព្វផ្សាយជាសា​ធារណៈតាមហ្វេសប៊ុក ដែលធ្វើឲ្យប៉ះពាល់ដល់​ការងារស្ថាប័នរដ្ឋ ដែលការងារខ្លះមិនអនុញាតឲ្យអាជ្ញា​ធរ ឬបុគ្គលណាមួយមានសិទ្ធិធ្វើការផ្សាយជាសាធារណៈឡើយ និងមានការរើសអើងសមាជិកក្រុមប្រឹក្សា សង្កាត់ ដោយមានការបែងចែករវាងសមាជិកក្រុមប្រឹក្សាសង្កាត់មក​ពីគណបក្សផ្សេងគ្នា ដែលទង្វើនេះ ធ្វើឲ្យផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងទាមទារឲ្យកែតម្រូវ​តាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានាជាធរមាន»។

ចំណែកលិខិតដាច់ដោយឡែកមួយទៀត អភិបាលខេត្តបាត់ដំបង បាន​ព្រមាន អ្នកនាង ស៊ិន ចាន់ពៅរូហ្សេត ដែលថា មិន​បានយកកម្រៃ ថ្លៃ​សេវា​​សាធារណៈពីប្រជាពលរដ្ឋជាដើម។​

អ្នកនាង ស៊ិន ចាន់ពៅរូហ្សេត បានច្រានចោលព័ត៌មានដែលថា គាត់ធ្វើការងាររើសអើងសមាជិកក្រុម​ប្រឹក្សា​​សង្កាត់គណបក្សកាន់អំណាច និង​ប្រើ​ប្រាស់​សៀវភៅ​ចុះ​លិខិតចេញ-ចូលពីរផ្សេងគ្នារវាងស្មៀន និង​ចៅសង្កាត់។

ទោះជាយ៉ាងណាអ្នកនាង ចាន់ពៅរូហ្សេត ទទួលស្គាល់​ថា ខ្លួនពិតជាបានធ្វើខុស​និងនីតិវិធីរដ្ឋបាលខ្លះ ពាក់​ព័ន្ធ​នឹងរឿងមិនយកកម្រៃសេវាសាធារណៈពីពលរដ្ឋ​។ ដោយអ្នកនាងថា បានធ្វើលិខិតសុំ​ទោស​អភិបាល​​ខេត្តរួចហើយ។

អ្នកនាងនិយាយថា «កំហុសឆ្គងទាក់ទងនិងតម្លៃសេវាអត់យកលុយពីប្រជាពលរដ្ឋនេះអ្នកដែលចំនេញ​​គឺពលរដ្ឋ ហើយខ្ញុំសុខចិត្តខ្លួនឯងបង់ថវិកា ដើម្បីបំពេញនូវកំហុសឆ្គងរបស់ខ្ញុំ ដែលក្នុងរយៈពេលមួយខែនេះ ដែលកំណត់តម្លៃសេវា ខ្ញុំនឹងបង់ជូន ហើយកំពុងឲ្យស្មៀន គាត់ចាត់ចែងគិតមើលថាពេលមួយខែដែលខ្ញុំចូលធ្វើការងារនេះ ប្រជាពលរដ្ឋដែលមកទទួលសេវា ហើយត្រូវបង់លុយប៉ុន្មាន ខ្ញុំនិងឲ្យស្មៀន ហើយខ្ញុំនិងបង់លុយឲ្យប្រជាពលរដ្ឋនៅក្នុងសង្កាត់អូរចាររបស់ខ្ញុំ​​»

គួរបញ្ជាក់​ថា កាលពី១២កក្តដាឆ្នាំ២០១៧ សាលាខេត្តបាត់ដំបងបានចាត់តាំង​មន្រ្តីចំនួន៥រូបឲ្យចុះ​ពិនិត្យ​នីត្យានុ​កូលភាពរដ្ឋបាលសង្កាត់អូរចាចំនួនពីរថ្ងៃគឺចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៤កក្តដា។

នៅពេលនោះ អ្នកនាង​ ស៊ិន ចាន់ពៅរូហ្សេត អះអាងថា បានស្វាគមន៍ចំពោះសាលាខេត្ត ដែលចាត់តាំង​មន្រ្តីឲ្យចុះ​ពិនិត្យការងារ​រដ្ឋបាល​នៅ​សង្កាត់​របស់ខ្លួន ប៉ុន្តែចៅសង្កាត់ រួបនេះមិនពេញចិត្តនឹងសកម្មខ្លះ របស់មន្រ្តី ទាំង នោះទេ ដោយថា បាន​ប្រើពាក្យសម្តីអសុរស និងគំរាមកំហែងមកលើខ្លួន។

គេសង្កេតឃើញថា ក្រោយពីចុះបំពេញការងារថ្មីប្រហែល១ខែ​ ចៅសង្កាត់អូរចារ អ្នកនាង ស៊ិន ចាន់​ពៅរូហ្សេត ត្រូវ​បាន​មជ្ឈ​ដ្ឋានជាច្រើន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម បានបង្ហោះ ចែករំលែក​រូប​ភាព សកម្មភាព និងវីដេអូ ទិញដីជាច្រើនឡាន​ ចាក់លើផ្លូវ​ នៅតាមភូមិឃុំរបស់ខ្លួនផងដែរ៕

សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required