HRW ថាតុលាការរំលោភអំណាច ករណីបន្ដឃុំខ្លួនអ្នកស្រី ទេព វន្នី

អ្នកស្រី ទេព វន្នី (រូបភាពពី SBN)

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ ឬ Human Rights Watch រិះគន់ករណីបន្ដឃុំខ្លួនសកម្មជនដីធ្លីតំបន់បឹងកក់ ដោយថា តុលាការបានរំលោភអំណាច និងទទូចឲ្យដោះលែងសកម្មជនដីធ្លីរូបនោះជាបន្ទាន់។

ប្រតិកម្មរបស់អង្គការអន្តរជាតិមួយនេះ ធ្វើឡើងចំពេលដែលសាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃអង្គារនេះ បានបដិសេធបណ្ដឹងរបស់អ្នកស្រី ទេព វន្នី ដែលជំទាស់នឹងការកាត់ទោសដោយសាលាដំបូងរាជធានីភ្នំពេញ។

ក្នុងសេចក្ដីព័ត៌មាន ចេញផ្សាយនៅថ្ងៃអង្គារនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ យល់ថា ការច្រាលចោលបណ្ដឹងរបស់អ្នកស្រី ទេព វន្នី ដោយសាលាឧទ្ធរណ៍ ធ្វើឡើងដោយរំលោភអំណាច និងថា ត្រូវតែទម្លាក់បទចោទប្រកាន់ទាំងអស់ ខណៈដែលអ្នកស្រី ទេព វន្នី ត្រូវបានអាជ្ញាធរឃុំខ្លួនអស់រយៈពេលជិត១ឆ្នាំមកហើយ។

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិនេះ ចាត់ទុកការបន្ដឃុំខ្លួនអ្នកស្រី ទេព វន្នី ថា ធ្វើឡើងខុសនឹងច្បាប់ ដោយថា អ្នកស្រី ទេព វន្នី គ្រាន់តែប្រមូលផ្ដុំគ្នា ដើម្បីតវ៉ា និងការពារសហគមន៍របស់ពួកគាត់ប៉ុណ្ណោះ។ អង្គការនេះរិះគន់ទៀតថា ជាញឹកញាប់ រដ្ឋាភិបាលកម្ពុជាតែងតែប្រើប្រាស់ស្ថាប័នតុលាការ ដើម្បីបំបិទសំឡេងប្រឆាំង និងសកម្មជនដីធ្លីផ្សេងទៀត។

នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំនៅតំបន់អាស៊ី លោក Phil Robertson លើកឡើងថា «ករណីប្រឆាំងនឹងអ្នកស្រី ទេព វន្នី គឺជាការរំលោភអំណាចអយ្យការធ្ងន់ធ្ងរ ដើម្បីដាក់ទោស ចំពោះសកម្មភាពសន្ដិវិធីរបស់គាត់។ ម្ចាស់ជំនួយអន្ដរជាតិរបស់កម្ពុជា គួរតែមានកំហឹង ដោយសារតែប្រមាថមាក់ងាយរបស់រដ្ឋាភិបាលកម្ពុជា ទៅលើសកម្មជនដីធ្លី តាមរយៈតុលាការនេះ។ ជាមួយគ្នា ​ពួកគេ (ម្ចាស់ជំនួយ) គួរតែចូលរួមអំពាវនាវឲ្យទម្លាក់បទចោទប្រកាន់មិនត្រឹមត្រូវ និងបង្កប់ដោយហេតុផលនយោបាយ ប្រឆាំងនឹងអ្នកស្រី ទេព វន្នី រួមទាំងសកម្មជនផ្សេងទៀតនៅប្រទេសកម្ពុជា»។

ករណីនេះ សហគមន៍ជាតិនិងអន្តរជាតិ ធ្លាប់បានចេញសេចក្តីថ្លែងការណ៍ ដោយចាត់ទុកការឃុំខ្លួនអ្នកស្រី ទេព វន្នី ថាជារឿងនយោបាយ។​​

អ្នកនាំពាក្យសាលាឧទ្ធរណ៍លោក ទូច ថារិទ្ធិ ឲ្យ VOD ដឹងថា​ លោកមិនចាប់អារម្មណ៍នឹងប្រតិកម្មរិះគន់របស់អង្គការសិទ្ធិមនុស្សអន្ដរជាតិមួយនេះទេ ដោយថា តុលាការកម្ពុជាបានសម្រេចយ៉ាងត្រឹមត្រូវ តាមនីតិវិធីច្បាប់។

លោកថា៖ «អាហ្នឹងមិនជាការអញ្ចឹងទេ ខាងតុលាការ គេកាត់ទៅតាមផ្លូវច្បាប់ នីតិវិធីនៃច្បាប់តើ ទៅតាមបទល្មើសដែលគាត់បានប្រព្រឹត្តិ មានពាក់ព័ន្ធនឹងការងារនយោបាយអីណា បាអត់មានពាក់ព័ន្ធអីទេ ធ្វើតាមនិតិវិធីផ្លូវច្បាប់។ អាហ្នឹងជាសិទ្ធិបស់គេ គេថាម៉េចថាទៅអាហ្នឹង ដឹងម៉េចដែរ ជាសិទ្ធិបស់គេ ការពិតវាមិនចឹងផង»។

អ្នកស្រី ទេព វន្នី ត្រូវបានអាជ្ញាធរខណ្ឌដូនពេញចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែសីហាឆ្នាំ២០១៦ ខណៈអ្នកស្រីចូលរួមធ្វើយុទ្ធនាកាថ្ងៃចន្ទពណ៌ខ្មៅ ទាមទារឲ្យដោះលែងអ្នកការពារសិទ្ធិមនុស្សអាដហុកនិងរកយុត្តិធម៌ជូន លោក កែម ឡី។

​សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសអ្នកស្រី ទេព វន្នី ដាក់ពន្ធនាគារ៦ខែ ដោយចោទប្រកាន់ពីបទជេរប្រមាថនិងប្រឆាំងអាជ្ញាធរសាលារាជធានីភ្នំពេញកាលពីចុងឆ្នាំ២០១១ ប៉ុន្តែតុលាការទើបតែកាត់ទោសសកម្មជនដីធ្លីរូបនេះបន្ថែមមួយករណីទៀត ដាក់ពន្ធនាគារ២ឆ្នាំកន្លះ ដោយចោទថាប្រើហិង្សាលើក្រុមសន្តិសុខខណ្ឌដូនពេញ នៅជិតផ្ទះនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីឆ្នាំ២០១៣៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ