សាលាឧទ្ធរណ៍តម្កល់សាលក្រមកាត់ទោស អ្នកស្រី ទេព វន្នី

ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃអង្គារ ទី៨ ខែសីហា ឆ្នាំ២០១៧​ ម៉ោង 2:38 PM | សិទ្ធិមនុស្ស | 0 | 1900 អ្នកស្រី ទេព វន្នី កាលពីពេលកន្លងទៅ

សាលាឧទ្ធរណ៍នៅថ្ងៃអង្គារនេះ បានបដិសេធបណ្ដឹងរបស់សកម្មជនដីធ្លីបឹងកក់គឺអ្នកស្រី ទេព វន្នី ដោយសំអាងថា ការកាត់ទោសដោយតុលាការជាន់ទាប ធ្វើឡើងត្រឹមត្រូវតាមនីតិវិធីច្បាប់។

អ្នកស្រី ទេព វន្នី ត្រូវបានអាជ្ញាធរខណ្ឌដូនពេញចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែសីហាឆ្នាំ២០១៦ ខណៈអ្នកស្រីចូលរួមធ្វើយុទ្ធនាកាថ្ងៃចន្ទពណ៌ខ្មៅ ទាមទារឲ្យដោះលែងអ្នកការពារសិទ្ធិមនុស្សអាដហុកនិងរកយុត្តិធម៌ជូន លោក កែម ឡី។

​សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសអ្នកស្រី ទេព វន្នី ដាក់ពន្ធនាគារ៦ខែ ដោយចោទប្រកាន់ពីបទជេរប្រមាថនិងប្រឆាំងអាជ្ញាធរសាលារាជធានីភ្នំពេញកាលពីចុងឆ្នាំ២០១១ ប៉ុន្តែតុលាការទើបតែកាត់ទោសសកម្មជនដីធ្លីរូបនេះបន្ថែមមួយករណីទៀត ដាក់ពន្ធនាគារ២ឆ្នាំកន្លះ ដោយចោទថាប្រើហិង្សាលើក្រុមសន្តិសុខខណ្ឌដូនពេញកាលពីឆ្នាំ២០១៣។

ដោយមិនសុខចិត្តចំពោះសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ មេធាវីការពារក្ដីឲ្យអ្នកស្រី ទេព វន្នី បានប្ដឹងជំទាស់មកសាលាឧទ្ធរណ៍។

ប៉ុន្តែនៅថ្ងៃនេះ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ លោក​ ប៉ុល​ សំអឿន​ បានសម្រេច​តម្កល់​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ទុក​ជា​បាន​ការ​ដដែល​ សំអាងថាការសម្រេចរបស់តុលាការជាន់ទាបធ្វើឡើងតាមនីតិវិធីច្បាប់។

អ្នកស្រី ទេព វន្នី ចាត់ទុកការសម្រេចរបស់សាលាឧទ្ធរណ៍ ថាជារឿងអយុត្តិធម៌ ដោយថា អ្នកស្រី​មិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ឡើយ។

អ្នកស្រីថា «ថ្ងៃនេះខ្ញុំជាប់គុក ថ្ងៃស្អែកអ្នកដែលចាប់ខ្ញុំនឹងជាប់ដាក់គុកវិញ»។

តំណាងសហគមន៍បឹងកក់ អ្នកស្រី ប៊ូវ សោភា ដែលតវ៉ានៅក្រៅរបងសាលាឧទ្ធរណ៍ លើកឡើងថា អ្នកដែលអាចជួយឲ្យអ្នកស្រី ទេព វន្នី មានសេរីភាពវិញនោះ គឺមានតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុណ្ណោះ។

អ្នកស្រីនិយាយថា «និយាយរួមទៅ អ្នកដែលអាចលែង ទេព វន្នី បាន មានតែលោកនាយករដ្ឋមន្ត្រីដែលគាត់អាចមានសមត្ថភាពគ្រប់គ្រងប្រព័ន្ធតុលាការនិងមានការដោះលែងអ្នកស្រី ទេព វន្នី ឲ្យមានសេរីភាពបាន។ ចាំស្ថាប័នរដ្ឋាភិបាលនៅក្នុងប្រទេសកម្ពុជា ខ្ញុំគិតថាវាស្ថិតនៅក្នុងការញាក់របស់ថ្នាក់ដឹកនាំ បើសិនមិនមានភ្លើងខៀវពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កុំសង្ឃឹមថាអ្នកស្រី ទេព វន្នី មានសេរីភាព ព្រោះអីការចាប់អ្នកស្រី គឺជារឿងគំនុំគួនសុទ្ធសាធ»។

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់សមាគមអាដហុក លោក សឹង សែនករុណា ដែលតាមដានរឿងនេះ សម្ដែងការសោកស្ដាយចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍ ដោយថាមិនបានផ្ដល់យុត្តិធម៌ឲ្យអ្នកស្រី ទេព វន្នី។ លោកបន្តថា ការបន្តឃុំខ្លួនសកម្មជនដីធ្លីរូបនេះទៀតនេះ វាមិនបាន ចំណេញអ្វីទៅរដ្ឋាភិបាល ឬក៏ប្រព័ន្ធយុត្តិធម៌ឡើយ មានតែធ្វើឲ្យប៉ះពាល់ មុខមាត់រដ្ឋាភិបាល នៅលើកឆាកអន្តរជា​តិនិងធ្វើឲ្យប៉ះពាល់ដល់សន្លឹកឆ្នោតនៅឆ្នាំ២០១៨។

លោកថា «គួរដោះលែង ដើម្បីទី១ អាចមានស្ដារប្រជាប្រិយភាពពាក់ព័ន្ធទៅនឹងការកែទម្រង់ ប្រព័ន្ធយុត្តិធម៌នេះដែរ ពីព្រោះយើងឃើញថាអង្គហេតុនេះវាអត់សមហេតុសមផលនឹងធ្វើការចាប់ខ្លួនគាត់បន្តទៀតទេ។ ខ្ញុំសំណូមពរឲ្យដោះលែងអ្នកស្រី ទេព វន្នី ពីព្រោះយើងគិតថា កាលណាយើងបន្តធ្វើឲ្យមានអយុត្តិធម៌បែបនេះ ទៅលើស្រ្តីរងគ្រោះរូបនេះ វាអាចធ្វើឲ្យប៉ះពាល់មុខមាត់រដ្ឋាភិបាលជាពិសេសខាងប្រព័ន្ធយុត្តិធម៌ ធ្វើឲ្យពលរដ្ឋលែងមានជំនឿ [លើប្រព័ន្ធយុត្តិធម៌] ក្នុងការរកយុត្តិធម៌ជូនគាត់»។

ខណៈដែលសាលាឧទ្ធរណ៍ប្រកាសសាលដីកានៅថ្ងៃនេះ ក៏មានសកម្មជនដីធ្លីនៅតំបន់បឹងកក់និងមកពីសហគមន៍ផ្សេងទៀត បាននាំគ្នាតវ៉ានៅក្រៅរបងសាលាឧទ្ធរណ៍ ដើម្បីទាមទារឲ្យតុលាការដោះលែងតំណាងពួកគេ។ បន្ទាប់ពីដឹងថា តុលាការមិនដោះលែង អ្នកស្រី ទេព វន្នីនោះ ពួកគេបានធ្វើពិធីដាក់បណ្ដាសារទៅលើអ្នកដែលចោទប្រកាន់និងចាប់ពួកគេដាក់គុក។

សហគមន៍ជាតិនិងអន្តរជាតិ ធ្លាប់បានចេញសេចក្តីថ្លែងការណ៍ដោយចាត់ទុកការឃុំខ្លួនអ្នកស្រី ទេព វន្នី ថាជារឿងនយោបាយ៕

សរសេរមកកាន់ កញ្ញា ខាន់ លក្ខិណា តាមរយៈ leakhena@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required