ពលរដ្ឋចំនួនពីរសហគមន៍ស្នើឲ្យរដ្ឋាភិបាលឃ្វៀលដីចេញពីតំបន់អភិវឌ្ឍន៍ទីក្រុងរណប

ពលរដ្ឋជាង២០០នាក់មកពីសហគមន៍ចំនួន២ក្នុងរាជធានីភ្នំពេញស្នើឲ្យរដ្ឋាភិបាលកាត់ដីរបស់ពួកគេចេញពីគម្រោងអភិវឌ្ឍន៍ទីក្រុងរណប ដោយបារម្ភពីការបណ្ដេញចេញទាំងបង្ខំ ខណៈដែលក្រុមហ៊ុនបន្តបូមខ្សាច់ចាក់នៅតំបន់ជាបន្តបន្ទាប់។

ប្រជាសហគមន៍មកពីព្រែកតាគង់១និងសហគមន៍ខ្វា ក្នុងខណ្ឌមានជ័យ ប្រាប់អ្នកសារព័ត៌មាននៅកន្លែងតវ៉ាមុខក្រសួងដែនដីថា ក្រុមហ៊ុនបានបូមខ្សាច់លុបបឹងទំពុន ស្ថិតក្នុងសង្កាត់ចក្រអង្វែលើ ខណ្ឌមានជ័យ មិនបានផ្តល់ដំណឹងដល់ពួកគេដែលបានរស់នៅទីនោះទេ។

តំណាងសហគមន៍ព្រែកតាគង់១ លោក អំ ណារី ថ្លែងថារដ្ឋាភិបាលបានផ្ដល់តំបន់ដែលពួកគាត់រស់នៅសព្វថ្ងៃនេះទៅឲ្យក្រុមហ៊ុន ING ធ្វើការអភិវឌ្ឍទីក្រុងរណប ដោយពុំបានសិក្សាពីផលប៉ះពាល់របស់ពួកគាត់ដែលកំពុងរស់នៅទីនោះ។

លោកមានប្រសាសន៍ថា៖ “រងផលប៉ះពាល់នូវការអភិវឌ្ឍ ចឹងហើយបានជាពួកខ្ញុំខ្វាយខ្វល់ ដោយសារក្រុមហ៊ុនហ្នឹងវាបូមខ្សាច់ចង់លេចដំបូលផ្ទះហើយ ពួកខ្ញុំមិនដឹងពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនហ្នឹងទេ។ តើពួកខ្ញុំស្ថិតនៅក្នុងគម្រោងអី ហើយវាប៉ះពាល់ហ្នឹង គេគិតក្នុងផលប្រយោជន៍អី ហើយពួកគេមិនដែលបានចុះទៅសិក្សាពីសហគមន៍ពួកខ្ញុំទេ។ ដោយសារប្រជាពួកខ្ញុំភ័យខ្លាចជាពិសេសដូចជានៅបឹងកក់ បុរីកីឡាចឹង ខ្លាចពួកគេទៅដេញចេញ ចឹងបានជាពួកខ្ញុំខ្លាចនឹងការអភិវឌ្ឍហ្នឹងចឹង“។

ពលរដ្ឋម្នាក់ទៀតលើកឡើងថា ពួកគាត់ព្រួយបារម្ភខ្លាចបាត់បង់ដីធ្លីនិងផ្ទះសម្បែងដែលរស់នៅសព្វថ្ងៃនេះ ខណៈដែលការអភិវឌ្ឍកន្លងមក លោកថារដ្ឋាភិបាលកន្លងមកបានបណ្ដេញចេញទាំងបង្ខំ ដោយគ្មានផ្ដល់សំណងសមរម្យឲ្យពលរដ្ឋដែលរងផលប៉ះពាល់ឡើយ។

លោកមានប្រសាសន៍ថា៖ “គឺស្ថិតនៅតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុនដែលមានបណ្ដុំដោយឧកញ៉ា គ្រាក់ៗ ក្នុងរដ្ឋាភិបាល ដូច្នោះយើងមានការបារម្ភភ័យណា ចំពោះពលរដ្ឋរស់នៅតំបន់អភិវឌ្ឍន៍ ព្រោះយើងដឹងហើយកន្លងមក អភិវឌ្ឍន៍កន្លែងណាគឺតែងមានបញ្ហារំលោភបំពាន ដោយមិនទទួលផលយុត្តិធម៌សម្រាប់ពលរដ្ឋក្រីក្រឡើយ

កុមារដែលចូលរួមការតវ៉ានោះ ពួកគេប្រាប់ថាខ្លះរៀនថ្នាក់ទី៤និងខ្លះទៀតថ្នាក់ទី៦ ពួកគេបាននាំគ្នាលើកបដាសុំឲ្យរដ្ឋអភិវឌ្ឍនៅនឹងកន្លែងនិងច្រៀងស្នើឲ្យក្រសួងជួយដោះស្រាយពួកគេ។

ពួកគេថា៖ “ជួយឲ្យរដ្ឋាភិបាលជួយកំណត់ដោះស្រាយឲ្យឆាប់ កុំនៅស្ងៀម រាស្រ្តកំពុងឃ្លាននិងគ្មានសង្ឃឹម ពួកយើងចាំយ៉ាងច្បាស់ដីធី្លមានម្ចាស់ចែងក្នុងច្បាប់ កុំឲ្យនរណារំលោភសិទិ្ឋដីធី្លពលរដ្ឋទាំងក្រុងជនបទ ប្រគល់ដល់ដៃរាស្រ្តវិញឲ្យឆាប់ប្រយ័ត្នរឿងធំកើតកី្ដវិបតិ្ត ប្រជាជនយើងប្រយ័ត្នព្រាត់ កុំឲ្យបែកបាក់ខូចមុខមាត់ យើងរាស្រ្តនិងរដ្ឋត្រូវជួយគ្នា“។

ក្រោយពីមានសម្រែកច្រៀងជាពួករបស់ក្មេងៗនិងស្រែកហៅរដ្ឋមន្ត្រីក្រសួងដែនដី លោក ជា សុផារ៉ា ឲ្យចេញមកជួប អ្នកនាំពាក្យក្រសួងដែនដី លោក សេង ឡូត បានចេញមកជួបអ្នកតវ៉ា ដោយលើកឡើងថាក្រសួងនឹងធ្វើការពិនិត្យករណីនេះសិន។

លោកមានប្រសាសន៍ថា៖ “សូមឲ្យបងប្អូនយោគយល់ កិច្ចការនេះធំណាស់ មិនអាចធ្វើការនេះ២អាទិត្យបានទេ សូមឲ្យខន្តី ចាំឲ្យក្រុមការងារជាមួយអាជ្ញាធរដែនដី ពិនិត្យជាមួយគ្នា ស្រាវជ្រាវឲ្យឃើញថា តើសំណុំរឿងហ្នឹងវាយ៉ាងម៉េច ការពិតយ៉ាងម៉េច មិនអាចធ្វើអ្វីៗតាមចិត្តយើងចង់នោះទេ។ ក្រសួងចង់ឆ្លើយភ្លាមៗ ក៏ប៉ុន្តែក៏មិនអាចដែរ ត្រូវការមើលសាច់រឿងហ្នឹងឲ្យច្បាស់ ដោយយកគោលការណ៍ច្បាប់ យកភាពត្រឹមត្រូវជាមូលដ្ឋានកាលណាធ្វើអីមិនមានភាពត្រឹមត្រូវ វានឹងមានកើតបញ្ហាតាមក្រោយទៀត

ទោះបីជាបានជួបក្រសួងហើយក៏ដោយ អ្នកតវ៉ាអះអាងថានៅមិនទាន់បានទំនុកចិត្តនៅឡើយ ខណៈដែលក្រសួងមិនបានសន្យាជាមួយពួកគេឲ្យបានច្បាស់លាស់នោះ។ ពួកគេព្រមានថា ប្រសិនបើគ្មានការដោះស្រាយទេ ពួកគេនឹងមកតវ៉ានៅមុខក្រសួងទៀត។

ប្រធានក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ មានប្រសាសន៍ថា ក្រសួងគួរតែដោះស្រាយបញ្ហាដីធ្លីនេះឲ្យបានឆាប់ បើមិនដូច្នោះទេលោកថាវានឹងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់រដ្ឋាភិបាល ខណៈដែលលោកថាការដោះស្រាយកន្លងមកហាក់ដូចជាមិនមានវិធានការណាមួយច្បាស់លាស់រវាងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ តែងតែរុញដាក់ទៅវិញមក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ