​​​​​ចន ច័ន្ទ​​​​លក្ខិណា ​​ឡើងកាលីប​នៅ​​អូស្ត្រាលី ថៃ​ និង​ឡាវ

អ្នកនាង ចន ច័ន្ទ​លក្ខិណា (ដោយ វង្ស សុម៉ាលីន)

ចាត់ទុកជារឿងភ្ញាក់ផ្អើលដែលអ្នកនាង ចន ច័ន្ទលក្ខិណា ត្រូវជ្រើសឲ្យសម្ដែងជាតួឯកក្នុងរឿង «ចន្ទ្រា» ដែលជាខ្សែភាពយន្តខ្នាតធំកម្រិតស្ដង់ដារអន្តរជាតិនិងជារឿងដែលត្រូវបានផលិតករប្រកាសថាចំណាយការផលិតរហូតដល់៣០ម៉ឺនដុល្លារ។

អ្វីដែលគួរអោយចាប់អារម្មណ៍ គឺរឿងមួយនេះត្រូវបានប្រទេសចំនួន៣រួមមានថៃ ឡាវ និងអូស្រ្តាលីទទួលបកប្រែយកទៅបញ្ចាំង ស្របគ្នានឹងការបញ្ចាំងនៅកម្ពុជា ដែលកាន់តែធ្វើឲ្យតួសម្ដែងជាពិសេសគឺអ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាតួឯក មានភាពលេចធ្លោ។

នេះជាការឡើងកាលីបដ៏កម្រមួយ ខណៈដែលអ្នកនាងមិនសូវបង្ហាញខ្លួនក្នុងរឿងភាពយន្តខ្នាតធំ ប៉ុន្តែរំលេចខ្លួនម្ដងក៏ចំខ្សែរឿងដែលត្រូវបានប្រទេស៣ខាងលើទទួលយកបញ្ចាំងតាមរោងកុនទំនើប ខុសពីរឿងខ្មែរផ្សេងៗ។

លោក ប៉ុល បូវី ហៅនីត ចាងហ្វាងផលិតកម្មអង្គរភីចឈ័របានអះអាងថា ខ្សែរឿង «ចន្ទ្រា» លោកបានចំណាយការផលិតអស់ចំនួន៣០ម៉ឺនដុល្លារ និងជារឿងទី១ដែលលោកបានយកទៅឆ្លងក្នុងប្រទេស៣គឺ ថៃ ឡាវ និងអូស្រ្តាលី ហើយត្រូវបានម្ចាស់រោងកុនទាំងនោះទទួលយកទៅបញ្ចាំងព្រមគ្នាចាប់ពីថ្ងៃទី១៥ ខែកញ្ញានេះ។

លោកឲ្យដឹងថា នៅក្នុងប្រទេសកម្ពុជានឹងផ្ដើមដាក់បញ្ចាំងរឿងនេះនៅថ្ងៃទី៩ ខែកញ្ញា ខណៈដែលនៅប្រទេសថៃនិងឡាវ នឹងផ្ដើមបើកឆាកចាប់ពីថ្ងៃ១៥ ខែកញ្ញា។

ដោយឡែកនៅក្នុងប្រទេសអូស្រ្តាលី លោក ប៉ុល បូវី ឲ្យដឹងថាកំពុងជ្រើសថ្ងៃដោយអាចនឹងនៅចុងខែកញ្ញានេះ។ លោកថា ជារឿងកម្រដែលស្នាដៃរបស់ខ្មែរត្រូវបានទទួលស្គាល់ក្នុងបណ្ដាប្រទសដែលមានវិស័យភាពយន្តរីកចំរើន ជាពិសេសគឺអូស្រ្តាលី ដែលលោកមិននឹកស្មានដល់។

តួសម្តែងនិងផលិតកររឿង «ចន្ទ្រា» (ដោយ វង្ស សុម៉ាលីន)
តួសម្តែងនិងផលិតកររឿង «ចន្ទ្រា» (ដោយ វង្ស សុម៉ាលីន)

លោកថាផលិតកម្មសម្រេចចិត្តចំណាយលុយផ្ទាល់ខ្លួនទាំងស្រុងក្នុងគម្រោងនាំយកតារាខ្មែរ ដែលជាតួសម្ដែងសំខាន់ៗឲ្យទៅសម្ពោធរឿងមុនពេលដាក់បញ្ចាំង ដូចការនាំទៅធ្វើសន្និសីទកាសែតនៅក្នុងប្រទេសថៃកាលពីថ្ងៃទី៤និងទី៥ កញ្ញាជាដើម។

លោកថាវត្តមានតារាខ្មែរទៅប្រកាសរឿងនៅក្នុងប្រទេសបានទទួលជោគជ័យយ៉ាងខ្លាំង ដោយសារតែបណ្ដាសារព័ត៌មានរបស់ថៃភាគច្រើនចុះផ្សាយនិងសម្ភាសន៍ជាសាធារណៈ។ ដោយឡែកសម្រាប់នៅឡាវនិងនៅប្រទេសអូស្រ្តាលី មុនពេលដាក់បញ្ចាំងតាមរោង ក៏លោកនឹងធ្វើការបើកសម្ពោធ ដោយនាំតារាខ្មែរទៅធ្វើដូចគ្នានឹងនៅឡាវដូច្នេះដែរ ដើម្បីអោយតារាខ្មែរបានទៅបង្អួតសម្រស់និងស្នាដៃនៅក្រៅប្រទេស។

លោកថាតារាសម្ដែងសំខាន់ៗរួមមានអ្នកនាង ចន ច័ន្ទលក្ខិណា និង ម៉ាក់ សែនសូនីតា ហៅតូតា នឹងជាមុខសញ្ញាត្រូវទៅសម្ពោធរឿង «ចន្ទ្រា» នៅក្នុងប្រទេសឡាវនិងអូស្រ្តាលី ខណៈដែលតារាផ្សេងនឹងត្រូវជម្រើសទៅតាមភាពជាក់ស្ដែង។ លោកថាជាមោទនភាពដែលរឿងរបស់ខ្មែរទទួលបានឱកាសវាយចូលទីផ្សារបរទេស ក្នុងពេលដែលបណ្ដាប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ានក៏នឹងអាចទទួលយកទៅបញ្ចាំងបន្ថែមទៀតក្រៅពីថៃ ឡាវ និងអូស្រ្តាលី។

មកទល់ពេលនេះលោកថាខ្សែរឿង «ចន្ទ្រា» ត្រូវបានបកប្រែជាភាសាថៃរួចហើយ ដោយការបកប្រែជាភាសាឡាវនិងអង់គ្លេស គឺកំពុងដុតដៃដុតជើង ដើម្បីយកទៅបញ្ចាំងនៅឡាវនិងអូស្រ្តាលីអោយទាន់ចិត្ត។

អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហាញមោទនភាពយ៉ាងខ្លាំងបន្ទាប់ពីបានបង្ហាញខ្លួនធ្វើជាតួឯកនៅក្នុងរឿងនេះ។ អ្នកនាងថាអ្វីដែលបានស្ដែងឡើងក្នុងរឿង «ចន្ទ្រា» គឺជាអ្វីដែលអ្នកនាងចង់បាន អ៊ីចឹងហើយទើបអ្នកនាងសម្រចចិត្តទម្លាក់ចោលការងារក្នុងពេលទទួលថតរឿង «ចន្ទ្រា» និងត្រៀមទាំងពេល ដើម្បីចេញទៅសម្ពោធរឿងនេះនៅឡាវនិងអូស្រ្តាលី តាមការរៀបចំរបស់ផលិតកម្ម។

អ្នកនាងនិយាយថា៖ “ខ្ញុំភ្ញាក់ផ្អើលបន្ទាប់ពីរឿងដែលខ្ញុំបានថតអាចចូលទៅបញ្ចាំងក្នុងទីផ្សារថៃ ឡាវ និងអូស្រ្តាលីបាន! សម្រាប់ខ្ញុំ ខ្ញុំនៅតែជឿថារឿងខ្មែរអោយតែផលិតករធ្វើបានល្អចឹង គឺប្រទេសណាក៏នឹងទទួលស្គាល់ដែរ ដូចរឿង «ចន្ទ្រា» នេះចឹង!”។

អ្នកនាងថាខ្លួនទទួលបានការកោតសរសើរយ៉ាងខ្លាំងក្នុងពេលបង្ហាញខ្លួនក្នុងវេទិកាសន្និសីទកាសែតនៅក្នុងប្រទេសថៃ អមដោយការសម្ភាសន៍ពីអ្នកសារព័ត៌មានថៃ ជាមួយនឹងឈុតច្នៃពីក្រមាដែលធ្វើឲ្យបរទេសបានស្គាល់ពីអត្តសញ្ញាណរបស់ជាតិ។ អ្នកនាងក៏ត្រៀមបង្អួតសំលៀកបំពាក់ដែលបង្ហាញពីលក្ខណៈខ្មែរបែបនេះ នៅក្នុងពិធីទៅសម្ពោធរឿងនៅឡាវនិងនៅអូស្ត្រាលីខាងមុខផងដែរ បើខាងផលិតករផ្ដល់ឱកាសឲ្យអ្នកនាងបានទៅចូលរួមដូចការអះអាង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ