ពលរដ្ឋ​ជំរុញជាថ្មីទៀត​ឲ្យ​រដ្ឋាភិបាលពន្លឿនដោះស្រាយបញ្ហាដីធ្លីជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ទីក្រុងរណប

ប្រជាពលរដ្ឋនៅក្នុងសង្កាត់ជ្រោយចង្វារដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ទីក្រុងរណប

ប្រជាពលរដ្ឋនៅក្នុងសង្កាត់ជ្រោយចង្វារដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ទីក្រុងរណប បាននាំគ្នាមករកកិច្ចអន្តរាគន៍ជាថ្មីនៅក្រសួងដែនដី នគររូបនីយកម្ម និងសំណង ដើម្បីឲ្យស្ថាប័ននេះពន្លឿនការដោះស្រាយបញ្ហារបស់ពួកគេ ខណៈក្រុមហ៊ុនមិនព្រមបញ្ឈប់ការឈូសឆាយលើដីទំនាស់។

ពលរដ្ឋជាង២០នាក់បាននាំគ្នាធ្វើការតវ៉ានិងដាក់ញត្តិនៅក្រសួងដែនដីជាថ្មីទៀតកាលពីថ្ងៃពុធ ដោយពួកគេអះអាងថាការតវ៉ានិងការដាក់ញត្តិកន្លងមក នៅតែពុំទាន់មានដំណោះស្រាយ។

តំណាងពលរដ្ឋមកពីភូមិគរខាងត្បូង សង្កាត់ជ្រោយចង្វារ លោក ជា សុផាត ប្រាប់អ្នកសារព័ត៌មាននៅមុខក្រសួងថា កន្លងមកពួកគេបានដាក់ញតិ្តនៅក្រសួងម្ដងហើយ តែរហូតមកដល់នេះមិនទាន់មានឃើញក្រសួងមានចំណាត់ការអ្វី ដោយក្រុមហ៊ុននៅតែបន្តឈូសឆាយដីរបស់ពួកគេ ។ លោកបន្តថាសព្វថ្ងៃនេះក្រុមហ៊ុន OCIC នៅតែបន្តការឈូស បើទោះបីជាពួកលោកស្នើឲ្យបញ្ឈប់សិន ដោយរងចាំការដោះស្រាយពីក្រសួង ក៏ដោយ។

លោកមានប្រសាសន៍ថា៖ “មានដឺកាអមពីនគររូបនីយកម្មមួយទំលាក់ទៅសាលាក្រុង ដើម្បីឲ្យសាលាក្រុងធើ្វរបាយការណ៍មកនគររូបនីយកម្មវិញ ហើយខ្ញុំបានទៅសួរសាលាក្រុងពីរដងហើយ សួរហើយនៅតែរបាយការណ៍នោះនៅតែមិនទាន់ផ្ដល់ចម្លើយមកនគររូបនីយកម្មទេ ដូចេ្នះហើយថៃ្ងនេះដែលខ្ញុំមកហ្នឹង សូមឲ្យក្រសួងដែនដីនិងនគររូបនីយកម្ម លោកចាត់ការខ្លួនឯង មិនចាំបាច់ឲ្យសាលាក្រុងទេ បើទៅសាលាក្រុងគឺដដែលៗនិងរុញដូចជាបាល់ចឹង សាលាក្រុងមុខតែគ្មានដំណោះស្រាយឲ្យពួកខ្ញុំទេ បានខ្ញុំមកឯកឧត្ដមទេសរដ្ឋមន្រី្តនិង ឲ្យជួយយើងខ្ញុំ ដើម្បីរកដំណោះស្រាយមួយសមរម្យដែលអាចទទួលយកបាន ពួកខ្ញុំយកហើយ

អនុរដ្ឋលេខាធិការក្រសួងដែនដី នគររូបនីយកម្ម និងសំណង លោក ទេព ធន បានចេញមកទទួលញត្តិ ដោយលោកអះអាងថាលោកនឹងធ្វើការដោះស្រាយចំពោះករណីនេះ។

លោកមានប្រសាសន៍ថា៖ “កិច្ចទាំងអស់ហ្នឹង វាមានពាក់ព័ន្ធគ្នាតាំងពីក្រោមដល់លើ ព្រោះកាលណាយើងទទួលហើយ ប៉ុន្តែមើលកិច្ចការខ្លះដែលគេកំពុងដោះស្រាយ យើងរុញទៅឲ្យគេបន្ត ហើយយើងនឹងខិតខំតាមដានពីលើទៀត ហើយបើទៅនោះក៏មានមន្ទីររៀបចំដែនដីរាជធានីក៏នៅហ្នឹងដែរ ……………… ទាល់តែអូនឯងរងចាំបន្តិច រឿងធំៗចឹងមិនងាយទៅធ្វើម៉េចបានភ្លាមៗតាមចិត្តយើងនោះ

ប្រធានក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ មានប្រសាសន៍ថា ក្រសួងគួរតែដោះស្រាយបញ្ហាដីធ្លីនេះឲ្យបានឆាប់ បើមិនដូច្នោះទេលោកថាវានឹងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់រដ្ឋាភិបាល ខណៈដែលលោកថាការដោះស្រាយកន្លងមកហាក់ដូចជាមិនមានវិធានការណាមួយច្បាស់លាស់រវាងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ តែងតែរុញដាក់ទៅវិញមក។

លោកមានប្រសាសន៍ថា៖ “នៅតែឃើញថា វាហាក់បីដូចជារុញទៅរុញមកៗ ដូចជាមិនឃើញមានយន្តការណាមួយច្បាស់លាស់សោះ ខ្ញុំគិតថាក្រសួងដែនដីលោករដ្ឋមន្រី្តថី្មដែលលោកបេ្ដជ្ញាចិត្តថានឹងដោះស្រាយរឿងដីធី្លនេះ នឹងចាត់វិធានការទៅតាមអី្វដែលគាត់បានប្រកាសជាសាធារណ:ចំពោះក្រុមហ៊ុនណាដែលរកស៊ីខិលខូច…..ដើម្បីរុញទៅរាជរដ្ឋាភិបាល ដើម្បីចាត់វិធានការ គួរតែធើ្វតាមអី្វដែលលោកប្រកាសហ្នឹង ទើបប្រជាជនពេញចិត្ត ហើយម្ចាស់ឆោ្នតនឹងចាំមើល ព្រោះជិតបោះឆោ្នតហើយ

យ៉ាងណាក៏ដោយក្រុមអ្នកតវ៉ាអះអាងថា បើទោះបីជាក្រសួងបានសន្យាថានឹងដោះស្រាយ ប៉ុន្តែក្រសួងមិនបានបញ្ជាក់ពីពេលវេលាជាក់នោះ លោកនៅតែបារម្ភ ពីព្រោះក្រុមហ៊ុនកំពុងឈូសឆាយនៅលើដីទំនាស់។

បើអ្នកតវ៉ាអះអាងថា ជម្លោះដីនេះបានកើតឡើងតាំងពីឆ្នាំ២០១១ចាប់ពីក្រុមហ៊ុន(OCIC)ទទួលបានសិទ្ធិវិនិយោគធ្វើក្រុងរណបនៅខណ្ឌជ្រោយចង្វារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ