សមាជិក​សភា​អាមេរិកទទូចឲ្យ​​រដ្ឋាភិបាលកម្ពុជាទំលាក់ចោលសកម្មភាព​​ប៉ះពាល់ជា​អវិជ្ជមានដល់ដំណើរការបោះឆ្នោត

គណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាសហរដ្ឋអាមេរិកដែលតំណាងសមាជិកសភា១១៤រូប ទទូចឲ្យរដ្ឋាភិបាលកម្ពុជាទំលាក់ចោលនូវសកម្មភាពទាំងឡាយ រួមទាំងការចោទប្រកាន់អ្នកនយោបាយគណបក្សប្រឆាំងផងដើម្បីធានាថាដំណើការបោះឆ្នោតនៅពេលខាងមុខនេះអាចទទួលយកបាន។

ក្នុងលិខិតមួយច្បាប់ដែលសរសេរទៅលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជាចុះថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ សមាជិកសភាសហរដ្ឋអាមេរិកបានបញ្ជាក់ថា ពួកគេមានការព្រួយបារម្ភពីការបន្តធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជានិងសេចក្តីរាយការណ៍ដែលថាប្រធានស្តីទីគណបក្សសង្រ្គោះជាតិគឺលោក កឹម សុខា ត្រូវបានបង្ខំឲ្យស្វែងរកការជ្រកកោណនៅក្នុងស្នាក់ការគណបក្ស ហើយដែលអាចនឹងត្រូវបានចាប់ខ្លួននៅពេលឆាប់ៗ។

សមាជិកសភាអាមេរិកទាំង១១៤រូប បានសរសេរនៅក្នុងលិខិតដែរថា ចាប់តាំងពីការបោះឆ្នោតឆ្នាំ២០១៣មកពួកគេសង្កេតឃើញថាមានការវាយប្រហាលើសិទ្ធិមនុស្ស ដោយសកម្មជនគណបក្សប្រឆាំងត្រូវបានចាប់ខ្លួន ដាក់ពន្ធនាគារនិងវាយដំ។ លិខិតនេះក៏លើកករណីរបស់ លោក ញ៉ ចំរើន សមាជិកសភាគណបក្សសង្គ្រោះជាតិដែលត្រូវបានអ្នកគាំទ្រគណបក្សប្រជាជនវាយដំឲ្យរងរបួសកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ និងករណីឃាតកម្មលោកលោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។

ប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាអាមេរិក អេដវឺត រ៉ូយស៍ (EDWARD R. ROYCE) សរសេរក្នុងលិខិតនោះថា លោកជឿជាក់ថាការចោទប្រកាន់ប្រឆាំងលោក សម រង្ស៊ី និងលោក កឹម សុខា គឺជារឿងមិនត្រឹមត្រូវនិងជារឿងនយោបាយ៖ «បើគ្មានការចូលរួមដោយពេញលេញនិងសេរីពីគណបក្សសង្រ្គោះជាតិទេ នោះលទ្ធផលពីការបោះឆ្នោតខាងមុខនេះនឹងត្រូវបានធ្វើឲ្យមានកំហុស ហើយយើងមិនអាចទទួលយកបាននោះទេ»។

អេដវឺត រ៉ូយស៍ (EDWARD R. ROYCE) សរសេរក្នុងលិខិតដែរថា ការប៉ុនប៉ងបង្ខូចឬការរុកកួនអ្នកនយោបាយប្រឆាំងគឺជាការបដិសេធការប្រើប្រាស់ឱកាសរបស់ប្រជាពលរដ្ឋក្នុងការជ្រើសរើសរដ្ឋាភិបាលដែលគេចង់បាន។ សមាជិកសភាសហរដ្ឋអាមេរិកក៏ទទូចឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទំលាក់ចោលសកម្មភាពទាំងឡាយណាដែលធ្វើឲ្យមានផលជាអវិជ្ជមានដល់ដំណើរការបោះឆ្នោតនិងការចោទប្រកាន់ទៅលើលោក កឹម សុខា និងអ្នកដឹកនាំគណបក្សប្រឆាំងផ្សេងទៀត។

ទោះយ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មានប្រសាសន៍ថា លិខិតនោះគឺគ្រាន់តែបញ្ជាក់សំឡេងរបស់តំណាងរាស្ត្រមួយក្រុមរបស់អាមេរិកប៉ុណ្ណោះ មិនមែន ទាំង អស់ទេ។ លោកថា ដំណើរការតុលាការលើលោក សម រង្ស៊ី និង លោក កឹម សុខា មិនប៉ះពាល់ ដល់ដំ ណើរការបោះឆ្នោតទេ ព្រោះជាចំណាត់ការផ្លូវច្បាប់។

ការចេញលិខិតចំហរបស់សមាជិកសភាអាមេរិកនេះ  ធ្វើឡើងស្របពេលដែលថ្នាក់ដឹកនាំ និង មន្ត្រីគណបក្សសង្គ្រោះជាតិកំពុងជាប់បណ្តឹងនៅតុលាការ ហើយអ្នកខ្លះជាប់ពន្ធនាគារ។ លោកសម រង្ស៊ីប្រធានគណបក្សកំពុងគេចខ្លួននៅក្រៅប្រទេស ចំណែកលោកកឹម សុខាអនុប្រធាន កំពុងជាប់ បណ្តឹង នៅតុលាការ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ