មន្ត្រីរដ្ឋាភិបាលមិនជឿថា អាមេរិក និង EU នឹងដាក់សម្ពាធពាណិជ្ជកម្មលើកម្ពុជា

មន្ដ្រីរដ្ឋាភិបាល ជឿជាក់ថា សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប ទំនងជានឹងមិនដាក់សម្ពាធផ្នែកពាណិជ្ជកម្ម លើកម្ពុជានោះទេ ខណៈស្ថានការណ៍នយោបាយនៅកម្ពុជា កំពុងឡើងកំដៅខ្លាំង រួមមានការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំងផងនោះ។ ចំពោះ អ្នកជំនាញ វិភាគថា វិស័យកាត់ដេរ នឹងជួបបញ្ហាមុនគេ បើមានការដាក់សម្ពាធមែន។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោកស្រី សឹង សុផារី ឲ្យ VOD ដឹងនៅថ្ងៃសុក្រនេះថា ទោះបីសហគមន៍អន្ដរជាតិ បង្ហាញក្ដីបារម្ភ អំពីស្ថានការណ៍នយោបាយនៅកម្ពុជាក្ដី ប៉ុន្ដែលោកស្រីថា សហគមន៍អឺរ៉ុប ក៏ដូចជា រដ្ឋាភិបាលអាមេរិក ទំនងជាមិនជ្រើសយកការដាក់សម្ពាធពាណិជ្ជកម្ម មកលើកម្ពុជានោះទេ។

លោកស្រីយល់ថា ការសម្រេចដាក់សម្ពាធណាមួយ គឺលុះត្រាតែ កម្ពុជា ផ្លាស់ប្ដូររបបគ្រប់គ្រងទៅជារបបផ្ដាច់ការ ឬរបបកុម្មុយនីស្ដ និងថា កម្ពុជា ត្រូវបានគេចាត់ទុកជា ប្រទេសមានការអភិវឌ្ឍតិចតួច (Least Development Countries) នៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក ដោយថា មេដឹកនាំទាំងនោះ ទំនងជាមិនយករឿងនយោបាយ មកលាយឡំជាមួយបញ្ហាសេដ្ឋកិច្ចឡើយ។

លោកស្រីថា៖ «ចង់និយាយថា បើគេបិទ គេប្រកាសបិទភ្លាមៗ​ បាត់ហើយ។ ប្រទេសមួយៗ មុននឹងគេចាត់វិធានការអី ដាក់ទណ្ឌកម្មអីមួយ មិនមែនដោយសារតែរឿងមួយ គេកាត់ផ្ដាច់ទំនាក់ទំនងទេ ព្រោះអី ការបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសមួយៗ មិនមែនជារឿងសាមញ្ញទេ បើសិនមានរឿងភ្លាម គេកាត់ភ្លាម អាហ្នឹង មិនមែនអ្នកដឹកនាំប្រទេសទេ។ ចង់និយាយថា​ នេះមិនមែនជាជម្រើស ដែលព្យួរថា គេនឹងធ្វើអញ្ចឹងណា ព្រោះអី យើងមិនមែនប្រកាសប្រាប់អាមេរិកថា ខ្ញុំដូររបបប្រទេសខ្ញុំ ទៅជារបបកុម្មុយនីស្ដហើយ អាហ្នឹង ស្អែកឡើង អាមេរិកបិទហើយ តែនេះ យើងមិនមែនប្រកាសដូររបបគ្រប់គ្រងឯណា»។

ប៉ុន្ដែអ្នកជំនាញផ្នែកសេដ្ឋកិច្ច ព្យាករថា កម្ពុជាអាចនឹងជួបបញ្ហា ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ បើសិនសហគមន៍អឺរ៉ុប និងអាមេរិក ដាក់គំនាបនយោបាយលើរដ្ឋាភិបាល។

បណ្ឌិតផ្នែកសេដ្ឋកិច្ច លោក គី សេរីវឌ្ឍន៍ លើកឡើងថា បើទោះបីជាសហរដ្ឋអាមេរិក ចង់ដាក់សម្ពាធណាមួយ ក៏កម្ពុជានឹងមិនបានជួបវិបត្តិសេដ្ឋកិច្ចឡើយ ដោយថា ទំហំពាណិជ្ជកម្មប្រទេសទាំងពីរ មានទំហំតិចតួច។ ប៉ុន្ដែលោកថា វិស័យកាត់ដេរ នឹងជួបបញ្ហាធ្ងន់ធ្ងរ ប្រសិនសហគមន៍អឺរ៉ុប រួមគ្នាជាមួយសហរដ្ឋអាមេរិក ជំរុញការដាក់គំនាបមកលើកម្ពុជា។

លោកថា៖ «កាលណាតែមានទំនាស់អញ្ចឹង ខ្ញុំគិតថា សហរដ្ឋអាមេរិក មិនមានជាផលប៉ះពាល់អីជាមួយសេដ្ឋកិច្ចកម្ពុជាច្រើនទេ ដោយសារតែទំហំពាណិជ្ជកម្ម របស់អាមេរិកជាមួយកម្ពុជាហ្នឹង វាតិចជាង១ប៊ីលានដុល្លារ។ ប៉ុន្ដែអ្វី ដែលព្រួយបារម្ភ គឺបញ្ហារបស់សហគមន៍អឺរ៉ុប បើសិនសហគមន៍អឺរ៉ុប លូកដៃជាមួយអាមេរិក ពេលនោះ វាមានផលប៉ះពាល់ទៅនឹងវិស័យកាត់ដេរហ្នឹងច្រើន ព្រោះការនាំចេញរបស់យើង ប្រហែលជា ៩ពាន់៥រយលានដុល្លារ គឺវិស័យកាត់ដែរហ្នឹងឯង នាំទៅអឺរ៉ុបទាំងអស់»។

បណ្ដាក្រុមហ៊ុន និងវិនិយោគិនបរទេស ធ្លាប់បានបង្ហាញក្ដីកង្វល់ ពាក់ព័ន្ធនឹងបញ្ហាអស្ថិរភាពនយោបាយ នៅមុនការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨ បន្ទាប់ពីមានការអនុម័តច្បាប់ស្ដីពីគណបក្សនយោបាយ និងច្បាប់អង្គការ សមាគម ដោយថា​ កំពុងរិតត្បិតដល់សិទ្ធិសេរីភាពគណបក្ស និងក្រុមអង្គការសង្គមស៊ីវិល។

ស្ថានការណ៍នយោបាយ ហាក់ឡើងកម្ដៅខ្លាំងឡើង បន្ទាប់ពីរដ្ឋាភិបាលបញ្ជាឲ្យអាជ្ញាធរចាប់ខ្លួន ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដាក់ពន្ធនាគារ ដោយចោទថាពីបទ «ក្បត់ជាតិ» និងឃុបឃិតជាមួយបរទេស ផ្ដួលរលំរដ្ឋាភិបាល ដែលការនេះ ធ្វើឲ្យប្រតិកម្មថ្កោលទោសជាបន្ដបន្ទាប់ពីសហគមន៍អន្ដរជាតិ។

បើតាមរបាយការណ៍រដ្ឋាភិបាល សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជា ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងទំនិញផ្សេងៗ ដោយទំហំនាំចេញទៅអាមេរិក នៅឆ្នាំ២០១៦ មានចំនួន ២ ១៤៧ លានដុល្លារ ខណៈការនាំចេញទៅសហគមន៍អឺរ៉ុប មានប្រមាណជា ១,៧ប៊ីលានដុល្លារអាមេរិក។

អ្នកជំនាញ ពន្យល់ថា កម្មករប្រមាណជាង៧០ម៉ឺននាក់ នៅកម្ពុជា នឹងរងផលប៉ះពាល់ បើសិនមានការដាក់សម្ពាធផ្នែកពាណិជ្ជកម្មលើកម្ពុជាមែន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ