ក្រុមមេធាវីស្នើតុលាកាប្ដូរទីតាំងឃុំខ្លួនលោក កឹម សុខា មកនៅភ្នំពេញ

លោក កឹម សុខា ពេលចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ​ឆ្នាំ២០១៧។

ក្រុមមេធាវីការពារក្ដីឲ្យប្រធានគណបក្សសង្គ្រោះជាតិ ឲ្យដឹងថា នៅថ្ងៃទី៨ខែកញ្ញានេះ ក្រុមមេធាវីនឹងដាក់ លិខិតទៅតុលាការ ដើម្បីស្នើសុំប្ដូរទីតាំងឃុំខ្លួន លោក កឹម សុខា ពីពន្ធនាគារត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ មកនៅភ្នំពេញវិញ។

លោក សំ សុគង់ តំណាងឲ្យមេធាវី៦រូបទៀត ប្រាប់វីអូឌីថា ​​ក្រុមមេធាវីបានឯកភាពគ្នា ដោយថា នឹងដាក់លិខិតស្នើទៅតុលាការក្នុងថ្ងៃនេះ ដើម្បីសុំប្ដូរទីតាំងឃុំខ្លួន លោក កឹម សុខា។ លោកបន្តថា ការ​សុំ​ប្ដូរ​ទីតាំង​ឃុំ​ខ្លួន​នេះ ដោយសារ ពន្ធនាគារត្រពាំងថ្លុង នៅឆ្ងាយ និង ពិបាក​​ក្នុងការធ្វើ​ដំណើរ​ ទៅ​ជួប​​កូន​ក្ដី ហើយលោកថា អ្វីដែលពិបាកខ្លាំងនោះ គឺរាល់ការជួបពិភាក្សាជាមួយកូនក្ដី មិនត្រូវបានរក្សារជាសម្ងាត់ឡើយ។

លោកថា «ខ្ញុំយល់ឃើញថា ប្រសិនជាតុលាការសម្រេចធ្វើនីតិវិធីនៅក្នុងពន្ធនាគារត្រពាំងថ្លុង ធ្វើឲ្យសិទ្ធិរបស់មេធាវីមួយចំនួនត្រូវបានកាត់បន្ថយ ដោយសារយើងឃើញថា យើងចូលទៅក្នុងទីនោះ [ពន្ធនាគារ]។ ខាងសមត្ថកិច្ច គាត់អ្នកយាមនៅទីនោះ ក៏ដូចជាអនុរក្សពន្ធនាគារ មានការរិតត្បឹត ឬក៏បានឆែកឆេរមេធាវី ហើយការជួបជាមួយកូនក្ដីហ្នឹងមិនសូវជាមានការសម្ងាត់ទេ ដោយសារមានឃើញនៅក្នុងបន្ទប់ហ្នឹងមានកាំម៉ារ៉ាមានប្រដាប់ថតសំឡេង វាធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិជនត្រូវចោទ ហើយសិទ្ធិនេះធានាដោយរដ្ឋធម្មនុញ្ញ ក៏ដូចជាកតិកាសញ្ញាស្ដីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ»។

លោកមានប្រសាសន៍បន្ថែមថា កូនក្ដីបានប្រាប់ក្រុមមេធាវីថា លោកមានការឈឺចាប់ខ្លាំង ចំពោះការចាប់ខ្លួននេះ ប៉ុន្តែលោក មិនតក់ស្លុតឡើយ ទោះបីជាយ៉ាងណា លោកនឹងតស៊ូបន្តទៀត។

កាលពីថ្ងៃទី៦ខែកញ្ញាឆ្នាំ២០១៧ តំណាងគណបក្សប្រឆាំងចំនួន៤រូប បានដាក់លិខិតមួយទៅ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំជួបសួរសុខទុក្ខ លោក កឹម សុខា ដែលកំពុងជាប់ឃុំនៅមណ្ឌលកែប្រែទី៣ត្រពាំងថ្លុង ក្នុងខេត្តត្បូងឃ្មុំ។ ប៉ុន្តែ សាលាដំបូងរាជធានីភ្នំពេញ បានបដិសេធ សំណើរសុំជួបនោះ ដោយសំអាងថា សុំណុំរឿងរបស់ លោក កឹម សុខា កំពុងស្ថិតក្នុងចំណាត់ការស៊ើបសួរ។

លោក កឹម សុខា ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្ន ទាំងមានអភ័យឯកសិទ្ធិសភា នៅពន្ធនាគារត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាម។ ក្រោយចាប់ខ្លួនមេបក្សប្រឆាំង រដ្ឋាភិបាលកម្ពុជា បានរងការថ្កោលទោសពីអន្ដរជាតិ ជាបន្តបន្ទាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ