ក្រសួងអប់រំដាក់បញ្ចូលភាសាអង់គ្លេសក្នុងកម្មវិធីថ្នាក់បឋមសិក្សា

ក្រសួងអប់រំ យុវជន និងកីឡាបានសម្រេចដាក់បញ្ជូលការបង្រៀនភាសាអង់គ្លេសក្នុងកម្មវិធីម៉ោងសិក្សាថ្នាក់បឋម​សិក្សា សម្រាប់ជាគ្រឹះក្នុងការបន្តទៅថ្នាក់មធ្យមសិក្សា។

ក្រសួងអប់រំបានចេញសេចក្ដីណែនាំមួយចុះថ្ងៃទី០៦ ខែ​តុលា ស្ដីពីការបង្រៀន និង​រៀនមុខវិជ្ជាភាសាអង់គ្លេសនៅ​សាលាបឋមសិក្សា ដែលក្រសួងបានដាក់បញ្ចូលមុខវិជ្ជាភាសាអង់គ្លេសក្នុងកម្មវិធីសិក្សាកម្រិតបឋមសិក្សាចំណេះ​ដឹងទូទៅពីថ្នាក់ទី៤ ដល់ទី ៦ ដើម្បីផ្ដល់ឱកាសឲ្យសិស្សបានសិក្សាជាមូលដ្ឋានដំបូងនៃភាសាអង់គ្លេសសម្រាប់បន្ត​ការសិក្សានៅកម្រិតមធ្យមសិក្សា។

ក្រសួងអប់រំបន្តថា សម្រាប់ការសិក្សាភាសាអង់គ្លេសនៅថ្នាក់បឋមសិក្សានេះ គ្រប់គ្រឹះស្ថានសិក្សាបឋមសិក្សា​ចំណេះទូទៅសាធារណៈទាំងអស់ ត្រូវប្រើប្រាស់សៀវភៅភាសាអង់គ្លេស English Grade 4, Grade 5  និង Grade 6 ជាសៀវភៅគោលតែមួយក្នុងការបង្រៀន និងរៀននៅតាមសាលាបឋមសិក្សាទូទាំងប្រទេស។​

ជាមួយគ្នានោះដែរ ក្រសួងអប់រំបានដាក់បញ្ជូលម៉ោង​សិក្សាទៅក្នុងកាលវិភាគចំនួន២ម៉ោង ក្នុងមួយសប្ដាហ៍​ដែល​មួយ​ម៉ោងរៀនត្រឹម៤០នាទី ហើយប្រធានកម្រងត្រូវសហការជាមួយនាយកសាលារៀន ដើម្បីកំណត់ម៉ោងក្នុងកាល​វិភាគឲ្យច្បាស់លាស់ឲ្យគ្រប់សាលាបឋមសិក្សា។

ក្រសួងអប់រំបន្ថែមថា ការរើសគ្រូបង្រៀនគឺជាការចាត់តាំងរបស់នាយកសាលាដោយផ្ដោតលើចំណេះដឹងផ្នែកភាសាអង់គ្លេស ឬធ្លាប់បានចូលរួមក្នុងវគ្គតម្រង់ទិសការប្រើប្រាស់កម្មវិធីសិក្សា និងសៀវភៅគោល និងវិធីសាស្រ្តបង្រៀន​ភាសាថ្នាក់សិក្សាទាំង៣កម្រិត (ទី៤ដល់ទី៦) ហើយម៉ោងដែលគ្រូបង្រៀននោះនៅសេសសល់ត្រូវជួយការងារ​រដ្ឋបាលឬបណ្ណាល័យសាលារៀន។

ក្រសួងអប់រំក៏អនុញ្ញាតឲ្យគណៈគ្រប់គ្រងនៃសាលាណាដែលពុំទាន់បានទទួលការបណ្ដុះបណ្ដាល​ពីកម្មវិធីសិក្សា និងសៀវភៅគោល និងវិធីសាស្រ្តបង្រៀនភាសាអង់គ្លេសថ្នាក់ទី៤​ដល់ទី៦នេះ ត្រូវជ្រើសរើសគ្រូបង្រៀន​ដែល​ចេះ​ភាសា​អង់គ្លេស​ ដើម្បីបណ្ដុះបណ្ដាល​ជំនាញឬបំប៉នសមត្ថភាពផ្នែកកម្មវិធី និងសៀវភៅ​សិក្សាគោល និងវិធីសាស្រ្ត​បង្រៀន​ភាសាអង់គ្លេស សម្រាប់បង្រៀននាពេលខាង​មុខ។

ចំពោះការកំណត់ពិន្ទុត្រូវធ្វើឡើងតាមការវាយតម្លៃទៅលើសមាសភាគទាំង៤នៃភាសាអង់គ្លេសគឺ ការស្ដាប់ ការអាន ការនិយាយ និង​ការសរសេរ ដែលពិន្ទុសរុបស្មើនឹង១០ពិន្ទុដូចមុខវិជ្ជាផ្សេងទៀតដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ