សហគមន៍អន្តរជាតិសន្យាផ្តល់ជំនួយដើម្បីជំរុញឲ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត​

ដោយ VOD Admin​​ | ថ្ងៃអាទិត្យ ទី៨ ខែតុលា ឆ្នាំ២០១៧​ ម៉ោង 2:36 PM | បោះឆ្នោត | 0 | 1916 សកម្មភាពចុះឈ្មោះបោះឆ្នោត (ហួត វុទ្ធី)

ស្ថានទូតនិងអង្គការអន្តរជាតិ​ប្រចាំនៅកម្ពុជាអះអាងថា នឹងបន្តជួយគាំទ្រជាថវិកានិងបច្ចេកទេសដល់ គ.ជ.ប លើដំណើរការបោះឆ្នោតរហូតបញ្ចប់នៅឆ្នាំ២០១៨ខាងមុខ ខណៈអ្នកចុះឈ្មោះបោះឆ្នោតមានចំនួនតិចជាងការរំពឹងទុក។

ក្នុងសេចក្តីប្រកាសព័ត៌មាន​របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចុះកាលពីថ្ងៃទី០៦ខែតុលា បានឲ្យដឹងថា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបលោក ចច អេដហ្គឺ និងឯកអគ្គរាជទូតជប៉ុនលោក ហៃដឺហ៊ីសា ហូរីនូឈី និងប្រជាធានអង្គការ USAID ប្រចាំនៅកម្ពុជា លោក ឈូ ម៉ាឈ័រ ​បានសន្យាថា នឹងបន្តជួយជាថវិកា និងបច្ចេកទេស ដល់ គ.ជ.ប បន្ថែមទៀតលើដំណើរការបោះឆ្នោតរហូតដល់បញ្ចប់នៅឆ្នាំ២០១៨ខាងមុខនេះ។

ការសន្យាផ្តល់ជំនួយនេះ ធ្វើឡើងបន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាមួយរវាងទូតអន្តរជាតិនិងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ស៊ិក​ ប៊ុនហុក កាលពីរសៀលថ្ងៃទី៥ ខែតុលា​ នៅទីស្តីការ គ.ជ.ប។

ទូតអន្តរជាតិ បានសួរ គ.ជ.ប ថា​ «ហេតុអ្វីបានជាមានអ្នកចុះឈ្មោះបោះឆ្នោតមានចំនួនតិច? តើ គ.ជ.ប គួរមានវិធានការបែបណា ដើម្បីឲ្យអ្នកមកចុះឈ្មោះបោះឆ្នោតកាន់តែច្រើន?»។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា គ.ជ.ប នឹងជំរុញការអប់រំផ្សព្វផ្សាយបន្ថែម​ តាមរយៈមេក្រូចល័តក្នុងឃុំ-សង្កាត់ ដើម្បីទាក់ទាញទឹកចិត្តប្រជាពលរដ្ឋឲ្យមកចុះឈ្មោះបោះឆ្នោតកាន់តែច្រើនឡើង និងស្នើទៅភាគីអន្តរជាតិផ្តល់ជំនួយជាថវិកាដើម្បីធ្វើសកម្មភាពទាំងនេះ។

គិតត្រឹម​​ថ្ងៃទី០២ តុលា ឆ្នាំ​២០១៧ គ.ជ​.ប បាន​ឲ្យ​ដឹង​ថា​ចំនួន​ពល​រដ្ឋ​ដែល​មក​ចុះ​ឈ្មោះ​ថ្មី​ មាន​ត្រឹម​តែជាង​២៨​ម៉ឺន​នាក់​ប៉ុណ្ណោះ ខណៈដែលជាង​១លាន៣សែន​នាក់​ទៀត មិន​ទាន់​មក​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ថ្មីនៅ​ឡើយ​។ ការចុះឈ្មោះបោះឆ្នោត​នៅឆ្នាំ២០១៧នេះ ចាប់ពីថ្ងៃទៅ១កញ្ញា ដល់ថ្ងៃទី៩ខែវិច្ឆិកា គឺមានរយៈពេល​៧០ថ្ងៃ៕

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ពលរដ្ឋប្រមាណជាង១លាននាក់ ​ដែលកំពុងនៅក្រៅប្រទេស ប្រហែលជាមិនត្រឡប់មកចុះឈ្មោះបោះឆ្នោតវិញទេ។

ម៉ាប់ ស៊ុយ Mabsuy168@gmail.com

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required