លោក សម រង្ស៊ី៖ អ្នកណាចង់រំលាយគណបក្សសង្គ្រោះជាតិ នឹងរលាយខ្លួនឯង

លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

អតីតប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី បានថ្លែងដាក់បន្ទុករដ្ឋាភិបាល​ដែលកំពុងដឹកនាំដោយលោក ហ៊ុន សែន ដោយថា «អ្នកណាចង់​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកនោះនឹងរលាយដោយខ្លួនឯង»

លោក សម រង្ស៊ីបានថ្លែងបែបនេះទៅកាន់ពលរដ្ឋខ្មែរដែលជួបជុំគ្នាក្នុងវត្តរស្មីខេមរារាម ទីក្រុង Mantova ប្រទេស Italy នាថ្ងៃទី៧ ខែតុលា បន្ទាប់ពីក្រសួងមហាផ្ទៃបានដាក់ពាក្យបណ្ដឹងប្ដឹងទៅកាន់តុលាការកំពូលសុំឲ្យរំលាយ​គណ​បក្សសង្គ្រោះជាតិ តាមបណ្ដឹងរបស់គណបក្សចំនួន២ ដែលគ្មានអាសនៈក្នុងរដ្ឋសភា គឺគណបក្ស ហ្វ៊ុន ស៊ិនប៉ិច របស់សម្ដេចក្រុមព្រះ និងគណបក្សទើបបង្កើតថ្មីមួយឈ្មោះ គណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់។

លោក សម រង្ស៊ី បានលើកឡើងយ៉ាងខ្លីថា៖ «អ្នកណាចង់រំលាយគណបក្សសង្គ្រោះជាតិ អ្នកនោះនឹងរលាយខ្លួនឯង»។

អតីតប្រធានគណបក្សសង្គ្រោះជាតិរូបនោះបន្តថារដ្ឋាភិបាលប្រកាសថារៀបចំការបោះឆ្នោត តែរំលាយគណបក្ស​សង្គ្រោះ​ជាតិ នោះលទ្ធផលនៃការឈ្នះឆ្នោតនឹងគ្មានន័យដោយសារមិនមានការទទួលស្គាល់ពីសហគមន៍​អន្តរជាតិ​។

កាលពីថ្ងៃទី ៦ ខែតុលាក្រសួងមហាផ្ទៃសម្រេចដាក់ពាក្យបណ្តឹងទៅតុលាការកំពូល ដើម្បី​សុំរំលាយ​គណបក្ស​​សង្គ្រោះ​ជាតិ យោងទៅលើភស្ដុតាងវីឌីអូឃ្លីបចំនួន៣ និងភស្ដុតាងមួយចំនួនទៀត ដែលក្រសួងចោទថា ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា បានឃុបឃិតជាមួយបរទេស និងជំរុញឲ្យមានចលនាបដិវត្តន៍​ពណ៌​ប្រ​​ឆាំង​រដ្ឋាភិបាល ដោយថា បានជ្រកក្រោមពាក្យស្លោកនយោបាយ «ការផ្លាស់ប្ដូរជាវិជ្ជមាន» ដើម្បីបំផុសបំផុល ឲ្យ​ប្រជាពលរដ្ឋស្អប់រដ្ឋាភិបាលបច្ចុប្បន្ន។

ជាមួយគ្នានោះដែរអង្គការអន្តរជាតិចំនួនពីរ គឺអង្គការ Global Witness និងអង្គការ Human Rights Watch បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍ភ្លាមៗ ថ្កោលទោសរដ្ឋាភិបាល ដែលដឹកនាំដោយលោក ហ៊ុន សែន ដោយថាការប៉ុន​ប៉ង​​រំលាយគណបក្សសង្រ្គោះជាតិ ជាការសម្លាប់ប្រជាធិបតេយ្យ និងផ្លាស់ប្ដូរកម្ពុជា ទៅកាន់របបផ្ដាច់ការ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ